ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣០ មករា​ យប់

ផ្សែង​ហុយចេញ​ពី​ជាយក្រុង​ដាម៉ាស។ កងទ័ព​ស៊ីរី​ប្រហែល​២​ពាន់​នាក់​​ដែល​មាន​ការគាំទ្រ​ពី​រថក្រោះ​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ដើម្បី​កាន់​កាប់​ជាយទី​ក្រុង​ដាម៉ាស​ឡើង​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​ មួយ​ថ្ងៃ​បន្ទាប់​ពី​សម្ព័ន្ធ​អារ៉ាប់​ បញ្ចប់​បេសកម្ម​ឃ្លាំ​មើល​ក្នុង​ប

ស៊ីរី៖ រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​ដែល​ជួប​បញ្ហា​ចាក់​ច្រែះ​នោះ បាន​ការពារ​រដ្ឋធានី​របស់​ខ្លួន​ពី​ពួក​យុទ្ធជន​ឧទ្ទាម​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ការ​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​នៅ​ពាសពេញ​ទីក្រុង​នេះ​ហើយ​មាន​ពួក​ទាហាន​ប្រមាណ​២០០០​នាក់​គាំទ្រ​ដោយ​កង​រថក្រោះ​និង​រថពាស​ដែក​បាន​ធ្វើ​ការ​វាយ​លុក​មួយ​ដើម្បី​វាយ​យក​តំបន់​ជាយ​ក្រុង​មក​វិញ។

អឺរ៉ុប៖ ពួក​មេដឹកនាំ​អឺរ៉ុប​បាន​កំណត់​នឹង​ពិភាក្សា​គ្នា​អំពី​បទ​បញ្ញត្តិ​ថ្មី​ៗ​សម្រាប់​ត្រួត​ពិនិត្យ​ឱនភាព​និង​មូលនិធិ​សង្គ្រោះ​មួយ​ដែល​បាន​ស្នើ​ឡើង នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​រិះរក​ដំណោះស្រាយ​មួយ​សម្រាប់​វិបត្តិ​ប្រាក់​បំណុល​ក្នុង​ទ្វីប​នេះ។

ចិន៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​នៃ​ប្រទេស​ចិន​បាន​ឱ្យ​ដឹង​ថា​កម្មករ​ចិន​២៩​នាក់​ដែល​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ពួកឧទ្ទាម​កាល​ពី​ថ្ងៃ​សៅរ៍​នា​ភាគ​ខាងត្បូង​នៃ​ប្រទេស​ស៊ូដង់​នៅ​តែ​ឋិត​ក្នុង​ការ​ឃុំឃាំង​នៅ​ទ្បើយ ស្របពេល​ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ស៊ូដង់​បាន​និយាយ​ថា​ពួក​យោធា​បាន​រំដោះ​កម្មករ​បាន​១៤​នាក់​ហើយ។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​តាលីបង់​បាន​និយាយ​ថា​អ្នក​ចរចា​របស់​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​នឹង​ជួប​ប្រជុំ​ជាមួយ​ពួក​មន្ត្រី​ស.រ.អា.​នៅ​ក្នុង​ប្រទេស​កាតា ដើម្បី​ឱ្យ​មាន​កិច្ចពិភាក្សា​ជា​លំដាប់​មួយ ក្នុង​គោល​បំណង​កសាង​ទំនុកចិត្ត​រវាង​ភាគី​ទាំង​ពីរ​មុន​កិច្ច​ចរចា​សន្តិភាព​នៅ​ពេល​ខាង​មុខ​នេះ។

បាគីស្ថាន៖ ប្រទេស​បាគីស្ថាន​បាន​ដក​បម្រាម​ធ្វើ​ដំណើរ​លើ​អតីត​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ស.រ.អា.​ហើយ ដែល​បាន​ឋិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​រឿង​ទាក់ទិន​របស់​លោក​ជាមួយ​នឹង​អនុស្សារណៈ​ដ៏​ចម្រូង​ចម្រាស​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ដើម្បី​សុំ​ជំនួយ​ពី​អាមេរិក​ក្នុង​ការ​រារាំង​កុំ​ឱ្យ​មាន​រដ្ឋប្រហារ​យោធា​ដូច​ដែល​បាន​អះអាង​មួយ។