ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣០ មករា​ ព្រឹក

ប្រធានាធិបតី​បារាំង លោក នីកូឡា សាកកូហ្ស៊ី ថ្លែង​សន្ទរកថា​មួយបន្ទាប់ពី​ជំនួប​កំពូល​មួយជាមួយ​នឹងអ្នកតំណាងសហជីព​នៅឯវិមានអេលីហ្សេ ក្នុង​ក្រុងប៉ារីស ថ្ងៃទី១៨ មករា ២០១២។

បារាំង៖ ប្រធានាធិបតី​ នីកូឡា សាកកូហ្សី (Nicolas Sarkozy) អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ពន្ធដារ​លើ​ទំនិញ​និង​សេវាកម្ម​ និង​ធ្វើការ​កាត់​បន្ថយ​ពន្ធដារ​លើ​ប្រាក់​បៀវត្សរ៍​របស់​ពួក​នយោជក។​

ភូមា៖ លោក​ស្រី​អង សានស៊ូជី មេដឹកនាំលទ្ធិ​ប្រជាធិបតេយ្យ​ភូមា​បាន​ឃោសនា​បោះឆ្នោត​នៅ​ខាង​ក្រៅ​រដ្ឋធានីរ៉ង់គូន ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អាទិត្យ ​នៅ​មុន​ការ​បោះឆ្នោត​ខែ​មេសា​ដែល​គេ​យល់​ឃើញ​ថា​ជា​ការសាកល្បង​សំខាន់​មួយ​អំពី​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមយោធា​ក្នុង​កំនែទម្រង់។

ស៊ីរី៖ មាន​អំពើ​ហិង្សា​មួយ​កើត​ឡើង​រវាង​ពួក​ទាហាន​រដ្ឋាភិបាល​និង​ពួក​សកម្មជន​ប្រឆាំង​ស៊ីរី​លើ​តំបន់​ជាយ​ក្រុង​មួយ​ចំនួន​នៃ​ក្រុង​ដាម៉ាស់ ​ដើម្បី​បណ្តេញ​ពួក​ឧទ្ទា​ម​ដែល​បាន​ខិតខំ​ព្យាយាម​បង្កើត​ទី​តាំង​មាំទាំ​មួយ​នៅ​ជិត​មជ្ឈមណ្ឌល​នៃ​អំណាច​របស់​ប្រធានាធិបតី​ បាសារ អាល​អាសាទ (Bashar al-Assad)។

ស៊ូដង់​ខាង​ត្បូង៖ បាន​បិទ​ការ​ផលិត​ប្រេង​ទាំង​អស់​នៅ​ពេល​ដែល​ជម្លោះ​របស់​ខ្លួន​ជាមួយស៊ូដង់​គ្មាន​បង្ហាញ​សញ្ញា​នៃ​ការ​ដោះស្រាយ​លើ​បញ្ហា ឬកិច្ច​ព្រម​ព្រៀង​ក្នុង​ការ​បែង​ចែក​ផលប្រយោជន៍​ដែល​បាន​ពី​ផលិតកម្ម​ប្រេង នៅ​ពេល​ដែល​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ត្រួតត្រា​ជាង​៧០​ភាគរយ​នៃ​ផលិតកម្ម​ប្រេង​របស់​ប្រទេស​ទាំង​ពីរ តែ​ត្រូវ​ការ​បំពង់ប្រេង​ដែល​ឆ្លង​កាត់​ប្រទេស​ស៊ូដង់​ដើម្បី​បញ្ជូន​ប្រេង​ទៅ​កាន់​កំពង់​ផែ។

អ៊ីរ៉ុង៖ ពួក​អធិការ​បរមាណូ​អង្គការសហប្រជាជាតិ​បាន​ចាប់ផ្តើម​បេសកកម្ម​មួយ​នៅ​អ៊ីរ៉ង់​ដើម្បី​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ប្រកាន់​ស្តី​ពី​ទំហំ​សម្ងាត់​ខាង​យោធានៃ​កម្មវិធី​បរមាណូ​អ៊ីរ៉ង់។

សហរដ្ឋអាមេរិក៖ ពួក​អ្នក​ធ្វើការ​ចរចា​តាលីបាន់​ចំនួន​៥​រូប​បា​ជួប​ជា​មួយ​ពួក​មន្ត្រី​ អាមេរិក​នៅកាតា ​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​មួ​យ​ចំនួន​ដែល​មាន​គោលដៅ​កសាង​ការ​ទុក​ចិត្ត​គ្នា​និង​ប្រុង​ប្រៀប​រៀប​ចំ​ភាគី​ទាំង​ពីរ​សម្រាប់​កិច្ច​ចរចា​សន្តិភាព​ក្នុង​ពេល​ខាង​មុខ។