ស.រ.អ.៖ បេក្ខជននាំមុខគេ២នាក់ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានធ្វើការវាយប្រហារគ្នាតាមពាក្យសំដីទៅវិញទៅមកយ៉ាងខ្លាំងក្លាក្នុងការជជែកដេញដោលគ្នាផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសនៅរដ្ឋ ផ្លរ៉ាយដា (Florida) នាប៉ែកអាគ្នេយ៍ប្រទេសកាលពីថ្ងៃចន្ទ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតបឋមដ៏សំខាន់នៅក្នុងរដ្ឋនេះ។
ស.រ.អ.៖ លោក ម៊ីត រ៉ូមនី (Mitt Romney) បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានចេញផ្សាយឯកសារពន្ធដារសហព័ន្ធរបស់លោក ដែលបង្ហាញថាលោកមានប្រាក់ចំណូលជាង៤២លានដុល្លារក្នុងរយៈពេល២ឆ្នាំមុននេះ ហើយលោកបានបង់ពន្ធប្រមាណ៦លាន២សែនដុល្លារ។
អារ៉ាប់៖ ពួកសមាជិកនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការក្នុងតំបន់ឈូងសមុទ្រភឺស (Perse) និយាយថាពួកគេដកពួកអ្នកសង្កេតការរបស់ពួកគេចេញពីប្រទេសស៊ីរី នៅក្រោយសេចក្តីសម្រេចចិត្តរបស់ប្រទេស អារ៉ាប៊ីសាអូឌីត (Arabie Saoudite) ដែលថាដកខ្លួនថយចេញពីបេសកកម្មសង្កេតការរបស់សម្ព័ន្ធអារ៉ាប់។
អ៊ីរ៉ាក់៖ គ្រាប់បែកដាក់ក្នុងទ្បាន៤គ្រឿងបានផ្ទុះនៅក្នុងតំបន់ដែលមានអ្នកស្រុកស៊ីអ៊ីត (Shi'ites) ភាគច្រើន នៃរដ្ឋធានីប្រទេសអ៊ីរ៉ាក់។ការផ្ទុះនេះបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៣នាក់ស្លាប់ ហើយធ្វើឲមនុស្សជាង៧០នាក់ទៀតត្រូវរបួស។