ឥណ្ឌា៖ នឹងបើកឲ្យអ្នកវិនិយោគទុនជាបុគ្គលបរទេសធ្វើការជួញដូរក្នុងផ្សារភាគហ៊ុនជាលើកដំបូង នៅក្នុងការចាត់វិធានការមួយដើម្បីទាក់ទាញប្រាក់បរទេសថែមទៀត។ រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងអនុញ្ញាតឱ្យពួកអ្នកបណ្តាក់ទុនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់វិនិយោគដោយផ្ទាល់ក្នុងផ្សារលក់ដូរហ៊ុនដើម្បី «ពង្រីកក្រុមអ្នកបណ្តាក់ទុន ទាក់ទាញមូលនិធិបរទេសថែមទៀតនិងកាត់បន្ថយភាពប្រែប្រួលនៃផ្សារលក់ដូរហ៊ុន។» បទបញ្ញត្តិថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ១៥ខែមករា។
សកលលោក៖ មានការអុជកាំជ្រួចភ្លឺចិញ្ចាចចាប់តាំងពីក្រុងស៊ីដនីដល់ញូវយ៉ក និងរដ្ឋធានីនៅទូទាំងពិភពលោក នៅខណៈដែលមនុស្សរាប់សិបលាននាក់បានស្វាគមន៍ការឈានចូលឆ្នាំ២០១២ ជាមួយការប្រារព្ធដ៏អធឹកអធម ការសូត្រធម៌បួងសួងនិងសេចក្តីសង្ឃឹមសម្រាប់អនាគតល្អប្រសើរជាងមុន។
សហរដ្ឋអាមេរិក៖ នៅពេលដែលឆ្នាំថ្មីបានឈានចូលដល់ក្នុងរដ្ឋអាយអូវ៉ា ដែលមានធាតុអាកាសត្រជាក់ ពួកបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមានសកម្មភាពមមាញឹកដោយពួកគេជាប់រវល់ក្នុងការទាក់ទាញទឹកចិត្តក្រុមអ្នកបោះឆ្នោតក្នុង២ថ្ងៃមុនការធ្វើសាកល្បងដ៏ធំលើកទីមួយនៅក្នុងដំណើរការតែងតាំងបេក្ខជនរបស់គណបក្ស។
អ៊ីរ៉ង់៖ បាននិយាយថាខ្លួនបានធ្វើការពិសោធន៍ដោយជោគជ័យនិងបានផលិតបំពង់ឥន្ធនៈបរមាណូសម្រាប់ប្រើប្រាស់ក្នុងរោងចក្របរមាណូ។ អ៊ីរ៉ង់ក៏បាននិយាយដែរថាខ្លួនបានសាកល្បងបាញ់កាំជ្រួចមីស៊ីលតម្រង់ទៅលើអាកាសមានរយៈចម្ងាយមធ្យមមួយនៅជិតច្រកសមុទ្រយុទ្ធសាស្ត្រហរមុស។
បារ៉ែន៖ សាក្សីឃើញហេតុការណ៍ដោយផ្ទាល់និយាយថាប៉ូលីសទប់ទល់នឹងកុបករនៅក្នុងប្រទេសបារ៉ែនដែលគ្រប់គ្រងដោយនិកាយស៊ូនី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបោះគ្រាប់បែកបញ្ឈប់សកម្មភាព នៅក្នុងការប៉ះទង្គិចកាលពី ថ្ងៃអាទិត្យជាមួយក្រុមអ្នកគាំទ្រការប្រឆាំងនិកាយស្ហ៊ីអ៊ីត នៅក្រោយពិធីបុណ្យសពបាតុករម្នាក់អាយុ១៥ឆ្នាំដែលបានត្រូវសម្លាប់មួយថ្ងៃមុននោះ។
រុស្ស៊ី៖ ក្រុមសកម្មជនប្រឆាំងដែលស្រែកបន្ទរពាក្យស្លោកថា «ប្រទេសរុស្ស៊ីនឹងមានសេរីភាព» បានធ្វើបាតុកម្មនៅក្នុងទីលានជ័យជំនះក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាទាមទារសិទ្ធិរបស់ពួកគេក្នុងការប្រមូលផ្តុំគ្នាដែលត្រូវបានធានាដោយមាត្រា៣១នៃរដ្ឋធម្មនុញ្ញរុស្ស៊ី។
នីហ្សេរីយ៉ា៖ កងរថក្រោះនិងក្រុមទាហានយាមល្បាតនៅក្នុងផ្នែកនានានៃភាគខាងជើងរបស់នីហ្សេរីយ៉ា ក្រោយពីប្រធានាធិបតីនៃប្រទេសនេះបានប្រកាសស្ថានភាពគ្រាមានអាសន្ននៅក្នុងតំបន់ទាំងទ្បាយដែលមានការវាយប្រហារកាលពីពេលថ្មីៗនេះដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយម។