ស៊ីរី៖ ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ (Bashar al-Assad) និយាយថាគ្មានការបញ្ជាណាមួយឱ្យកងកម្លាំងសន្តិសុខរដ្ឋាភិបាលបាញ់ទៅលើពួកជនស៊ីវិលទេហើយលោកបានបន្ទោសលើ"អំពើឃុបឃិតក្បត់ជាមួយបរទេស"មួយសម្រាប់ការបះបោរប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសលោកអស់រយៈពេល១០ខែកន្លងមកនេះ។
ចិន៖ អ្នកការទូតចិនជាន់ខ្ពស់ម្នាក់បាននិយាយថាប្រទេសលោកនឹងមិនភ្ជាប់កម្មវិធីបរមាណូរបស់ប្រទេសអ៊ីរ៉ង់ជាមួយពាណិជ្ជកម្មទេ។ អត្ថាធិប្បាយដោយលោក ឃុយ តៀនកៃ (Cui Tiankai) អនុរដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានធ្វើទ្បើងមុនមួយថ្ងៃនៃការធ្វើដំណើរទស្សនកិច្ចមួយទៅរដ្ឋធានីប៉េកាំងដោយលោក ទីមូធី ហ្គេតនឺ (Timothy Geithner) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អា. ដែលការណ៏នេះគេរំពឹងថាលោកនឹងស្វះស្វែងរកការគាំទ្រដល់ការដាក់ទ័ណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Teheran)។
អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទនេះ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថាខ្លួនបានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រទីពីររបស់ខ្លួនជាកណ្លែងដែលរូបធាតុនេះអាចត្រូវបានបង្កើនគុណភាពយ៉ាងឆាប់រហ័សសម្រាប់សក្តានុពលប្រើប្រាស់នៅក្នុងគ្រាប់បែកបរមាណូមួយ។
ស.រ.អា៖ ពួកអ្នកបោះឆ្នោតក្នុងរដ្ឋ ញូវ ហេមស្សៀរ (New Hampshire) នាប៉ែកឦសានស.រ.អា.បានបោះឆ្នោតនៅថ្ងៃអង្គារនេះនៅក្នុងការបោះឆ្នោតបឋមនៃការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០១២នេះ។