យោងទៅតាមទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វបេ នៅក្នុងសប្ដាហ៍នេះរដ្ឋាភិបាលកម្ពុជានឹងដាក់រាយកងកម្លាំងប៉ូលីសរាប់ពាន់នាក់នៅពេលមានការប្រមូលផ្ដុំ (rally) ដ៏ធំ ដើម្បីការពារអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាបុគ្គលម្នាក់ដែលបានរស់នៅនិរទេសខ្លួនដើម្បីជៀសវាងមិនជាប់គុកពីបទប្រព្រឹត្ដអំពើពុករលួយ ត្រូវកំណត់នឹងឡើងថ្លែងសន្ទរកថា ទៅកាន់ក្រុមអាវក្រហមរាប់ពាន់នាក់ នៅថ្ងៃសៅរ៍នៅខេត្ដសៀមរាប។
រដ្ឋាភិបាលទីក្រុងភ្នំពេញនិយាយថា ខ្លួននឹងចេញថវិកាចំណាយមកលើការការពារសន្ដិសុខដល់អតីតមេដឹកនាំថៃរូបនេះ ដែលមានការពាក់ព័ន្ធជិតស្និតជាមួយនាយករដ្ឋមន្ដ្រីខ្មែរ លោក ហ៊ុន សែន។
លោក គាត ចន្ថារិទ្ធ អ្នកនាំពាក្យនៃកងកម្លាំងប៉ូលីសថ្លែងថា៖ «យើងមានកាតព្វកិច្ច នឹងផ្ដល់កិច្ចការពារសន្ដិសុខដល់ប្រជាពលរដ្ឋថៃ និង លោកថាក់ស៊ីន»។
លោកថ្លែងទៀតថា មិនឃើញមានការគំរាមជាក់លាក់ណាមួយទេ តែលោកកត់សំគាល់ថា ក្រុមអាវក្រហមធ្លាប់មានការតទល់គ្នាជាមួយក្រុមប្រឆាំងនយោបាយ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
អាស៊ាន-កូរ៉េខាងជើង៖ សមាគមអាស៊ាននាថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវដល់ប្រទេសកូរ៉េខាងជើងឲ្យចាប់អារម្មណ៍មកលើការព្រួយបារម្ភរបស់បណ្តាប្រទេសក្នុងតំបន់ដែលនឹងបានត្រូវប៉ះពាល់ពីការបាញ់បង្ហោះ រុក្កែតនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ថ្ងៃព្រហស្បតិ៍បានកត់សម្គាល់ថ្ងៃចាប់ផ្ដើមនៃគម្រោងការបាញ់បង្ហោះ៥ថ្ងៃដែលកូរ៉េខាងជើងនឹងបាញ់បង្ហោះតារាសិប្បនិមិ្មតចូលទៅក្នុងគន្លងតារាវិថី។
អគ្គលេខាធិការរបស់សមាគមអាស៊ាន លោក សុរិន ពិតសុវណ្ណ បានថ្លែងថា «តាងនាមជាសមាជិករបស់វេទិកាតំបន់អាស៊ាន (ARF) កូរ៉េខាងជើងត្រូវតែយកចិត្ដទុកដាក់មកលើការព្រួយបារម្ភរបស់ប្រទេសជាសមាជិកដទៃទៀតដែលនឹងបានទទួលអស្ថិរភាពដោយសារវិធានការដូច្នោះ»។
ហ្វីលីពីន/ចិន៖ ប្រទេសហ្វីលីពីនបានដកចេញកងនាវាចម្បាំងដ៏ធំចេញពីទីកន្លែងប្រឈមមុខដាក់គ្នា ជាមួយនាវាចិន កាលពីថ្ងៃព្រហស្បតិ៍នេះ តែនិយាយថាជម្លោះនោះនៅមិនទាន់ចប់នៅឡើយទេដោយប្រទេសទាំងពីរបានបញ្ជូននាវាមិនមែនយោធាទៅកាន់តំបន់។
ថៃ៖ ជនប្រដាប់អាវុធបានបាញ់សម្លាប់ជនអ៊ីស្លាម៣នាក់ នៅពេលដែលគេចាកចេញពីវិហារឥស្លាម ក្រោយពីការសូត្រធម៌ពេលល្ងាចនៅភាគខាងត្បូងប្រទេសថៃដែលកំពុងជ្រួលច្របល់បះបោរ។
អាហ្វហ្គានីស្ថាន៖ ប្រទេសអាហ្វហ្គានីស្ថានអាចនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ ដើម្បីធានាថា ជនជាតិអាហ្វហ្គានីស្ថាននឹងទៅបោះឆ្នោតនៅពេលជាមួយគ្នានឹងការដកកងទ័ពបរទេសចេញពីប្រទេសនេះ។
ម៉ាលី៖ ប្រធានរដ្ឋសភារបស់ប្រទេសម៉ាលី លោក ឌីអូខូនដា ដ្រាអរ (Diocounda Traore) បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី ក្រោយពីបានស្បថឡើងកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍នេះ។
ស៊ីរី៖ មេដឹកនាំក្រុមជំទាស់នៅក្នុងប្រទេសស៊ីរី បានអំពាវនាវឲ្យមានការបង្ហាញភស្ដុតាងដើម្បីសាកល្បងមើលចិត្ដស្មោះត្រង់របស់រដ្ឋាភិបាលស៊ីរីដែលត្រូវអនុវត្ដតាមបទឈប់បាញ់គ្នារបស់អ.ស.ប។
កូរ៉េខាងត្បូង/ជប៉ុន៖ កងកម្លាំងយោធានៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុនកំពុងបញ្ឈរជើងការ នៅថ្ងៃព្រហស្បតិ៍នេះជាថ្ងៃទីមួយនៃផែនការរបស់កូរ៉េខាងជើងនឹងបាញ់បង្ហោះកាំជ្រួចរុក្កែតដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង និយាយថានឹងយកផ្កាយរណបអាកាសធាតុចូលទៅក្នុងអវកាស។
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានឈានជិតមកដល់ការបញ្ចប់ការផ្ទេរអំណាចថ្នាក់ដឹកនាំរបស់ខ្លួនហើយដោយប្រគល់ឲ្យលោក គីម ចុង អ៊ុន (Kim Jong Un) នូវឋានន្ដរសក្ដិថ្មីជាច្រើននិងពង្រឹងគោលជំហរជាអ្នកទទួលកេរ្ដ៍តំណែលនយោបាយក្នុងសន្ដតិវង្សដែលបង្កើតឡើងដោយជីតានិងឪពុករបស់លោក។
អង់គ្លេស/ភូមា៖ នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេសលោក ដេវីដ កាមេរុន (David Cameron) ថ្លែងថាប្រទេសរបស់លោកនឹងបន្ធូរការដាក់ទណ្ឌកម្មមកលើប្រទេសភូមាក្នុងពេលឆាប់ៗនេះ ស្របពេលដែលលោកកំពុងរៀបចំធ្វើទស្សនកិច្ចជាប្រវត្ដិសាស្រ្ដទៅកាន់ប្រទេសភូមា។