ការ​ដក​តំណែង​លោក ប៉ូ ស៊ីឡៃ​ ក្លាយ​ជា​រឿង​ធំ​បំផុត​ក្នុង​ប្រព័ន្ធ​ផ្សាយ​របស់​ចិន

លោក Bo Xilai (ស្តាំ) និង​ភរិយា Gu Kailai នៅ​ក្នុង​ពិធី​កាន់​ទុក្ខ​ឪពុក​របស់​លោក គឺ​លោក Bo Yibo នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០០៧។ (រូបថត​ឯកសារ)

បណ្ដាញ​ព័ត៌មាន​ចិន​កាល​ពី​ថ្ងៃ​ពុធ​នេះ ​បាន​សរសេរ​សរសើរ​សេចក្ដី​សម្រេច​ចិត្ដ​របស់​គណបក្ស​កុំម្មុយនីស្ដ​ចិន​ ដែល​ដក​តំណែង​សមាជិក​ជាន់​ខ្ពស់​ម្នាក់​របស់​ខ្លួន​គឺ លោក​ ប៉ូ ស៊ីឡៃ​ (Bo Xilai) ចេញ​ពី​ថ្នាក់​ដឹកនាំ​កំពូល​ដោយសារ​តែ​មាន​រឿង​អាស្រូវ​នយោបាយ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន​ស៊ីនហួរ​សរសេរ​នៅ​យប់​ថ្ងៃ​អង្គារ​ថា ​លោក ​បូ ​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​នៃ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍ ​Politburo​ ដែល​មាន​សមាជិក​២៥​នាក់​និង​គណៈកម្មាធិការកណ្ដាល​ដែល​មាន​សមាជិក​៣០០​នាក់​ ដោយសារ​តែ​មាន​បទ​រំលោធ​ធ្ងន់ធ្ងរ​ មក​លើ​វិន័យ​របស់​គណបក្ស​ ដែល​នៅ​ក្នុង​ប្រទេស​ចិន​ វា​មាន​ន័យថា​ ប្រព្រឹត្ដ​អំពើ​ពុករលួយ។​

លោក Victor Shih សាស្រ្ដាចារ្យ​រង​បង្រៀន​វិទ្យាសាស្រ្ដ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Northwestern ស.រ.អ.​ថ្លែង​ថា​ រឿង​អាស្រូវ​ដ៏​កម្រ​នោះ​បាន​លាត​ត្រដាង​បង្ហាញ​ការ​ដើម្បី​អំណាច​ផ្ទៃក្នុង​នៅ​ក្នុង​គណបក្ស​កុម្មុយនិស្ដ​ចិន​នៅ​ពេល​មុន​ការ​ផ្ទេរ​អំណាច។

លោក​និយាយ​ថា៖ «នេះ​បង្ហាញ​ថា​ មាន​ការ​តស៊ូ​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​នយោបាយ​ចិន​ហើយ​រូបភាព​សាមគ្គី​គ្នា ​បង្ហាញ​ពី​ក្រៅ​ថា​ ចិន​ខិតខំ​បង្ហាញ​ខ្លួន​ទៅ​ពិភពលោក ​គ្រាន់​តែ​សម្បក​ខាង​ក្រៅ​បុណ្ណោះ។​ ការណ៍​ពិត​នៅ​ពី​ក្រោយ​វាំងនន ​គេ​មាន​ការ​ប្រកួត​គ្នា​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​និយម​ផ្សេងៗ​ក្នុង​ថ្នាក់​ដឹកនាំ​ចិន»។​

ជីវប្រវត្តិ​លោក ប៉ូ ស៊ីឡៃ

ការ​ដក​លោក​ ប៉ូ ស៊ីឡៃ ​ចេញ​ពី​តំណែង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​កុម្មុយនីស្ដ​ចិន​បាន​បំផ្លាញ​ជីវិត​នយោបាយ​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​សន្ដតិវង្ស​នយោបាយ។​

ឪពុក​របស់​លោក​គឺ​លោក ប៉ូ យីប៉ូ (Bo Yibo) ​ជា​ស្ថាបនិក​ម្នាក់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​៨​នាក់ ​ដែល​ត្រូវ​គេ​ប្រសិទ្ធនាម​ថា «មេដឹកនាំ​អមតៈ»​ ដែល​បាន​ដឹកនាំ​នយោបាយ​របស់​ប្រទេស​ចិន​ ចេញ​ពី​កេរ្ដិ៍​មត៌ក​របស់​ម៉ៅ​ សេទុង​ ដើម្បី​ដើរ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​ទី​ផ្សារ​សេរី ​ដែល​បាន​នាំ​ប្រទេស​ចិន​ឲ្យ​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​ដែរ។​

លោក​ ប៉ូ ស៊ីឡៃ ​បាន​ចូលរួម​ក្នុង​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ឆ្នាំ​១៩៨០​ រួច​ឡើងបុណ្យ​សក្ដិ​យ៉ាង​ឆាប់​រហ័ស ​ដោយ​កាន់​មុខនាទី​ជា​អភិបាល​ក្រុង​ដៃឡាង​ (Dailan)​អភិបាល​ខេត្ត​ លាវនីង​(Liaoning) និង​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម។ ​នៅ​ឆ្នាំ​២០០៧​ លោក​បាន​ត្រូវ​តែងតាំង​ជា​មេដឹកនាំ​ក្រុង​ចុងគិញ (Chongqing) ​នៅ​តំបន់​និរតី​ប្រទេស​ រួច​ឡើង​ស័ក្កិ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​២៥​នាក់​នៃ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ Politburo។

ចិន៖ ភរិយា​របស់​ លោក ប៉ូ ស៊ីឡៃ ​អស់​កិត្ដិយស​ បាន​ត្រូវ​ចាត់​ទុក​ជា​ជន​សង្ស័យ​នៅ​ក្នុង​ឃាតកម្ម​ពាណិជ្ជករ​ជាតិ​អង់គ្លេស​ម្នាក់។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ​និយាយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​នាក់​ស្រី ​Gu Kailai​ បាន​ត្រូវ​អាជ្ញាធរ​ស៊ើប​អង្កេត​ពី​បទ​ឃាតកម្ម​លើ​រូប​លោក Neil Heywood ​ដែល​គេ​រក​ឃើញ​ស្លាប់​ក្នុង​សណ្ឋាគារ​ក្នុងខេត្ដ​ចុងគិញ​ កាល​ពី​ខែ​វិច្ឆិកា។​

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

អ្នក​ធ្វើការបាន​ផ្អើល​និង​ភិតភ័យនៅ​ពេល​ត្រូវ​ជម្លៀស​ចេញ​ពី​អគារ​ការិយាល័យ​មួយ​នៅ​ក្រុង​មេដាន Medan ក្រោយ​ពី​ការ​រញ្ជួយ​ផែនដី​បាន​កើត​ឡើង​នៅ​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​១១មេសា​នេះ។

ឥណ្ឌូនេស៊ី៖ ទី​ភ្នាក់ងារ​ភូគព្ភសាស្រ្ដ​ស.រ.អ. ​និយាយ​ថា​ការ​រញ្ជួយ​ផែនដី​កម្រិត​៨,៦​ កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ឦសាន​ប្រទេស​ឥណ្ឌូនេស៊ី ​ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​ភាព​អាសន្ដ​ស៊ូណាមី​ទូទាំង​តំបន់​មហាសមុទ្រ​ឥណ្ឌា។

កូរ៉េ​ខាងជើង៖ មន្ដ្រី​កូរ៉េ​ខាងជើង​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​គេ​បាន​ចាក់​ប្រេង​ឥន្ធនៈ​ចូល​ទៅ​ក្នុង​រ៉ុក្កែត​ ដើម្បី​ប្រុង​ប្រៀប​រៀបចំ​បាញ់​បង្ហោះ​នៅ​ពេល​ឆាប់ៗ​នេះ​ បណ្ដាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង​និង​ស.រ.អ.។

សមុទ្រ​ចិន​ខាង​ត្បូង៖ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ធ្ងន់ធ្ងរ​រវាង​ចិន​និង​ហ្វីលីពីន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​សញ្ញា​នៃ​ការ​ធូរស្រាល​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​ភាគី​ទាំង​សង្ខាង​ចោទ​គ្នា​ទោស​វិញ​ទៅ​មក​ថា​បាន​រំលោភ​លើ​បូរណភាព​ដែនទឹក​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង។

ភូមា៖ ព្រឹទ្ធសមាជិក​អាមេរិកាំង​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ថ្លែង​ថា ​លោក​នឹង​អំពាវនាវ​ដល់​មន្រ្ដី​ស.រ.អ. ​ឲ្យ​រក​មធ្យោបាយ​ណា ​ដើម្បី​ផ្ដល់​រង្វាន់​ដល់​ប្រទេស​ភូមា​ដែល​បាន​បោះ​ជំហាន​ទៅ​មុខ​ ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ។

អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​ មីត រ៉មនី ​(Mitt Romney) អាច​ផ្ដោត​អារម្មណ៍​របស់​លោក​មក​លើ​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ នៅ​ថ្ងៃ​ពុធ​នេះ ​មួយ​ថ្ងៃ​ក្រោយ​ពី​គូ​ប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​បញ្ឈប់​ការ​ប្រកួត​ជាមួយ​លោក។

កូរ៉េ​ខាង​ត្បូង៖ គណបក្ស​ធំៗ​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកួត​គ្នា​ដ៏​កិតៗ ​ដើម្បី​ដណ្តើម​កាន់កាប់​ក្នុង​រដ្ឋសភា​ដោយ​គេ​មើល​ឃើញ​ថា​ នេះ​ជា​ការ​បង្ហាញ​ប្រាប់​ឲ្យ​ឃើញ​មុន​ អំពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​ ដែល​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ។

ស៊ីរី៖ ប្រេសិត​ពិសេស​អន្ដរជាតិ​ទៅ​កាន់​ប្រទេស​ស៊ីរី​ លោក កុហ្វី​ អាណាន់ ​ថ្លែង​ថារដ្ឋាភិបាល​ស៊ីរី​បាន​ធានា​ប្រាប់​លោក​ថា​ គេ​នឹង​គោរព​ទៅ​តាម​បទ​ឈប់​បាញ់​គ្នាជាមួយ​ក្រុម​បះបោរ​ តិច​ជាង​២៤​ម៉ោង​មុន​នឹង​កំណត់​ពេល​ចូល​មក​ដល់ដើម្បី​បញ្ឈប់​ការ​បាញ់​គ្នា។

ម៉ាលី៖​ អ្នក​នយោបាយ​ថ្នាក់​ខ្ពស់​នៃ​ប្រទេស​ម៉ាលី​និយាយ​ថា​ លោក​មាន​ជំនឿ​ថា​គណបក្ស​នយោបាយ​ទាំង​អស់​នឹង​សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ដ​នៅ​ពេល​ដែល​ប្រទេស​នោះ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​សម្បថ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតីបណ្ដោះ​អាសន្ដ។

រុស្ស៊ី៖​ នាយករដ្ឋមន្ដ្រី​រុស្ស៊ី ​លោក ​Vladimir Putin​ អំពាវនាវ​ដល់​ពលរដ្ឋ​រុស្ស៊ី ​សុំ​ឲ្យ​ជៀសវាង​ការ​គុំគួន​ខាង​នយោបាយ ​ដែល​បាន​នាំ​ឲ្យ​មាន​បាតុករ​ច្រើន​ពាន់​នាក់​ ដើរ​តវ៉ា​នៅ​លើ​ផ្លូវ​ ក្រោយ​ពី​ការ​បោះឆ្នោត​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បែកបាក់។

សេដ្ឋកិច្ច​អាស៊ី៖ ​សេចក្ដី​រាយការណ៍​ថ្មី​មួយ ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​និយាយ​ថា​ ការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​លឿន​នៅ​តំបន់​អាស៊ី​បាន​បង្កើត​គម្លាត​ធំធេង​នៃ​ប្រាក់​ចំណូល​ដែល​គំរាម​ដល់​ការ​លូតលាស់​និង​ស្ថិរភាព។