មេដឹកនាំរដ្ឋប្រហារយោធាក្នុងប្រទេសម៉ាលី បានឈោងដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមប្រទេសក្នុងតំបន់ដែលមានសមាជិកចំនួន១៥ប្រទេសហៅថាកាត់ថា អ៊ីកូវ៉ាស (ECOWAS) ដើម្បីធ្វើឲ្យអំណាចរដ្ឋាភិបាលស៊ីវិលឡើងវិញនៅក្នុងប្រទេសជាតិដែលមានជម្លោះនោះ។
ពាក្យពេជន៍នៃកិច្ចព្រមព្រៀងនោះបានត្រូវផ្សាយតាមទូរទស្សន៍រដ្ឋ។ ទូរទស្សន៍នោះបានប្រកាសថាក្រុមប្រឹក្សាយោធាបានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលអន្តរកាលមួយដែលដឹកនាំដោយនាយករដ្ឋមន្រ្តីដែលបានព្រមព្រៀងគ្នានៅក្នុងការដោះដូរនឹងការលើកលែងទោសដល់មេដឹកនាំរដ្ឋប្រហារហើយនឹងការលប់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលប្លុក អ៊ីកូវ៉ាស បានដាក់លើប្រទេសម៉ាលី។ ប្រធានរដ្ឋសភាជាតិ ត្រូវធ្វើជាប្រធានាធិបតីអន្តរកាលដើម្បីរៀបចំការបោះឆ្នោត។
បណ្តាលរដ្ឋនៃអាហ្វ្រិកខាងលិចបានសម្តែងនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាលីកាន់កាប់តំបន់ខាងជើងឡើងវិញ។ ពួកឧទ្ទាម ទូអារេគ (Tuareg) ដែលមានការគាំទ្រពីពួកអ្នកប្រយុទ្ធអ៊ីស្លាមបានកាន់កាប់ទីក្រុងសំខាន់ៗក្នុងតំបន់ខាងជើងប្រទេសម៉ាលីហើយកាលពីថ្ងៃសុក្របានប្រកាសរដ្ឋឯករាជ្យដែលមានឈ្មោះថា អាហ្សាវ៉ាដ (Azawad)។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស.រ.អា/ម៉ាឡាវី៖ សហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថាខ្លួនចង់ឃើញការផ្ទេរអំណាចក្នុងប្រទេសម៉ាឡាវីកើតមានឡើងបន្ទាប់ពីមរណភាពរបស់ប្រធានាធិបតីរបស់ប្រទេសនោះ។
យេម៉ែន៖ ប្រធានាធិបតីទើបតែងតាំងថ្មីរបស់ប្រទេសយេម៉ែន បានដកឥស្សរជនជាច្រើនចេញពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី លោក អាលី អាបឌូឡា សាឡេស (Ali Abdullah Saleh) រួមមានសាច់ញាតិយ៉ាងហោចណាស់ក៏ម្នាក់ដែររបស់អតីតមេដឹកនាំរូបនេះ នៅក្នុងការដោះដូរយោធាដ៏សំខាន់មួយ។
ជប៉ុន/ចិន៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុននិងចិន បានព្រមព្រៀងគ្នានៅថ្ងៃសៅរនេះដើម្បីសហប្រតិបត្តិការលើការរួមវិភាគទានដល់អង្គការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នៅពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីជួយវិបត្តិបំណុលអឺរ៉ុប។
រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថាខ្លួន នឹងចូលរួមជាមួយទីភ្នាក់ងារអវកាសអឺរ៉ុបដើម្បីធ្វើបេសកកម្មបាញ់បង្ហោះទៅកាន់ផ្កាយព្រះអង្គារដើម្បីយកសំណាកធូលីដែលជាសញ្ញនៃជីវិត។