ជ័យលាភីលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី Aung San Suu Kyi បានប្រកាស«សករាជថ្មី»មួយសម្រាប់ប្រទេសភូមានៅថ្ងៃច័ន្ទនេះ បន្ទាប់ពីគណបក្សរបស់លោកស្រីបានទទួលជ័យជម្នះយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិកាលពីថ្ងៃអាទិត្យ។
ទោះបីលទ្ធផលផ្លូវការអាចចំណាយពេលរាប់សិបថ្ងៃក៏ដោយ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង និយាយថា ខ្លួនឈ្នះបានអាសនៈយ៉ាងហោចណាស់ក៏៤៣នៃអាសនៈសរុប៤៤ដែលខ្លួនបានប្រកួតប្រជែងយក។ អាសនៈនេះរួមទាំងអាសនៈ៤នៅក្នុងរដ្ឋធានីរដ្ឋបាលណៃពិដោ (Naypyitaw) ដែល មានប្រជាពលរដ្ឋស្ទើរតែទាំងអស់ជាបុគ្គលិករបស់រដ្ឋាភិបាលនិងបុគ្គលិកយោធា។លោកស្រី Aung San Suu Kyi បានប្រាប់អ្នកគាំទ្រនៅខាងក្រៅទីស្នាក់ការរបស់គណបក្ស NLD ក្នុងទីក្រុង Rangoon នៅថ្ងៃច័ន្ទនេះថាលោកស្រីសង្ឃឹមថាលទ្ធផលបោះឆ្នោតនឹងបង្ខំឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះឆន្ទៈរបស់ប្រជាពលរដ្ឋសាមញ្ញ។ លោកស្រីថ្លែងថា៖
«យើងសង្ឃឹមថា នេះជាការចាប់ផ្តើមនៃសករាជថ្មីមួយដែលនឹងផ្តោតកាន់តែច្រើនឡើងទៅលើតួនាទីរបស់ប្រជាពលរដ្ឋនៅក្នុងកិច្ចការនយោបាយប្រចាំថ្ងៃនៅក្នុងប្រទេស»។
លោកស្រីអង់សានស៊ូជីជាចលករការផ្លាស់ប្តូរនយោបាយនៅភូមា
ដំណើរផ្លាស់ប្តូររយៈពេល១៨ខែរបស់លោកស្រី Aung San Suu Kyi មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យនៃប្រទេសភូមាពីអ្នកទោសនយោបាយទៅកាន់សមាជិកសភា ជាសញ្ញាមួយដែលគេមើលឃើញដ៏ខ្លាំងបំផុតនៃការផ្លាស់ប្តូរនៅក្នុងមាតុភូមិរបស់លោកស្រីថា រដ្ឋាភិបាលស៊ីវិលមានតែឈ្មោះស្វះស្វែងរកការជួសជុលចំណងទាក់ទងជាមួយប្រទេសលោកខាងលិច។
ជាកូនស្រីរបស់លោក Aung San វីរបុរសទាមទារឯករាជ្យដែលបានត្រូវធ្វើឃាតដោយគូប្រកួតប្រជែងខាងនយោបាយនៅក្នុងឆ្នាំ១៩៤៧ លោកស្រី Aung San Suu Kyi ដែលបានទទួលការសិក្សានៅសាកលវិទ្យាល័យអក់ស្វដ (Oxford) បានហក់ចូលក្នុងនយោបាយប្រទេសភូមានៅឆ្នាំ១៩៨៨ នៅពេលដែលលោកស្រីវិលត្រឡប់មកពីប្រទេសអង់គ្លេសវិញ។ ភ្លាមៗនោះ លោកស្រីបានក្លាយជាឥស្សរៈជនដ៏សំខាន់មួយនៅក្នុងចលនានិយមលទ្ធិប្រជាធិបតេយ្យដែលបានចាប់កំណើតនៅក្នុងប្រទេសនោះ ដោយលោកស្រីបានធ្វើសន្ទរកថាទៅកាន់មនុស្សប្រមាណកន្លះលាននាក់នៅឯការជួបប្រជុំនយោបាយមួយនៅក្នុងទីក្រុង Rangoon នៅពេលដែលពួកយោធាបានចាប់ផ្តើមបង្ក្រាបលើពួកប្រឆាំង។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
រុស្ស៊ី៖ ពួកមន្រ្តីគ្រោះអាសន្នរុស្ស៊ី និយាយថា មានមនុស្សយ៉ាងហោចណាស់ក៏៣១នាក់ដែរ បានស្លាប់នៅពេលដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ហើយផ្ទុះមានអណ្តាតភ្លើងភ្លាមៗបន្ទាប់ពីចុះក្នុងតំបន់ផលិតប្រេងស៊ីបេរីនៅថ្ងៃច័ន្ទនេះ។
ម៉ាលី៖ មេដឹកនាំនៃតំបន់អាហ្រ្វិកមានផែនការធ្វើការប្រជុំក្នុងគ្រាអាស័ន្ននៅថ្ងៃច័ន្ទនេះស្តីពីស្ថានភាពនយោបាយក្នុងប្រទេសម៉ាលី ដែលមេដឹកនាំរដ្ឋប្រហារយោធាបានសន្យាធ្វើឲ្យមានច្បាប់ស៊ីវិលឡើងវិញ។
ប៉ាគីស្ថាន៖ ប្រធានាធិបតី Asif Ali Zardari នៃប្រទេសប៉ាគីស្ថាននឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយ ហើយលោកនឹងជួបនាយករដ្ឋមន្រ្តី Manmohan Singh នៃប្រទេសឥណ្ឌា។
អាមេរិកខាងជើង៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងរៀបចំសន្និសីទកំពូលជាមួយមេដឹកនាំនៃប្រទេសកាណាដានិងម៉ិកស៊ិកក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដែលផ្តោតលើការរីកលូតលាស់សេដ្ឋកិច្ច សន្តិសុខ និងការផ្លាស់ប្តូរអាកាសធាតុ។
កូរ៉េខាងជើង៖ រូបភាពភាពថ្មីនៃទីកន្លែងបង្ហោះរ៉ុកកែតកូរ៉េខាងជើង ថតពីតារាវិទ្យាសាស្រ្ដសិប្បនិមិ្មតបង្ហាញឲ្យដឹងអំពីការរៀបចំដ៏មមាញឹកនៅលើទីកន្លែងបាញ់បង្ហោះយានអវកាសមួយ ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន យល់ថាជាលេសសម្រាប់លាក់បាំងការធ្វើតេស្តបាញ់បង្ហោះកំាជ្រួចមីស៊ីលរង្វង់ឆ្ងាយ។
ប៉ាគីស្ថាន៖ តុលាការប៉ាគីស្ថាន បានកាត់ទោសស្រ្ដីមេម៉ាយ បីនាក់ ជាអតីតប្រពន្ធ មេដឹកនាំអាលកៃដា អូសាមា បិន ឡាឌិន (Osama Bin Laden) និងកូនស្រីពីរនាក់ តាមបទចូលមករស់នៅក្នុងប្រទេសប៉ាគីស្ថានដោយខុសច្បាប់ ហើយបានដាក់ឲ្យជាប់ឃុំ ៤៥ថ្ងៃ។ តុលាការនោះក៏បញ្ជាឲ្យពួកគេចាកចេញពីប្រទេសប៉ាគីស្ថាន។