រដ្ឋមន្រ្តីក្រសួងការបរទេសជាង៧០ប្រទេសមកពីប្រទេសលោកខាងលិចនិងអារ៉ាប់ដែលកំពុងគាំទ្រការងើបបះបោរក្នុងប្រទេសស៊ីរី កំពុងជួបប្រជុំគ្នាក្នុងទីក្រុងអ៊ីស្តានបុល (Istanbul) ដើម្បីចរចាដែលមានគោលបំណងដាក់ការគាបសង្កត់លើរដ្ឋាភិបាលទីក្រុងដាម៉ាស (Damascus) ឲ្យអនុវត្តបទឈប់បាញ់គ្នាជាបន្ទាន់ហើយនឹងជំរុញឲ្យក្រុមប្រឆាំងរួបរួមគ្នា។
នាយករដ្ឋមន្រ្តីតួកគីលោក រីសីព តាយវីព អឺដូហ្គាន (Recep Tayyip Erdogan) បានអំពាវនាវឲ្យសហគន៍អន្តរជាតិគាំទ្រសិទ្ធិការពារខ្លួនរបស់ប្រជាពលរដ្ឋស៊ីរី ប្រសិនបើអង្គការសហប្រជាជាតិបរាជ័យមិនបានបញ្ឈប់ការបង្ក្រាបបង្ហូរឈាមរបស់ប្រធានាធិបតីលោក បាស្សា អាល អាសាដ (Basha al-Assad) លើការងើបបះបោរការប្រឆាំងរដ្ឋាភិបាល។
ក្នុងព្រឹត្តិការណ៍សំខាន់មួយទៀត ចិននិងរុស្ស៊ីមិនបានចូលរួមជំនួបនៅថ្ងៃអាទិត្យនេះទេ។ ប្រទេសទាំង២ បានការពាររដ្ឋាភិបាលលោក អាសាដ ២លើករួចមកហើយមិនឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយភ័យខ្លាចថាវិធានការណ៍បែបនេះអាចនាំឲ្យមានអន្តរាគមន៍ខាងយោធាពីបរទេស។ ប្រទេសអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ស៊ីរី មិនត្រូវបានគេអញ្ជើញឲ្យចូលរួមជំនួបនេះទេ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
អាហ្វហ្គានីស្ថាន៖ ពួកមន្រ្តីក្នុងតំបន់ខាងត្បូងអាហ្វហ្គានីស្ថាន និយាយថាការផ្ទុះគ្រាប់បង្កប់នៅតាមជាយផ្លូវបានសម្លាប់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន២នាក់ហើយនិងមន្រ្តីប៉ូលីសអាហ្វហ្គានីស្ថានម្នាក់។
កេនយ៉ា៖ ការវាយប្រហារគ្រាប់បែកដៃ២គ្រាប់ស្ទើរតែពេលតំណាលគ្នានៅក្នុងទីក្រុងកំពង់ផែ មុមបាសា (Mombasa) ហើយនិងទីប្រជុំជនតូចមួយទៀតនៅជិតនោះក្នុងប្រទេសកេនយ៉ា (Kenya) បានសម្លាប់មនុស្សម្នាក់ហើយនឹងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏២៤នាក់ដែរបានរងរបួស។
យេម៉ែន៖ កងជីវពលដែលសង្ស័យមានចំណងទាក់ទងជាមួយក្រុមអាល កៃដា (al-Qaida) បានវាយសង្គ្រប់បន្ទាយយោធាយេម៉ែន (Yemen) នៅតាមបណ្តោយឆ្នេរខាងត្បូងក្នុងខេត្តឡាហីជ (Lahij) កាលពីថ្ងៃសៅរ៍ដោយធ្វើឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងដែលធ្វើឲ្យភាគីទាំង២មានមនុស្សស្លាប់យ៉ាងហោចណាស់ក៏៣០នាក់ដែរ ភាគច្រើនជាទាហានរដ្ឋាភិបាល។
ហ្វីលីពីន៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថាប្រទេសហ្វីលីពីនបានប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថាខ្លួនបានដាក់ពាក្យតវ៉ាប្រឆាំងខាងការទូតនៅអង្គការសហប្រជាជាតិ ចិន និងប្រទេសជាតិតំបន់អាស៊ីអាគ្នេយ៍ដែលនឹងធ្វើសន្និសីទកំពូលនៅសប្តាហ៍នេះលើផែនការបាញ់បង្ហោះកាំជ្រួចរ៉ុកកែតរបស់កូរ៉េខាងជើង។
ភូមា៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍នៅថ្ងៃអាទិត្យនេះថាខ្លួនបានឃ្លាំមើលយ៉ាងដិតដល់ ដល់ការបោះឆ្នោតនៅក្នុងប្រទេសភូមាហើយនឹងកាត់បន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រសិនបើការបោះឆ្នោតនោះត្រូវបានវិនិច័្ឆយថាមានភាពសេរីនិងយុត្តិធម៌។