លោកស្រីអោងសានស៊ូជី ដែលជាឥស្សរជនខាងលទ្ធិប្រជាធិបតេយ្យនិងជាមេដឹកនាំប្រឆាំងយូរយាមកហើយក្នុងប្រទេសភូមាកំពុងស្ថិតនៅក្នុងរាជធានីនៃប្រទេសថៃដោយនេះការធ្វើដំណើរអន្តរជាតិលើកទីមួយរបស់លោកស្រីក្នុងរយៈពេល២៤ឆ្នាំហើយបានបញ្ចប់សម័យមួយនៃការនៅដាច់ពីគេនៅក្នុងប្រទេសលោកស្រី។
លោកស្រីបានទទួលការអបអរសាទរស្វាគមន៍ពីសំណាក់ពួកអ្នកកាសែតនិងក្រុមអ្នកគាំទ្រដែលបានស្រែកបន្ទរថា«អ្នកម្តាយ Suu» នៅក្រោយយន្តហោះលោកស្រីបានចុះចតនៅឯចំណតយន្តហោះអន្តរជាតិក្រុងបាងកកកាលពីយប់ថ្ងៃអង្គារ។បន្ទាប់មកគេបានដឹកលោកស្រីតាមរថយន្តចេញពីទីនោះ។
លោកស្រីអោងសានស៊ូជីនឹងស្នាក់នៅក្នុងប្រទេសថៃបីបួនថ្ងៃហើយគេរំពឹងថាលោកស្រីនឹងជួបជាមួយលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវរ៉ាត្រាYingluck Shinawatra ផងដែរ។លោកស្រីអោងសានស៊ូជីនឹងថ្លែងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកអំពីទ្វីបអាស៊ីខាងកើតនៅពេលបន្ទាប់មកទៀតក្នុងសប្តាហ៍នេះ។
ស៊ីរី៖ ជាមួយកំណើននៃចំនួនមនុស្សស្លាប់និងការណ៍ដែលពួកបស្ចឹមប្រទេសបានបណ្តេញពួកអ្នកការទូតស៊ីរី លោកខូហ្វ៊ី អាណាន់ Kofi Annan ប្រេសីតសន្តិភាពអន្តរជាតិបានមានប្រសាសន៍ប្រាប់ប្រធានាធិបតីស៊ីរី បាសារ អាល់ អាសាដBashar al-Assad ថាផែនការសន្តិភាពមាន៦ចំណុចរបស់អ.ស.ប.«មិនអាចមានជោគជ័យបានទេប្រសិនបើគ្មានវិធានការមុះមុតដើម្បីបញ្ឈប់អំពើឃោរឃៅ»។
អ៊ីរ៉ង់៖ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយថាខ្លួនបានផលិតកម្មវិធីប្រឆាំងនឹងវីរុសមួយដែលអាចប្រយុទ្ធនឹងអ្វីដែលពួកអ្នកជំនាញការខាងកុំព្យូទ័រ ហៅថា«អាវុធតាមអ៊ីនធឹណិតទំនើបបំផុតដែលមិនទាន់បានបង្ហាញ»។ វីរុសដែលលួចយកទិន្នន័យបានចូលវាយលុកកុំព្យូទ័រក្នុងប្រទេសអ៊ីរ៉ង់និងផ្នែកឯទៀតៗនៃភូមិភាគមជ្ឈឹមបូព៌ា។
អាហ្វហ្កានិស្ថាន៖ កងកម្លាំងអាហ្វហ្កានិស្ថាននិងកងកម្លាំងអូតង់បាននិយាយថាការវាយប្រហារមួយតាមអាកាសបានសម្លាប់មេដឹកនាំមានឋានៈខ្ពស់បំផុតទីពីរនៃអង្គការអាល់កៃដា al-Qaida ក្នុងប្រទេសអាហ្វហ្កានិស្ថាន។
សូម៉ាលី៖ លោកប្រធានាធិបតីស្ហេខ ស្ហារីហ្វ ស្ហេខ អាមេដ Sheikh Sharif Sheikh Ahmed នៃប្រទេសសូម៉ាលី បាននៅរស់រានមានជិវិតពីការប៉ុនប៉ងធ្វើឃាតមួយដោយពួកជនសកម្មប្រយុទ្ធ អាល់សាបាប់ al-Shabab។
ស៊ូដង់៖ ប្រទេសស៊ូដង់និងប្រទេសស៊ូដង់ខាងត្បូងបានចាប់ផ្តើមធ្វើការចរចាសន្តិភាពដោយផ្ទាល់លើកទីមួយរបស់ពួកគេចាប់ទាំងពីមានការប៉ះទង្គិចគ្នាឆ្លងកាត់ព្រំដែនកាលពីខែមុនមក។
អ៊ីតាលី៖ ការរញ្ជួយផែនដីខ្លាំងមួយក្នុងផ្នែកខាងជើងនៃប្រទេសអ៊ីតាលីដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៥នាក់ស្លាប់បានកើតមានទ្បើងក្រោយមានការរញ្ជួយផែនដីដ៏ប្រល័យមួយទៀតនៅក្នុងតំបន់ដដែលនោះកាលពីពេលមុននេះក្នុងខែនេះ។