លោក បាសា អាល អាសាដ (Bashar al-Assad) ប្រធានាធិបតីនៃប្រទេសស៊ីរីថ្លែងក្នុងបទសម្ភាសន៍តាមទូរទស្សន៍ដ៏កម្រមួយ ដែលថា រដ្ឋាភិបាលរបស់លោកកំពុងតែប្រយុទ្ធទល់នឹងពួកភេរវជនដែលគាំទ្រដោយបរទេស មិនមែនសកម្មជនកាន់លិទ្ធិប្រជាធិបតេយ្យទេ។ នេះជាផ្នែកមួយនៃការបង្រ្កាបរយ:ពេល១៤ខែរបស់លោកទៅលើការបះបោររបស់ក្រុមជំទាស់។
កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ីនេះ សឱ្យឃើញថា លោក អាសាដ គ្មានបំណងនឹងបញ្ចប់ការបង្រ្កាបយ៉ាងប្រល័យរបស់លោកទៅលើក្រុមប្រឆាំងទេ ទោះបីជាមានការថ្កោលទោសជាអន្តរជាតិ និងមានផែនការសន្ដិភាពដែលអំពាវនាវឱ្យមានបទឈប់បាញ់ក៏ដោយ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ឧបទ្វីបកូរ៉េ៖ ប្រទេសកូរ៉េខាងត្បូងឲ្យដឹងថា ខ្លួននឹងធ្វើការចរចាផ្លូវការទូតជាន់ខ្ពស់មួយ ជាមួយប្រទេសជប៉ុននិងស.រ.អានៅអាទិត្យក្រោយនេះ ស្ដីអំពីប្រទេសកូរ៉េខាងជើង។
ចិន/កូរ៉េខាងជើង៖ អ្នកនេសាទត្រីជាតិចិន២៩នាក់ត្រូវបានគេចាប់ជម្រិតទារប្រាក់លោះ។ អ្នកនេសាទត្រីទាំងនោះត្រូវពួកជនជាតិកូរ៉េខាងជើងចាប់ជម្រិតនៅដើមខែនេះនៅសមុទ្រលឿង។
ចិន៖ លោក ឆិន កាំងឆេង (Chen Guangcheng)សកម្មជនជាតិចិននិយាយថា លោកនិងគ្រួសារនឹងបានទទួលលិខិតឆ្លងដែនសម្រាប់ចេញពីប្រទេសចិនក្នុងរយ:ពេលពីរអាទិត្យខាងមុខនេះ។
ម៉ុងហ្គោលី៖ នៅថ្ងៃអាទិត្យនេះ លោកអតីតប្រធានាធិបតី ណាំបារ៉ីន អិនបាយ៉ារ (Nambaryn Enkhbayar) នៃប្រទេសម៉ុងហ្គោលី (Mongolia) ត្រូវបានដោះលែងពីពន្ធនាគារហើយ បន្ទាប់ពីបានបង់ប្រាក់ធានា ដើម្បីទៅព្យាបាលជំងឺ ក្រោយពីបានធ្វើកូដកម្មអត់អាហារអស់ពេលដប់ថ្ងៃ។ ការចាប់លោក អិន បាយ៉ាវ ដាក់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយត្រូវអន្ដរជាតិរិះគន់។
សេដ្ឋកិច្ចពិភពលោក៖ សេដ្ឋកិច្ចនៃប្រទេសជប៉ុនបានល្អប្រសើរឡើង១ភាគរយពីខែមករាដល់ខែមីនានៅឆ្នាំនេះ។ នៅប្រទេសសិង្ហបូរី ផលិតផលសរុបបានថយចុះដោយសាររដ្ឋាភិបាលបានព្រមានអំពីវិបត្តិប្រាក់បំណុលរបស់ប្រទេសនៅអឺរ៉ុប។ រីឯនៅស.រ.អា សេដ្ឋកិច្ចមានការរីកចម្រើនតិចតួច ស្របពេលដែលនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបកំពុងមានការរំជើបរំជួល។
ស៊ីរី៖ ក្រុមអ្នកសង្កេតការណ៍ការដាក់ទណ្ឌកម្មរបស់អ.ស.បលើប្រទេសអ៊ីរ៉ង់និយាយថា ប្រទេសស៊ីរីបន្ដធ្វើជាប្រទេសទិសដៅ ដែលគេបញ្ជូនអាវុធរបស់អ៊ីរ៉ង់ទៅកាន់ទីនោះ។ ការបញ្ជូននេះល្មើសនឹងបំរាមរបស់ក្រុមប្រឹក្សាសន្ដិសុខអ.ស.បទៅលើការទិញចូលអាវុធរបស់រដ្ឋាភិបាលអ៊ីរ៉ង់។
អាហ្វហ្គានីស្ថាន៖ ក្រុមមន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារដោយគ្រាប់បែកអត្ដឃាតទៅលើអគាររបស់រដ្ឋាភិបាលនៅក្នុងខេត្ដហ្វារ៉ាហ៍ (Farah) ស្ថិតនៅភាគខាងលិច បានសម្លាប់មនុស្សយ៉ាងតិចប្រាំពីរនាក់ហើយរបួស១២នាក់ផ្សេងទៀត។
តួកគី៖ ពួកមន្ដ្រីតួកគីនិយាយថា ពួកបះបោរខឺរដ៍ (Kurd) បានសម្លាប់យុទ្ធជនតួកគីបីនាក់នៅថ្ងៃព្រហស្បតិ៍ពេលមានការប្រយុទ្ធគ្នានៅតំបន់ភ្នំនាភាគខាងត្បូងប្រទេស។