បារាំងមានមេដឹកនាំថ្មី បន្ទាប់ពីអ្នកប្រកួតប្រជែងខាងគណបក្សសង្គមនិយម លោក ហ្វ្រង់ស្វ័រ អូឡង់ (Francois Hollande) បានឈ្នះលោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ខាងគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាច នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
លទ្ធផលនៅថ្ងៃច័ន្ទនេះបង្ហាញថា លោក Hollande បានទទួលសន្លឹកឆ្នោត ៥១,៦ ភាគរយ ហើយលោក Sarkozy បានទទួលសន្លឹកឆ្នោត ៤៨,៤ ភាគរយ នៅក្នុងការបោះឆ្នោតជុំទី២កាលពីថ្ងៃអាទិត្យ។ បណ្តាញផ្សាយព័ត៌មានបារាំងរាយការណ៍ថា ប្រធានាធិបតីចេញពីតំណែងនឹងប្រគល់អំណាចជាផ្លូវការនៅថ្ងៃទី១៥ខែឧសភា។
ការបោះឆ្នោតឆ្លុះបញ្ចាំងពីការមិនពេញចិត្តរបស់ពលរដ្ឋបារាំងចំពោះការកាត់បន្ថយការចំណាយនិងអត្រាគ្មានការងារធ្វើខ្ពស់។ ប្រធានាធិបតីចេញពីតំណែងនិយាយថាលោកទទួលខុសត្រូវចំពោះការចាញ់ឆ្នោតនេះ។
លោក Hollande បានប្រឆាំងនឹងវិធានការសេដ្ឋកិច្ចតឹងរ៉ឹងជាច្រើននៅក្នុងប្រទេសបារាំង។ លោកនឹងក្លាយជាមេដឹកនាំឆ្វេងនិយមលើកទី១នៅក្នុងរយៈពេលជិត២០ឆ្នាំ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
សេដ្ឋកិច្ចសាកល៖ ពួកអ្នកវិនិយោគទុនបានជំរុញទីផ្សារនានានៅទូទាំងទ្វីបអាស៊ីនិងអឺរ៉ុបឲ្យធ្លាក់ចុះទាបនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីកាបោះឆ្នោតក្នុងប្រទេសក្រិកនិងបារាំងដែលបានបង្កើនការព្រួយកង្វល់អំពីអនាគតនៃវិធានការដ៏តឹងតែងដែលដាក់ឲ្យប្រើប្រាស់ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចដ៏ទ្រុតទ្រោមរបស់តំបន់ប្រើប្រាក់អឺរ៉ូនោះ។
ឥណ្ឌូនេស៊ី៖ ជនសកម្មប្រយុទ្ធអ៊ីស្លាម ដែលរងការចោទប្រកាន់ពីការធ្វើគ្រាប់បែកនៅក្នុងការវាយប្រហាររង្គសាលនៅលើកោះបាលីនៅឆ្នាំ២០០២ បានសុំអភ័យទោសដល់ជនរងគ្រោះហើយនឹងក្រុមគ្រួសាររបស់ពួកគេ។
ក្រិក៖ អ្នកបោះឆ្នោតជនជាតិក្រិកបានជំរុញប្រទេសឲ្យធ្លាក់ចូលក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជាកាន់តែខ្លាំងឡើង បន្ទាប់ពីគ្មានគណបក្សណាមួយមានសំឡេងឆ្នោតគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។
ស៊ីរី៖ ពួកអ្នកបោះឆ្នោតស៊ីរីកំពុងបោះឆ្នោតជ្រើសរើសសភាថ្មីនៅថ្ងៃច័ន្ទនេះនៅក្នុងការបោះឆ្នោតតាមបែបពហុបក្សលើកទី១របស់ប្រទេសនោះ។
ឥណ្ឌា៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានជំរុញឲ្យប្រទេសឥណ្ឌាបង្កើនការកាត់បន្ថយកាន់តែច្រើនឡើង នូវការនាំប្រេងចូលពីប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីដាក់គំនាបលើរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ប្រទេសនោះ។
ចិន-អាមេរិក៖ អាជ្ញាធរចិនឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែចាត់«វិធានការដ៏ចាំបាច់» ដើម្បីកុំឲ្យព្រឹត្តិការណ៍នានាដូចជាករណីពាក់ព័ន្ធនឹងអ្នកប្រឆាំង Chen Gaungcheng ជាដើមនោះ កើតឡើងជាថ្មី។
អាល់កៃដា៖ ពួក al-Qiada បានចេញផ្សាយវីដេអូដែលបង្ហាញពីចំណាប់ខ្មាំងជាតិអាមេរិកាំងម្នាក់និយាយថា លោកនឹងត្រូវគេសម្លាប់ប្រសិនបើប្រធានាធិបតី Barack Obama មិនធ្វើទៅតាមការទាមទាររបស់ក្រុមកងជីវពលនោះទេ។