អតីត​​ពលការិនី​​ទំនប់​​​១​មករា​សម័យ​ខ្មែរក្រហម​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​ខ្មែរក្រហម​

ព្រះ​សង្ឃ​និមន្ត​ជួបជុំគ្នា​នៅ​ខាងមុខ​ចេតិយ​ដែល ​មាន​តម្កល់​ធាតុ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ប្រមាណ​ជាង ៨,០០០ នាក់ នៅ​សារៈមន្ទីរ​ជើងឯក​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (១៧ មេសា ២០១៤)

ការ​ហាម​មិន​ឲ្យ​គោរព​ប្រណិបត្តិ​ជំនឿ​សាសនា​ ការ​រើស​អើង​ពូជសាសន៍​ ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ហូប​ចុក​មិន​គ្រប់​គ្រាន់​ ការ​ចាប់​ឃុំ​ឃាំង​ ​ការ​បាត់​ខ្លួន​ និង​ការ​សម្លាប់​គឺ​ជា​រឿង​រ៉ាវ​ដែល​អ្នក​ស្រី​កង អ៊ុត​ អតីត​ពលការិនី​ក្នុង​កង​ចល័ត​នារីមួយ​ បាន​ប្រាប់​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទាក់​ទង​ស្ថានភាព​នៃ​ការ​សាង​សង់​ទំនប់​១​មករា​ក្នុង​ខេត្ត​កំពង់ធំ​នៅ​សម័យ​ខ្មែរក្រហម។​

ឆ្លើយ​ទៅ​នឹង​សំណួររបស់​លោក​វាំង​សង់​ ដឺវីល ​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ អ្នក​ស្រីកង អ៊ុត​បាន​ឲ្យ​តុលាការ​ដឹង​ថា​ ការ​គោរព​សាសនា​បែប​ណា​ក៏​ដោយ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​កើត​មាន​ឡើយ​នៅ​លើ​ការដ្ឋាន​សាងសង់​ទំនប់​នេះ​ ដោយ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុងការដ្ឋានមិន​បាន​ឲ្យ​ដឹង​ជាមុន​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ​ ​បើ​សិន​មាន​អ្នក​បំពាន។​

«អត់​ទេ​ អត់​មាន​ប្រណិបត្តិ​អី​ទេ​ គ្មាន​បាន​ធ្វើ​អី​ទេ។​ គេ​ហាម​មិន​ឲ្យ​គោរព​សាសនា​ទេ​ ហើយ​ធ្វើ​បុណ្យ​ក៏​គេ​មិន​ឲ្យ​ធ្វើ​ដែរ។​ គេ​មិន​ដែល​ប្រាប់​ទេ​ តែ​គេ​មិន​ឲ្យ​ធ្វើ​តា​ម​សាសនា​ព្រះ​ពុទ្ធ​សាសនា​ទេ»។

អ្នក​ស្រី​កង អ៊ុត​បាន​បញ្ជាក់​នៅ​ចំពោះ​អង្គ​សវនាការ​ថា ការ​រើស​អើង​ជាតិ​សាសន៍​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​ខ្មែរ​ឥស្លាម​ ពីព្រោះ​ពួក​គេ​ពុំត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ភាសា​ចាម​ ​ស្លៀក​សម្លៀក​បំពាក់​តាម​បែប​ឥស្លាម​នោះ​ឡើយ​ ហើយ​ការ​គោរព​ជំនឿ​សាសនា​របស់​ពួក​គេ​ក៏ត្រូវ​បាន​គេ​ហាម​ឃាត់​ដែរ។​

លោក​វាំង សង់​បាន​ចោទ​សួរ​ថា៖​ «តើ​នៅ​ការដ្ឋាន​នោះ​ជនជាតិ​ចាម​មាន​សិទ្ធិ​ប្រណិបត្តិ​សាសនា​ចាម​ទេ​ ហើយ​មាន​សិទ្ធិ​និយាយ​ភាសា​ចាម​ទេ?​

តើ​ចាម​អាច​ស្លៀក​ពាក់​ខោអាវ​ប្រពៃណី​របស់​ខ្លួន​បាន​ទេ ​ឧទាហរណ៍​ដូច​ជា​ស្រ្តី​អាច​នៅ​តែ​ពាក់​កន្សែង​បាន​ទេ?»​

អ្នក​ស្រី​កង អ៊ុតបាន​ឆ្លើយ​ថា៖ ​«អត់​ទេ​ និយាយ​តែ​ភាសា​ខ្មែរ។​ អត់​ទេ​ គាត់​ស្លៀក​ពាក់ខ្មែរ​ ​ដូច​ខ្មែរ»។​

តាម​ការ​ផ្តល់​សក្ខី​កម្ម​របស់​អ្នក​ស្រី​កង អ៊ុត ​ស្រ្តី​ជនជាតិ​ចាមម្នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ពេល​ធ្វើ​ការ​ក្នុង​ការដ្ឋាន​នោះ​ ហើយ​យុវជន​ខ្មែរ​ម្នាក់​អាយុ​ប្រមាណ​ជា​១៥​ឆ្នាំ​បាន​បាត់​ខ្លួន​ផង​ដែរ ​នៅ​ក្រោយ​ពេល​គេ​បញ្ជូន​ឲ្យ​ទៅ​យាម​នៅ​ស្ពាន​មួយ។​

នៅ​ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​ នេះ​អ្នក​ស្រី​កង អ៊ុត​ ដែល​ជា​ជន​រង​គ្រោះ​ដោយ​ការ​ចាប់​បង្ខំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជា​ក្រុម​នោះ​ ​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា​ អ្នក​ស្រី​ត្រូវ​ងើប​ធ្វើ​ការ​តាំង​ពី​ព្រឹក​ព្រលឹម​នៅ​ម៉ោង​៤​ភ្លឺ​រហូត​ដល់​ម៉ោង​១០​យប់​ដោយ​មាន​ពេល​សម្រាក​តិចតួច​បំផុត​ដើម្បី​ទទួល​ទាន​អាហារ​គ្មាន​រស់​ជាតិ​ ហើយ​ថា ​ពេល​ខ្លះ​ត្រូវ​នៅ​ដល់​ម៉ោង​១២​យប់​ដើម្បី​ប្រជុំ​រិះគន់​គ្នា​ទាក់ទង​នឹង​ការងារ​ក្នុង​ការដ្ឋាន។​

«គេ​ឲ្យ​ធ្វើ​តាំង​ពី​ព្រឹក​ម៉ោង​៤​ទៅ​រហូត​ដល់​ម៉ោង​៧​ព្រឹក​ឈប់​១៥​នាទី​ ហើយ​ដល់​ម៉ោង​១១​បាន​គេ​ឲ្យ​ហូប​បាយ។ ​ហើយ​ហូប​បាយ​ម៉ោង​១១​រួច​ សម្រាក​បន្តិច។ ​ម៉ោង​១​ចាប់​ផ្តើម​ធ្វើ​ទៀត ​រហូត​ទល់​ម៉ោង​៥។ ​ហើយដល់​ម៉ោង​៥​រហូត​ដល់​ម៉ោង​៧​យប់​គេ​ឲ្យ​មក​ធ្វើការ​ទៀត​ រហូត​ដល់​ម៉ោង​១០​យប់​ ទើប​សម្រាក។​ ហើយ​បើ​មាន​ប្រជុំ​គឺ​រហូត​ម៉ោង​១២​យប់អធ្រាត្រ»។​

ទោះ​ជា​ធ្វើការ​លើស​ម៉ោង​ហួស​កម្លាំង​ក៏​ដោយ​ ក្រុម​ពលករ​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ការ​យ៉ាង​ស្វាហាប់​នៅ​គ្រា​ដែល​ប្រធាន​ភូមិភាគ​ឧត្តរ​ក្នុង​របប​កុម្មុយនិស្ត​ជុ្រល​ហួសហេតុ​នេះ​ ចុះ​មកពិនិត្យ​ការដ្ឋាន​ទំនប់​នេះ។​

អ្នក​ស្រី​កង អ៊ុត​បញ្ជាក់​ប្រាប់​អង្គ​សវនាការ​ថា​ ទំនប់​១​មករា​ជា​សមរភូមិ​ក្តៅ​ដោយ​សារ​ពលករ​នៅ​ទី​នោះ​ត្រូវ​ធ្វើការ​ធ្ងន់​ដើម្បី​សង់​ទំនប់​ដ៏​សំខាន់​មួយ​នេះ​សម្រាប់​ភូមិភាគ​ឧត្តរ​និង​ភូមិភាគ​កណ្តាល​ប្រើប្រាស់។​

«ច៎ា ​ដល់​គេ​មក​មើល​អញ្ចឹង​ គេ​ប្រាប់​យើង ប្រធាន​ក្រុម​គេ​ប្រាប់​យើង​ថា ​លោក​ធំមក​ហើយ​ ឲ្យ​ធ្វើ​ការ​ឲ្យ​ខ្លាំង​ ឲ្យ​រែក​រត់។ ​នាងខ្ញុំ​ទាំង​អស់​គ្នា​ក៏​ខំ​រែក​រត់​ទៅ»។​

អង្គ​សវនា​ការ​បានបន្ត​ពិនិត្យមើល​ទៅ​លើ​ស្ថាន​ភាព​រស់​នៅ​របស់​ពលករ​នៅ​ទីនោះ​ ដោយ​បាន​ចោទ​សួរ​អ្នក​ស្រី​កង អ៊ុត​អំពី​ស្ថាន​ភាព​រស់​នៅ​ទាក់ទង​នឹង​សុខភាព ​នៅ​មុន​ពេល​អ្នក​ស្រី​ត្រូវ​បាន​អង្គ​សវនាការ​សួរ​ដេញដោល​អំពី​មន្ទីរ​សន្តិសុខ ​ដែល​ជា​កន្លែង​ឃុំ​ឃាំង​ និង​សម្លាប់​មនុស្ស។​

អ្នក​ស្រី​បាន​រៀប​រាប់​បា្រប់​តុលាការ​ថា ​ក្រុម​អ្នក​ស្រី​ត្រូវ​ដេក​ហាលវាល​ គ្មាន​មុង។​ ហើយ​ពេល​ឈឺ​ល្មមៗត្រូវ​ទ្រាំ​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ទើប​ប្រាប់​អ្នក​គ្រប់​គ្រង​ក្នុង​ការដ្ឋាន​នោះ​ឲ្យ​គេ​មក​ពិនិត្យ​ ព្យាបាល​ដោយ​ថ្នាំ​បុរាណ​ខ្មែរ​ ​ប្រសិន​បើ​ឈឺ​ស្រាល​ ​តែ​បើ​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​ហើយ​កម្រ​មាន​ជីវិត​ត្រឡប់​មក​វិញ​ណាស់។

«នៅ​កន្លែង​ហ្នឹង​ គេ​ធ្វើ​រោង​វែង​ឲ្យ​សម្រាក​មែន។​ តែ​ឈឺ​ឆ្លង​គ្នាឈឺ​អី​ ពិបាក។ ​សង្កើច​ក៏​ខាំ។​ តែ​ចេះ​តែ​ទ្រាំៗ​ទៅ ហើយ​ដល់​ធ្វើការអស់​កម្លាំង​ពេក អត់​ដឹង​ថា ឈឺ​ទេ។ ​ខ្លួន​អី​ក៏​សង្កើច​ខាំ។ ​ភ្ញាក់​ម្តង​ក្រោក​តែ​ម្តង។​ ដឹង​ខ្លួន​គឺ​គេ​ហៅ​ទៀត​តែ​ម្តង។​ ច៎ា ​អត់​មាន​មុង​ទេ ​ដេក​ហាល​វាល​ហ្មង​ មាន​តែ​កន្ទេល​ក្រាល​និង​ដណ្តប់​ភួយ​ទៅ ​សម្រាក​ទៅ ​គ្មាន​មុង​គ្មាន​អី​ទេ»។​

លោក​ស្រី​បន្ត​ថា៖​ «មិន​ហ៊ាន​និយាយប្រាប់​ទេ ​ឈឺ​ក៏​ចេះ​តែទ្រាំ​ ទាល់​តែ​ឈឺ​ទៅ​មិន​រួច​បាន​ប្រាប់​គេ ​គេ​មក​ពិនិត្យ​ឲ្យ។ ​អ្នក​ណា​ឈឺ​ល្មមៗ​ក៏​ជា​មក​វិញ​ទៅ។ ​បើ​អ្នក​ឈឺ​ខ្លាំង​ក៏​បាត់​នៅ​ទីនោះ​ទៅ»។​

បន្ទាប់​ពី​ថ្លែង​ប្រាប់​អង្គ​សវនាការ​អំពី​ស្ថានភាព​រស់​នៅ​រួចមក​ អ្នក​ស្រី​កង អ៊ុត​ ជា​ប្រជាជន​ចាស់​ក្នុង​សម័យ​ក្រហម​ ហើយដែល​បានចូល​បម្រើ​ក្នុង​កង​ចល័ត​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ និង​១៩៧៧​ បាន​ឲ្យ​ដឹង​ទៀត​ថា​ វត្ត​មួយ​ឈោ្មះ​បារ៉ាយ​ជាន់​ដែក​ ស្ថិត​នៅ​ក្បែរ​ទំនប់១មករា​នោះ​ ត្រូវ​បាន​គេ​យក​ធ្វើ​ជា​មន្ទីរ​សន្តិសុខ​ដើម្បី​ឃុំឃាំង​មនុស្ស​ដែល​ជម្លៀសមក​ពី​ខេត្ត​កំពង់ចាម។​ ប៉ុន្តែ​អ្នក​ស្រី​មិន​អាច​បញ្ជាក់​ថា​ តើ​មាន​ការ​សម្លាប់​ជនជាតិ​ចាម​មក​ពី​ខេត្ត​កំពង់ចាម​ និង​ការ​សម្លាប់​អ្នក​ធ្វើ​ការ​លើ​ទំនប់​១​មករា​នៅ​ក្នុង​មន្ទីរ​សន្តិសុខ​នេះ​ឬ​យ៉ាង​ណា​ទេ។​

«វត្ត​ហ្នឹង​គេ​ធ្វើ​ជា​មន្ទីរ​សន្តិសុខ​ ហើយ​ធ្វើ​ជា​សិប្បកម្ម​ផង​នៅ​ក្នុង​ហ្នឹង​ ហើយ​អ្នក​ទោស​អី​ចាប់​យក​ទៅ​ដាក់ក្នុង​ហ្នឹង​ ហើយ​ខ្លះ​ក៏​គេ​សម្លាប់​ទៅ​ ហើយ​ខ្លះ​ក៏​លែង​ទៅ។ ​តែ​ប្រជាជន​ដែលគេ​បញ្ជូន​មក​គឺ​គេ​យក​មក​សម្លាប់​តែ​ម្តង»។​

នៅ​ចុង​បញ្ចប់​នៃ​ការ​ផ្តល់​សក្ខី​កម្ម​ អ្នក​ស្រី​កង អ៊ុត​បាន​ថ្លែង​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា ​អ្នកស្រី​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ម្នាក់​ដែល​អ្នក​ស្រី​ពុំ​ធ្លាប់​ស្គាល់​ពីមុន​មក ​នៅ​ក្នុង​ពេល​ដែល​អ្នក​ស្រី​ធ្វើ​ការ​នៅ​ទី​នោះ​បាន​ប្រហែល​ជា​ជាង​បួន​ខែ​ គឺ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​១៩៧៧។​ មក​ដល់​ពេល​នេះអ្នក​ស្រី​បាន​បន្ត​នៅ​រួម​រស់​ជាមួយ​ស្វាមី​នេះ​ដដែល​ ដោយ​មានកូន​ពីរនាក់​ពី​ចំណង​ដៃ​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​បែប​សមូហភាព​និង​ចាប់​បង្ខំ​នៃ​របបខោអាវ​ខ្មៅ​ ប៉ុល ពត ​ដ៏​វិនាស​កម្ម​នោះ៕