ជនរងគ្រោះ​ទទួល​យក​សាលក្រម​ដាក់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាប់​គុក​មួយ​ជីវិត

លោក Soum Rithy ដែល​​បាត់​បង់​ឪពុក​និង​បងប្អុន​បី​នាក់​ក្នុង​អំឡុង​សម័យ​ខ្មែរ​ក្រហម យំ​និង​អោប​ជន​រង​គ្រោះ​ម្នាក់​ទៀត​នៅ​ក្រោយ​ពី​តុលាការ​ខ្មែរ​ក្រហម​បាន​ប្រកាស​សាលក្រម​ចំពោះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ខៀវ សំផន និង​ នួន ជា។​​​

សំឡេង​ស្រែក​យំ​និង​ស្នូរ​ទះ​ដៃ​អប​អរ​សារទរ​បាន​បន្លឺ​ព្រម​គ្នា​ខណៈ​ពេល​ដែល​អង្គជំនុំ​ជម្រះ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ផ្តន្ទា​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​កំពូល​ចំនួន​ពីរ​រូប​គឺ​លោក​ នួន​ជា​ អតីត​បង​ធំទី​ពីរ​បន្ទាប់​ពី​ប៉ុល​ ពត​ និង​ លោក​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដាក់ពន្ធនាគារ​អស់​មួយជីវិត។​

សាល​ក្រម​ដែល​ប្រជាពលរដ្ឋ​ទន្ទឹង​រង់​ចាំ​ជាង​បី​ទសវត្សរ៍ ​ត្រូវ​បាន​លោក​និល ណុន​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​អាន​អស់​រយៈ​ពេល​ជាង​១ម៉ោង។លោក​បាន​ប្រកាស​ផ្តន្ទា​ទោស​លោក​ នួន ជា​ និង​លោក ​ខៀវ​ សំផន ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដូច​គ្នា​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថាមេដឹក​នាំ​ទាំង​ពីរ​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ ​ចន្លោះ​ពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥​ ដល់​ ខែ​ធ្នូ​ឆ្នាំ​១៩៧៧។​

លោក​និយាយ​ថា៖​«អង្គជម្រះ​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ នួន ជា​ ដាក់​ ពន្ធនាគារ​អស់​មួយ​ជីវិត។ ​អង្គជម្រះ​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ខៀវ​ សំផន​ដាក់​ពន្ធនាគារ​អស់​មួយជីវិត»។​

លោក​ ជុំ ម៉ី​ អាយុ​៨៤​ឆ្នាំ​ អ្នក​រស់រាន​មាន​ជីវិត​ពី​គុកទួល​ស្លែង​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​ការ​សែត​ដែល​បាន​ចោម​រោម​សួរ​លោក​បន្ទាប់​ពី​លោក​បាន​ដើរ​ចុះ​ពី​បន្ទប់​ជំនុំ​ជម្រះ​ថា​លោក​ពេញ​ចិត្ត​នឹង​សាល​ក្រម​នេះ។​

លោក​បាន​និយាយ​ទាំង​ទឹក​ភ្នែក​រលីង​រលោងថា​អ្វី​ដែល​លោក​ចង់​បាន​ឱ្យ​មេដឹក​នាំ​ខ្មែរ​ក្រហម​ជាប់​គុក​អស់​មួយ​ជីវិត​នោះ​ ឥឡូវ​បាន​សម​នឹង​បំណង​ដែល​លោក​ចង់​បាន​ហើយ។​

លោក​បាន​និយាយ​ថា៖​«ចំពោះ​ខ្ញុំ​ ខ្ញុំ​ប្បាយ​ចិត្ត​ហើយ។​ យុត្តិធម៌​១០០​%​។​យើង​រង់ចាំ​តែពីរ​អ្នក​ហ្នឹង​កាត់​ទោស​តើ។​រឿង​ផ្ទាល់​ខ្លួន​ខ្ញុំ​សំណង​គឺ​ថា​យើង​ចង់​បាន​កសាង​ជាស្តូប​មួយ​ទុក​ជា​អនុស្សាវរីយ៍​ នៅ​កន្លែង​ណា​ដែល​សំខាន់​ៗ​ ដែល​ការ​កាប់សម្លាប់​ច្រើន»។​

មិន​មាន​សាច់​ញាត្តិ​លោក​ នួន ជា​ និង​ លោក​ ខៀវ​ សំផន​ មក​ស្តាប់​ការ​ប្រកាស​សាល​ក្រម​នេះ​ទេ​ពោល​គឺ​មាន​តែ​ជន​រង​គ្រោះ​ដែល​ជាភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​និង​អ្នក​រស់​រាន​មាន​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​បាន​មក​ស្តាប់​ការ​ប្រកាស​សាសក្រម​នេះ។​

លោក​ ប៊ូ ម៉េង​ អ្នក​រស់​រាន​មាន​ជីវិត​ពី​គុកទួល​ស្លែង​ម្នាក់​ទៀត​មាន​ប្រសាសន៍​ពេញ​ចិត្ត​នឹង​សាល​ក្រម​នេះ​ដែរ។​

លោក​និយាយ​ថា៖​«ខ្ញុំ​ពេញ​ចិត្ត​១០០%​បាទ។​បាន​ពេញ​ចិត្ត​ពីព្រោះ​បំណង​ខ្ញុំ​ មាន​បំណង​អញ្ចឹង​ថា​ត្រូវ​ជាប់​គុក​ប៉ុន្មាន​ នួន ជា​ និង​ ខៀវ​ សំផន។ ​ខ្ញុំ​ថា​ត្រូវ​ជាប់​មួយ​ជីវិត​ ហើយ​ឥឡូវ​បាន​ជាប់​មួយ​ជីវិត​តាម​បំណង​ដែល​ខ្ញុំ​ចង់​បាន​មែន»។​

មាន​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ខ្លះ​ក៏មិន​ពេញ​ចិត្ត​នឹង​ប្រកាស​សាល​ក្រម​នេះ​ដែរ​ដោយ​អ្នក​ខ្លះ​ចង់​បាន​ឱ្យ​ដាក់​ទោស​ធ្ងន់​ជាង​នេះ។​

បុរស​ម្នាក់​បាន​និយាយ​ទាំង​កំហឹង​ថា៖​«នៅ​ពេល​ដែល​ស្លាប់​ទៅ​ខៀវ សំផន និង នួន ជា​ យក​ឆ្អឹង​គាត់​ទៅ​ដាក់​ខ្នោះ​បោះ​ទៅ​បាត​សមុទ្រ​ទៀត​បាន​ល្អ។​ត្បិត​អី​អស់​មួយ​ជីវិត​ តិចណាស់​។​ឱ្យ​ដាក់​គុក​ឱ្យបាន​១០០​ឆ្នាំ។​គាត់​ងាប់​ទៅ​យក​ឆ្នឹង​គាត់​មក​វាយ​ជាខ្នោះ​ដាក់​ឱ្យកូន​ខ្មែរ​មើល​ ឱ្យអន្តរជាតិ​មើល​តទៅ​ទៀត»។​

លោក​បណ្ឌិត​ ឡៅ ម៉ុង​ហៃអ្នក​វិភាគ​ឯក​រាជ្យ​បាន​មើល​ឃើញ​ថា​ការ​ប្រកាស​សាល​ក្រម​នេះ​អយុត្តិធម៌​ទៅវិញ​ដោយ​សារ​តែ​តុលាការ​ខ្មែរ​ក្រហម​បាន​បង្កើត​ឧក្រិដ្ឋកម្ម​មួយ​ហើយ​យក​ឧក្រិដ្ឋកម្ម​នោះ​ទៅ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ជាប់​ចោទ​ ដែល​ទង្វើ​នេះ​ផ្ទុយ​នឹង​ច្បាប់។​

លោក​បាន​និយាយ​ថា៖​«ការ​សម្រេច​ទោស​នេះ​ប្រសិន​បើ​អត់​មាន​សហ​ឧក្រិដ្ឋកម្ម​រួម​គឺ​ចោទ​អត់​ជាប់​ទេ។​អត់​ជាប់​ទាំង​អស់​ នេះ​គឺ​ដដែលៗ​ទេ ​យក​រឿង​ឧក្រិដ្ឋកម្ម​រួម​បើ​អត់​មាន​ទេ​ធម្មតាទេ​ អត់មាន​ជាប់​បាន​ទេជាប់​អត់បានទេ»។​

លោក​ ឡុង បញ្ញវុធ​ ប្រធាន​គម្រោង​របស់​អង្គការ​គំនិត​ផ្តួច​ផ្តើម​សង្គម​សេរីនៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​លោក​នៅមាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ​នៅ​ពេល​ដែល​លោក​ប្រធាន​ចៅ​ក្រម​បាន​កាត់​ទោស​លោក​ខៀវ សំផន​ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដូច​លោក​នួន ជា​ដែរ​ដោយ​សារ​តែ​លោក​ ខៀវ សំផន​ជាអ្នក​ទំនុក​បម្រុង ​នៃ​បទ​ល្មើស​ឬមួយ​បាន​ចូល​រួម​ជាមួយ​លោក​ នួន ជា​ដែរ។​

លោក​បាន​និយាយ​ថា៖​«យើង​ជឿ​ថា​ការ​កាត់​ទោស​អស់​មួយ​ជីវិត​នេះ​ជន​រង​គ្រោះ​ប្រាកដ​ជាបាន​ស្រាក​ស្រាន្តក៏ប៉ុន្តែ​សម្រាប់​យើង​អ្នក​ច្បាប់​យើង​ចង់​មើល​អំពី​មុខ​ងារ​មួយៗ​នៃ​ជន​ជាប់​ចោទ​ទាំង​ពីរ​ដែល​ត្រូវ​បាន​កាត់​ឱ្យមាន​ទោស​ហ្នឹង​គឺ​នួន​ ជា​ និង​ខៀវ សំផន។​តើ​គាត់​មាន​មុខងារ​ អំណាច​ដូច​គ្នា​ដែរ​ឬអត់​ដែល​យើង​មើល​យុតិ្តធម៌​គឺ​ទាំង​អស់​គ្នា​អំពីការ​ចូល​រួម​របស់​ជន​ជាប់​ចោទ​ផង​និង​យុត្តិធម៌​របស់​ជន​រង​គ្រោះ​ផង»។​

របប​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​បាន​សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាង​១លាន​៧សែន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ដោយ​សារ​ការ​ធ្វើ​ទារុណ​កម្ម​ ការ​បង្អត់​អាហារ​ ធ្វើ​ការ​ជាទម្ងន់​ និង​ការ​កាប់​សម្លាប់។​

មាន​មេដឹក​នាំ​ចំនួន​បី​នាក់​ហើយ​ត្រូវ​បាន​តុលាការ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់មួយ​ជីវិត​ គឺ​ លោក​ កាំង ហ្កេកអ៊ាវ​ ហៅ​ឌុច​អតីត​មេគុក​ទួល​ស្លែង​ លោក​ នួន ជា ​អតីត​ប្រធាន​រដ្ឋសភា​ និងលោក ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ។ ​ចំណែក​លោក​ អៀង សារី​បាន​ស្លាប់​បាត់​បង់ជីវិត​មុនពេល​ការប្រកាស​សាល​ក្រម​ ខណៈ​ពេល​ដែល​ភរិយា​របស់​លោក​គឺ​លោក​ ស្រី អៀង ធីរិទ្ធ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ជំងឺវង្វេង​វង្វាន់យ៉ាងធ្ងន់​ធ្ងរ៕