របាយការណ៍​គូសបញ្ជាក់​អំពីថាតើ​ត្រូវ​ផ្តល់​អាហារជូនពលរដ្ឋ​ពិភព​លោក​ដែល​​កំពុង​កើន​ឡើង​និង​កើនកំដៅយ៉ាងដូចម្តេច

  • Steve Baragona

កសិករ​ Kashmiri បោកស្រូវ​នៅ Shariefabad នៅ​ជាយ Srinagar ប្រទេស​ឥណ្ឌា ថ្ងៃទី៦ វិច្ឆិកា ២០១០។

យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឆ្នើមៗ​ផ្នែក​កសិកម្ម បាន​បង្ហាញ​ថា ​ប្រព័ន្ធ​ស្បៀង​អាហារ​របស់​ពិភព​លោក លែង​មាន​តុល្យភាពប្រកប​ដោយភាព​គ្រោះថ្នាក់​ ហើយ​បញ្ហាសន្តិសុខ​ស្បៀង មាន​តែ​កើន​ឡើង ខណៈដែលចំនួន​ពលរដ្ឋកើនឡើងនិងបរិយាកាស​ប្រែប្រួល។ នៅ​ក្នុង​របាយការណ៍​ថ្មី ដែលត្រូវ​បានចេញ​ផ្សាយ​ មុនពេលមានសន្និសីទ​ស្តី​ពី​ការ​អភិវឌ្ឍន៍ប្រកប​ដោយ​និរន្តរភាពរបស់អង្គការ​សហប្រជាជាតិ រីអូ ២០ (Rio +20 U.N. sustainable development conference) ក្រុម​អ្នក​ជំនាញ​បាន​ផ្តល់​នូវ​ផែន​ទី​បង្ហាញ​ផ្លូវសម្រាប់​ផ្តល់​អាហារ​ជូនប្រជាពលរដ្ឋពិភពលោក​ដែលកំពុងកើន​កំដៅ​នេះ។ ​

របាយការណ៍​ថ្មីមួយ​ ដែលសរសេរដោយ​ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ចំនួន​១៣ បាន​គូស​បញ្ជាក់​អំពីភាព​ប្រទាំង​ប្រទើស​ជាច្រើន​ទៅ​លើស្ថាន​ភាពស្បៀងអាហារ​របស់​ពិភពលោក នាពេល​សព្វថ្ងៃ​នេះ។

លោក ម៉ូលី ចន (Molly Jahn) សមាជិក​នៃ​គណៈកម្មាការស្តីពី​កសិកម្ម​ប្រកប​ដោយ​ចិរភាព និងបម្រែបម្រួល​អាកាសធាតុ និង​ជា​ក្សេត្រវីទូ​នៃ​សកលវិទ្យាល័យ​ វីសខន់ស៊ីន (University of Wisconsin) ក្នុង​ទីក្រុងម៉ាឌីសុន (Madison) បាន​ចង្អុល​បង្ហាញអំ​ពីអតុល្យ​ភាព​ជា​មូល​ដ្ឋាននេះ៖

«យើង​មាន​ប្រជាពលរដ្ឋមួយ​ពាន់​លាន​នាក់​នៅ​លើ​ផែនដីនេះ ដែល​ស្បៀងអាហារ​គ្មាន​ស្ថិរភាព ហើយ​មួយ​ពាន់​លាន​នាក់ទៀតដែលកំពុង​ទទួលរង​នូវ​ការលើស​ជីវជាតិ។ យើង​ប្រហែលជាមានពីរពាន់​លាន​នាក់ ​ដែល​ខ្វះ​ខាត​អាហារូបត្ថម។»

លោក ចន​ ​មាន​ប្រសាសន៍ថា ស្របពេលជាមួយ​គ្នា​នេះ​ដែរ មួយ​ភាគបី​នៃស្បៀងអាហារ ​ដែល​ផលិត​សម្រាប់មនុស្ស​ទទួល​ទាន ​ត្រូវ​បាន​ខ្ជះខ្ជាយ។

ទន្ទឹមនឹង​នេះ​ដែរ ផលិតផល​កសិកម្ម ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់​ទៅ​លើការ​ប្រែប្រួលអាកាសធាតុ ដែលបញ្ចេញសារជាតិដែល​បង្ក​ឲ្យ​មានអាកាសធាតុបំផ្លាញ​ផលដំណាំជាញឹកញាប់។

ដោយ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ពីរពាន់លានបន្ថែម​ទៀត ​តាម​ការ​ប៉ាន់ស្មាន​ ដែលត្រូវផ្តល់អាហារនៅ​ត្រឹមឆ្នាំ​២០៥០ ហើយកំណើន​ប្រជាពលរដ្ឋ​មានទ្រព្យសម្បត្តិ​ ដែលទទួល​ទានអាហារច្រើន​ជាង​មុន​ គណៈកម្មាការ ​បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទៅ​លើ​ប្រព័ន្ធស្បៀងអាហារ ទំនង​ជាហួសពី​អ្វីដែលផែនដី​អាច​ទ្រទ្រង់​បាន។

លោក ម៉ូលី ចន និយាយ​ថា របាយការណ៍​នេះ​គូស​បញ្ជាក់អំពី​ដំណោះ​ស្រាយ​មួយចំនួន ដើម្បីដឹក​នាំ​ពិភពលោក​ឆ្ពោះ​ទៅ​រកសុវត្ថិភាព​ស្បៀង​អាហារ នៅ​ពាក់​កណ្តាលសតវត្សរ៍នេះ ដែល​ទាមទារ​ការ​ចូល​រួមក្នុងសកម្មភាព​នៅគ្រប់​ជាន់​ថ្នាក់ទាំងអស់។​

«ដោយ​រាប់​ចាប់តាំងពី​សកម្មភាព​ក្នុងមូលដ្ឋានដែល​មាន​ទ្រង់​ទ្រាយ​តូច ដែល​នឹងចូល​រួម​ទទួល​បាន​នូវស្បៀងអាហារ​ដែល​មាន​គុណភាព​ល្អ​ជាង​មុន និង​ច្រើន​ជាង​មុន នៅ​ក្នុង​ចំណែកដី​ប៉ុនគ្នា​ឬ​តូច​ជាងមុន​ ​ទៅដល់​លទ្ធផល​ជា​សកល ដែល​ត្រូវ​ធ្វើ​ទៅ​តាម​អ្វី​ដែល​យើង​គ្រប់​គ្រង ឧទាហរណ៍ ការ​ធ្វើ​ជំនួញលើ​មុខ​ទំនិញ​នានា។»​

របាយការណ៍​នេះ ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​ជំរុញផលិតភាពរបស់​កសិករ​ខ្នាត​តូច ​ដើម្បី​បង្កើន​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។

ប៉ុន្តែ ​របាយការណ៍​ក៏បញ្ជាក់​ដែរ​ថា ផលិតភាពនោះ​ ​ត្រូវ​តែ​បង្កើន​ដោយមិនធ្វើ​ប៉ះពាល់​បន្ថែម​ទៀត​ទៅលើ​បរិស្ថាន​ដែល​កំពុង​ស្ថិតក្នុង​ភាព​ខ្ទេចខ្ទាំ​ រួច​ទៅហើយ​ឡើយ។ នោះ​មាន​ន័យថា ​បង្កើនបរិមាណ​ស្បៀងអាហារ​កាន់តែ​ច្រើន ដោយមិន​ចាំបាច់​កាប់​ព្រៃ​ឈើ​ច្រើន​ជាងនេះ ឬ​ក៏​ប្រើ​ប្រាស់ជី​គីមី​ហួស​កម្រិតដែរ​ ដែលកត្តាទាំងពីរនេះ​ ​អា​ចរួមចំណែក​ដល់​ការ​ប្រែប្រួល​អាកាសធាតុ។​

​របាយការណ៍នេះ ក៏​បាន​ឲ្យដឹងទៀតថា សេចក្តី​ត្រូវ​ការ​ស្បៀងអាហារ​អាច​កាត់​បន្ថយ​បាន តាមរយៈ​ការ​បន្ថយ​ភាពខ្ជះខ្ជាយ​អាហារ និងជំរុញឲ្យ​មាន​ទម្លាប់​ពិសារ​អាហារពោរពេញ​ទៅដោយ​សុខភាព​ល្អ​ដែល​មាន​ដាក់​សាច់តិចតួច។

របាយការណ៍​នេះ សង្កត់​ធ្ងន់​ដោយ​បង្ហាញករណីសិក្សា​ ដែល​គូស​បញ្ជាក់​ពី​ភាព​ជោគជ័យរបស់អនុសាសន៍​នីមួយៗ ចាប់​ពី​ប្រទេសបង់ក្លាដេស (Bangladesh) រហូត​ដល់​ប្រទេស​ប្រេស៊ីល (Brazil)។

របាយការណ៍នេះបានបន្ថែម​ទៀត​ថា ការ​ធ្វើ​ឲ្យ​អនុសាសន៍ទាំងនោះក្លាយទៅ​ជា​ការ​ពិត ទាមទារឲ្យមាន​ការ​ប្តេជ្ញាចិត្តយ៉ាង​ធំធេង ដែលរាប់ចាប់តាំងពី​មនុស្ស​ម្នាក់ ពី​អ្នក​តាក់​តែងច្បាប់ រហូតដល់​ផ្នែក​ឯកជន និង​ការ​វិនិយោគទុន​នៅ​ទូទាំង​សកលលោកយ៉ាងធំធេង​ជាងមុន ​ទៅលើវិស័យកសិកម្ម​ប្រកបដោយ​ចិរភាព៕

ប្រែ​សម្រួល​ដោយ សៀក ​អេង