ចលនាខ្មែរដើម្បីប្រជាធិបតេយ្យចេញដំណើរដោយទាក់ទាញចំណាប់អារម្មណ៍ជាតិនិងអន្តរជាតិ

លោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ចូលរួម​កម្មវិធី​បង្កើត«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

«ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​» បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ជា​ផ្លូវការ​នា​ចុង​ខែ​មីនា​នេះ​ ក្នុង​គោល​បំណង​ប្រមូល​ផ្តុំ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​រួម​គ្នា​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បាន​ធ្លាក់​ចុះ​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ឆ្នាំ​ ២០១៧​។​

ថ្លែង​ប្រាប់​អ្នក​ចូលរួម​ប្រមាណ​ ៤០០​នាក់​ កាលពី​ថ្ងៃ​ទី ​២៣​ ខែ​មីនា​ នៅ​សាកល​វិទ្យាល័យ​រដ្ឋ​California​ ក្រុង​ Long Beach ​ អ្នកស្រី ​មូរ សុខហួរ ​ដែល​ទើប​ប្រកាស​លាលែង​ពី​តំណែង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា ​អ្នកស្រី​លាលែង​ពី​គណបក្ស​នយោបាយ​ដោយ​សោក​ស្តាយ​ក្រោយពី​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាង​ ២០​ឆ្នាំ។​ ប៉ុន្តែ​នេះ​ជា​ជម្រើស​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​ដើម្បី​សម្រេច​គោល​ដៅ​ស្តារ​សិទ្ធិ​មនុស្ស​ សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​ព័ត៌មាន​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

អ្នកស្រី​បាន​បន្ថែម​ថា៖ «បងប្អូន​ប្រជា​ពលរដ្ឋ​ច្រើន​ណាស់​ចង់​ចូលរួម តែ​អត់ចូលរួម​បាន​តាម​រយៈ​គណបក្ស​នយោបាយ​ក៏​បងប្អូន​អាច​ចូលរួម។ ​ខ្ញុំសូម​អំពាវនាវ ​សូម​អញ្ជើញ​បងប្អូនចូល​រួម​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ ​ជាដៃគូ​នៃចលនា​ខ្មែរដើម្បី​ប្រជា​ធិបតេយ្យ​ចា៎»។​

អ្នកចូលរួម​ក្នុង​ចលនា​នយោបាយ​នេះ​មាន​យុវជន​និង​យុវតី ​ដែល​មិន​ចង់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​និង​មាន​ការគាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ ​ជាពិសេស​មាន​ការ​ចូលរួម​ពី​តំណាង​ចលនា​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​ផ្សេងៗ​ ដូច​ជា​ភូមា​ ហុងកុងនិង​កោះតៃវ៉ាន់​ជាដើម។​

លោក សេង សារី​ អ្នក​វិភាគសង្គម​និងនយោបាយ​ប្រាប់​អ្នក​ចូលរួមថា​ ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​អាច​ជា​ចលករ​កៀរគរ​កម្លាំង​ជំនាន់​ថ្មី​នៃ​យុវជន​ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ​ដែល​ចូល​កាន់​អំណាច​បន្ត​ពី​ឪពុក​តាំងពី​ថ្ងៃ​ទី​ ២២ ​ខែ​សីហា​ ឆ្នាំ​ ២០២៣។

លោក ​សេង សារី​ បាន​បន្ថែម​ថា៖​ «ចលនា​នេះ​នឹង​អាច​ផលិត​ធនធាន​មនុស្ស​បន្តវេន​ថ្មី​ដើម្បីដាក់​បញ្ចូល​ទៅក្នុង​ការ​ប្រកួត​ប្រជែង​ចលនា​នយោបាយ»។​

នាង​ យ៉ែម វណ្ណែត អាយុ​៣១​ឆ្នាំ​ ទើប​បាន​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ​នៅ​សហរដ្ឋអាមេរិករយៈពេល ​២​ឆ្នាំ ក្រោយ​ពី​ភៀសខ្លួន​គេច​ពី​ការ​ផ្តន្ទា​ទោសជាប់​ពន្ធនាគារ ​៧​ឆ្នាំ​ ពីបទ​រួម​គំនិត​ក្បត់។​ ​នាង​មាន​សុទិដ្ឋិនិយម​ថា​ ការលាលែង​របស់​អ្នកស្រី​ មូរ សុខហួរ​ ពី​គណបក្ស​ នឹង​ធ្វើ​ឱ្យ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស ​សេរីភាព​នយោបាយ​ប្រសើរ​ជាង​ពេល​អ្នកស្រី​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។ ​

នាងថ្លែងថា៖ «ខ្ញុំជឿជាក់​បែបហ្នឹង ព្រោះ​បើ​លោក​ជំទាវ​នៅក្នុង​គណបក្ស​សង្គ្រោះជាតិមាន​បងប្អូន​មួយ​ចំនួន​ ​គាត់​ខ្លាច។​ គាត់​មិន​ហ៊ាន​មក​ចូលរួម​ជាមួយ​ទេ»។​

ចំណែក​លោក​ សុភ័ណ្ឌ ឡារី​ ប្រធាន​បណ្តាញ​យុវជន​កម្ពុជាសកល​ប្រាប់​វីអូអេថា ​បណ្តាញ​របស់​លោក​គាំទ្រ​ចលនា​នេះ​ព្រោះ​មាន​គោលដៅ​រួម​ដូចគ្នា។​

លោកថ្លែងថា៖ «ចលនា​ខ្មែរ​ប្រជា​ធិបតេយ្យ​មិន​ថា ​ខ្មែរ​មក​ពីណា​ ស្ត្រី ​យុវជន​មកពី​ណា​ទេ ​គឺ​អាច​ចូលរួម​បាន​ទាំងអស់ គឺ​បើកទូលាយ​សម្រាប់​ឱ្យ​ពលរដ្ឋខ្មែរ​សម្រេច​ចិត្ត​ចូលរួម»។​

ថ្វី​បើ​អ្នក​ស្រី​ មូរ សុខហួរ​ លាងលែង​ពី​គណបក្ស​ក៏ដោយ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ចាត់​ទុក​ចលនា​នេះ​ជា ​«ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​តែមួយ»​ ហើយថា​ជា​រឿង​ចាស់​ដូច​ការ​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ​កន្លង​មក។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ​ការណ៍​នេះ​ដោយសារលោក​សង្កេត​ឃើញ​ថា ​លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​មា ន​វត្តមាន​ជា​អធិបតី​ម្នាក់​ក្នុង​ការ​ប្រកាស​ចាប់ផ្តើម​ចលនា​នេះ៖​ «វាគ្រាន់​តែ​ជារូបភាព​ទេ តែខ្លឹមសារ​នៅ​ដដែល​ទេ ពីព្រោះ​ទី​ ១ ​ខ្ញុំ​កត់សម្គាល់ថា​ ការ​ធ្វើ​នយោបាយ​នៅតែ​នយោបាយ​ ហើយទី ២​ ការទៅ​ប្រជុំ​ប្រជាពលរដ្ឋ​នៅ ​L​ong Beach ហ្នឹង​ មានជាប់​ទៅដោយ​វត្តមាន​មេឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​និយម។​ ដូច្នេះ​នេះជាក្រុមហ៊ុន​តែមួយ​គ្រាន់តែដូរ​រូបភាព​ប៉ុណ្ណោះ»។​

លោក​ សុខ ឥសាន​ ឲ្យដឹង​ថា ​លោក ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើក​ចំហ​ឱ្យ​មាន​ការចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ឈាម​ថ្មី​របស់​គណបក្ស​កាន់​អំណាច ដរាប​ណា​ក្រុម​អ្នក​នយោបាយ​ទាំង​អស់​ ​ជំនាន់​មុន​ក្តី​ជំនាន់​ក្រោយ​ក្តីទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ផ្តាច់​ខ្លួន​ជ្រះ​ស្រឡះ​ពី​លោក​ សម រង្ស៊ី ដែល​ត្រូវ​បាន​ចោទប្រកាន់​និង​កាត់ទោស​ជាច្រើន​ករណី ​ក្នុង​នោះ​មាន​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ​ហើយ​ងាក​មកគោរព​ច្បាប់​ប្រទេស​កម្ពុជា​ ជាពិសេស​ច្បាប់​បោះឆ្នោត។​

លោក សុខ ឥសាន ​បាន​បញ្ជាក់​ថា៖​ «គាត់​នឹង​បើក​ទូលាយ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ផ្តាច់ខ្លួន​ជ្រះស្រឡះ​ពីក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​និយម​ ហើយ​ជាពិសេស​គឺ​ជាមួយទណ្ឌិត​ សម រង្ស៊ី ដែល​ជាអ្នក​នយោបាយ​ជ្រុល​និយមខាង​ប្រឆាំងហ្នឹងឯងបាទ»។

ការលាលែង​របស់​អ្នកស្រី​ មូរ សុខហួរ​ ដែល​ជា​អ្នកនយោបាយ​ដ៏មាន​ប្រជាប្រិយភាព ​និង​មាន​សមត្ថភាព​ខាង​ការទូត​អន្តរជាតិ​ បាន​នាំ​ឲ្យ​មាន​ការចោទ​សំណួរ​ជាច្រើន​ពី​អ្នកគាំទ្រ​អំពី​អ្នក​ដែល​ត្រូវ​ជំនួស​អ្នកស្រី។​

លោក សម រង្ស៊ី​ លើកឡើង​ថា៖​ «រឿង​នេះ​មិន​មែន​រឿង​បុគ្គល ​សម រង្ស៊ី ​ជា​អ្នក​ជ្រើសរើស។ ​បុគ្គល​ណា​ សម រង្ស៊ី​ ជ្រើសរើស? មិន​មែន​ធ្វើ​តាម​អ៊ីចឹង​ទេ មិនមែន​វិធី​អ៊ីចឹង​ទេ។ ​អ្វីដែល​សំខាន់​គឺ​ស្មារតី។​គោល​ការណ៍​របស់​យើង​គឺ​សីលធម៌ សច្ចធម៌​យុត្តិធម៌​ហើ យ​មិន​ចាំបាច់​តួនាទី​អីទៀត​ទេ​ ​ប្រធាន ​អនុប្រធាន​អី​អត់​សំខាន់​ទេ ឲ្យ​តែ​ស្មោះ​ត្រង់​ចំពោះ​គោល​ការណ៍​ដើម​របស់​យើង»។​

លោក សម ​រង្ស៊ី ក៏បាន​ការពារ​សម្ព័ន្ធភាព​ជាមួយ​នឹង​លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​លំនៅឋានផងដែរ​ ដោយ​លោក​បកស្រាយ​ថា​ មិន​ត្រូវ​យល់​ខុស​ថា​មាន​ ក្រុម ​កឹម សុខា​ ក្រុម ​សម រង្ស៊ី​ ទេ ​គឺ​មាន​តែ​ក្រុម​អ្នក​ឈឺចាប់​គិត​ពី​ជាតិ​ ប្រជាជន ​យុត្តិធម៌​ហើយ​នឹង​ក្រុម​គិត​តែ​សប្បាយ​អត់​ចេះ​គិត​ពី​អនាគត​ប្រទេស​ជាតិ។​

អ្នកស្រី ​មូរ សុខហួរ​ ប្រាប់​វីអូអេថា ​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​នេះ​ផ្តើម​ចេញ​ពី​ចលនា​ជាតិ​ដោយ​មាន​ការគាំទ្រ​ជា​អន្តរជាតិ​ដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ​នៅប្រទេស​កម្ពុជា។​

នាង​ Moncajacna Mian ​អ្នកចូលរួម​អាយុ១៥ឆ្នាំ​ បង្ហាញ​មោទនភាព​នឹង​ចលនា​នេះ​ដែល​មាន​ការចូល​រួម​ជា​អន្តរជាតិ៖ «ថ្ងៃ​នេះ​មាន​មនុស្ស​ច្រើន។ យើង​គ្មាន​កន្លែង​សម្រាប់​ទាំងអស់​គ្នា​ទេ។​ ស្រមៃមើល៍ ​បើមាន​អ្នក​ចូល​មក​ពី​ក្រៅ​សហរដ្ឋ​អាមេរិក​ ចលនា​នេះ​ក្លាយ​ជា​ចលនា​អន្តរជាតិ។​ ខ្ញុំគិតថា ​នេះ​គ្រាន់​តែ​ជា​ជំហាន​ទីមួយ​ប៉ុណ្ណោះ»។​

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​មើលឃើញ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជាធនធាន​ដែល​មិន​បាន​រងសម្ពាធ​ពី​រដ្ឋាភិបាល​កម្ពុជា​ដែ ល​ត្រូវ​រួម​គ្នា​ធ្វើការ​ក្នុង​ខណៈ​ពេល​ដែល​ការអនុវត្ត​សិទ្ធិ​នៅ​ក្នុង​ប្រទេស​រងការធ្វើ​ទុក្ខ​បុកម្នេញ៕