ចលនា​ខ្មែរ​ដើម្បី​ប្រជាធិប​តេយ្យ​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ប្តឹង​​រឿង​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ

អ្នកស្រី មូរ សុខ​សួ អនុប្រធានអតីត​គណបក្សសង្គ្រោះជាតិ ក្នុង​វេទិកា​សាធារណ:ជួបជាមួយ​អ្នកគាំទ្រ នៅ​ក្នុង​​​បណ្ណាល័យ​ Tyson Pimmit Regional Library នៅ​​ក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិប​តេយ្យបានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាពិចារណា​លើ​សំណើ​របស់​ពលរដ្ឋមួយ​ចំនួន ​ដែល​ទាមទារ​ឲ្យ​យក​ករណី​កោះ​គុត ឬកោះគជ់​ និង​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នារវាង​កម្ពុជា​និង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្ដរ​ជាតិ​ (International Court of Justice)។ ​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយចុះ​ថ្ងៃទី​ ២៥ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤​ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យបាន​ផ្តល់​សេចក្តី​ពន្យល់​ថា ការនាំយក​សំណុំរឿង​កោះគុត​ និង​បញ្ហា​ពាក់​ព័ន្ធ​ក្នុងដែន​សមុទ្រ​កម្ពុជា​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ ​គឺ​ជា​មធ្យោបាយ​តែមួយ​គត់​ដែល​បង្ហាញ​ពី​ភាពចាស់​ទុំ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​កម្ពុជា​ផង​ ហើយអាច​បញ្ចៀស​បាន​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នាតាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ គឺ​កម្ពុជា​និងថៃ​ ដែ​លជាប្រទេស​ជិត​ខាង​នឹង​គ្នា​។

កាលពីថ្ងៃអង្គារ​ ទី២៦ ខែវិច្ឆិកា ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិ អ្នក​ស្រី​ មូរ សុខហួរ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp​ ថា​ ការ​ប្តឹងទៅតុលាការ​អន្តរ​ជាតិ ជារឿង​ចាំ​បាច់​សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះ​មាន​ឯកសារ​ជាច្រើន​ដែល​អាចគាំទ្រ​បណ្តឹង​របស់​កម្ពុជា​ ដើម្បី​តវ៉ា​ជា​មួយ​នឹងប្រទេស​ថៃ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ដូច្នេះ​ រឿង​កោះគជ់​នេះ​ យើង​បាន​ស្រាវ​ជ្រាវ​ ហើយ​អ្នក​ឯកទេស​ក៏ដឹង​ឮ​ យើង​ក៏​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​យក​ករណី​នេះ​ យក​ទៅ​ប្តឹង​នៅ​តុលាការ​អន្តរជាតិ​»។ ​

អ្នក​ស្រី​បន្ថែម​ថា​ ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​កោះ​គុត​នេះ​បាន​ដឹង​ទូលំ​ទូលាយ​ដល់​ប្រជា ពលរដ្ឋខ្មែរ​ ការ​រៀប​ចំ​សមាជនឹង​ត្រូវ​ធ្វើឡើង​នៅតាម​រដ្ឋ​មួយ​ចំនួន​ដែល​មាន​ប្រជាពលរដ្ឋខ្មែរ​រស់​នៅ​ច្រើននៅ​ក្នុង​សហរដ្ឋ​អាមេរិក អូស្រា្តលី​ និង​នៅ​ប្រទេស​មួយ ចំនួនទៀត​នៅ​ក្នុងតំបន់​អឺរ៉ុប និងតំបន់​អាស៊ី ​ដូច​ជា​ជប៉ុន​ និង​កូរ៉េខាង​ត្បូងជាដើម។

អ្នក​ស្រី​ថ្លែង​ថា​៖ «​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ យើង​បាន​ប្រកាស​ហើយ យើង​ធ្វើ​សមាជដើម្បី​ឲ្យពលរដ្ឋ​ខ្មែរ​មក​បញ្ចេញ​មតិនៅលើ​ចំណុច​រួម​ ដោះស្រាយ​បញ្ហា​រួម ​... ដល់​ពេលចប់​ពីហ្នឹង​ទៅ ​យើង​នឹង​ធ្វើ​ប្រហែល​ជា​ពីរបីខែ​បន្តទៅ​ទៀត​ ដើម្បី​ចុង​ក្រោយ​ យើង​នឹង​សរុបធ្វើ​របាយ​ការណ៍​ជូន​ទៅ​ដល់​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​»។

ចលនាខ្មែរ​ដើម្បី​ប្រជាធិប​តេយ្យ​ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាបញ្ឈប់​ជាបន្ទាន់​នូវ​ការ​គំរាម​កំហែង​តាម​គ្រប់​រូប​ភាពមក​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ដែល​គ្រាន់​តែ​សម្តែង​មតិ​ និង​បង្ហាញ​ក្តី​បារម្ភ​ទាក់​ទង​នឹង​បូរណភាព​ទឹកដី។

បញ្ហា​កោះ​គុតនេះកំពុង​ក្លាយ​ជារឿង​ចម្រូង​ចម្រាស​នៅ​ក្នុង​នយោបាយ​ប្រទេស​ថៃ​ ទីដែល​មាន​ការ​ពិភាក្សាអំពីការ​ប្រើ​ប្រាស់​ឯកសារសំខាន់​មួយ គឺអនុស្សារណៈ​យោគយល់​គ្នា​ឆ្នាំ ​២០០១​ ដែលក្រុមអ្នក​ជំទាស់​ថៃ​អះអាង​ថា​ ​អាច​ធ្វើ​ឲ្យបាត់​បង់​កោះ​គុត​ក្នុងខេត្ត​ត្រាត​របស់​ថៃ​ទៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេសថៃ។

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ Bangkok Post ចុះ​កាល​ពី​ថ្ងៃទី​ ៩ ​ខែ​វិច្ឆិកា​ ​អ្នក​ស្រី​ ​Paetongtarn Shinawatra​ នាយករដ្ឋមន្ត្រីថៃ​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​ដំណឹង​រួច​ហើយ​ថា​ ការ​ចរចា​នានា​លើ​តំបន់​សមុទ្រ​ដែល​មាន​ជម្លោះ​ក្រោម​អនុស្សរណៈ​យោគ​យល់គ្នាឆ្នាំ ​២០០១ ​នឹង​បន្ត​ទៀត​ បន្ទាប់​ពី​គណៈ​កម្មាធិការ​បច្ចេក​ទេស​រួម​មួយហៅ​កាត់​ថា​ JTC ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពាក់​កណ្តាល​ខែ​នេះ​។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជាលោក ប៉ែន បូណា​ បដិសេធ​ផ្តល់​ការ​អត្ថា​ធិប្បាយលើ​បញ្ហា​ចម្រូង​ចម្រាស​នេះ ដោយ​ស្នើ​ឲ្យអ្នក​យក​ព័ត៌មានផ្អែក​លើ​ការអត្ថាធិប្បាយ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​ៗពីររូប​របស់​កម្ពុជា ​គឺ​ប្រធាន​ព្រឹទ្ធសភា​លោក ​ហ៊ុន សែន ​និង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ាណែត​ អំពី​បញ្ហា​កោះ​គុត​នេះ​។

ថ្លែង​នៅ​ក្នុង​មហាសន្និបាត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​ ២១ ខែ វិច្ឆិកា​ ឆ្នាំ​២០២៤​ លោក ​ហ៊ុន​ សែន​ ដែល​ជាអតីត​នាយករដ្ឋ​មន្ត្រី​បានថ្លែង​ថា​ កម្ពុជា​និង​ថៃ​ នៅបន្តការ​ចរចា​លើ​ចំណុច​មិន​ត្រូវ​គ្នា​ ពាក់​ព័ន្ធ​តំបន់​ត្រួត​ស៊ីគ្នា​ក្នុង​ដែនសមុទ្រ​រវាងប្រទេស​ទាំង​ពីរ ក៏ប៉ុន្តែ​បែរ​ជា​មាន​ការ​ធ្វើ​ចលនា​ពី​ក្រៅ​ប្រទេស​ឲ្យពលរដ្ឋ​កម្ពុជា​ក្រោក​តវ៉ា​ទាមទារ​កោះគុត​នៅ​តុលាការ​អន្តរជាតិ​។

លោក​ថ្លែងថា៖ «នៅ​ក្នុងប្រទេស​ថៃ​ ក៏មាន​ក្រុម​ជ្រុល​និយម​មួយក្រុម​ បង្កើត​ឡើង​រឿងកោះ​គុត​។ ឥឡូវ​នៅក្នុង​ប្រទេស​របស់​យើង​នេះ​ ត្រូវបាន​ពួក​និយម​ជ្រុល​នៅ​ក្រៅ​ប្រទេស​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ ដើម្បី​ទាមទា​រយក​កោះគុត​។ អ៊ីចឹង ខ្ញុំករុណា ខ្ញុំ​ក៏ចាំមើលថា​ តើ​ប្រជាពលរដ្ឋ​របស់យើង​គិត​យ៉ាង​ម៉េច? កោះគុត គឺ​ប្រហែល​ជា​ប្រជាពលរដ្ឋ​ មិន​ច្រើន​ទេ​ ដែល​ស្គាល់​កោះគុត»។ ​

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​មិន​ទាន់​អស់​លទ្ធភាពនៅក្នុងការ​ចរចា​ជាមួយ​ភាគី​ថៃ​លើ​តំបន់​ត្រួត​ស៊ីគ្នា​នេះ​នៅឡើយ ក្រោយការ​ចុះ​អនុស្សារណៈ​យោគយល់​គ្នាកាល​ពីឆ្នាំ​ ២០០១​។

លោក​បន្ថែមថា​៖ «​យើង​មិន​ទាន់​ប្រើ​អស់​លទ្ធភាព​នៃ​ការ​ចរចា រវាង​ទ្វេ​ភាគី​នៅ​ឡើយ​ទេ​។ តើ​ដល់​ពេល​ហើយ​ឬនៅ​ដែល​យើង​ត្រូវ​និយាយ​ទៅ​កាន់​តុលាការ​អន្តរជាតិ​? ហើយ​តើ​ការ​និយាយ​ទៅ​កាន់​តុលាការ​អន្តរជាតិ​ វា​គ្រប់​គ្រាន់​ដើម្បី​នឹង​យក​ឈ្នះ​ទេ? មិន​មែន​ជា​បញ្ហា​តូចតាច​ទេ​។ ​ការ​មើល​មុខ​គ្នា​មិន​ត្រង់​ រវាង​ប្រទេស​ជិត​ខាង​ ដែល​នៅ​ជាមួយ​គ្នា​ មិនមែន​ជា​បញ្ហា​ធម្មតាទេ»។ ​

​លោក ​ហ៊ុន សែន​ អះអាង​ថា ក្រុម​អ្នក​ជំទាស់​នៅ​ក្រៅ​ប្រទេស​ទំនង​ជា​មិន​ចង់​ឃើញ​ភាព​សុខ​សាន្ត​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ ​ទើប​បាន​ជា​ពួក​គេព្យាយាម​បង្កើត​ចលនា​ប្រឆាំង​ជា​បន្ត​បន្ទាប់​។

លោក​ថ្លែង​ថា​៖ «ដំបៅមិន​ឈឺ​យក​ឈើ​ចាក់។ រឿង​គេកំពុង​តែ​ជជែក​គ្នា​ ឯយើង​មក​រុញ​។​ តើ​នេះ​ជា​អ្វី​ទៅ​? ជា​អំពើ​អ្វី​ ដែល​ម្តងហើយ​ម្តង​ទៀត​ រុញ​ឲ្យ​ប្រជាជន​មិន​ទាំង​បាន​ទទួល​សេចក្តី​សុខ​ណាមួយ តាម​រយៈ​ការ​បង្កើត​ចលនា​ប្រឆាំង​»។

អ្នកស្រី មូរ សុខហួរ​ ប្រតិកម្ម​តប​ថា កម្ពុជា​នៅមាន​សិទ្ធិ​ទាមទារ​អ្វី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។​

អ្នកស្រី​ថ្លែង​ថា​៖ «នេះមិនមែន​ជា ​... ដំបៅ​ទេ​។ បើដំបៅ​ មាន​ន័យ​ថា​ យើង​ទៅ​កកូរកកាយ​ យក​អ្វី​ដែល​របស់​គេ​។ ហើយ​បើសិន​ជា​យើង​ដឹង​ថារបស់​យើង​ទៅ​ហើយ​ ហេតុអ្វីបាន​ជាយើង​មិន​ទៅ​ទាម​ទារ​យក​មក​វិញ​ ឬមួយ​ក៏ទៅរក​ដំណោះស្រាយ​ ហើយ​អ្នក​ដែល​អាច​ស្ថាប័ន​ដែល​អាច​រក​ដំណោះ​ស្រាយ​ជូន​ទៅដល់​គ្រប់​ភាគី​គឺ​តុលាការ​អន្តរជាតិ​»។

កោះ​គុត​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​អភិវឌ្ឍ​បង្កើត​ទៅ​ជា​តំបន់​ទេស​ចរណ៍ ​ដោយ​មាន​ភ្ញៀវ​មក​កម្សាន្ត​ប្រហែល​ ៣០ ​ម៉ឺន​នាក់ ​ក្នុង​មួយ​ឆ្នាំ​ ហើយ​កោះ​នោះក៏​ជា​កន្លែង​ដែល​ទាហាន​ជើង​ទឹក​របស់​ថៃ​យក​ធ្វើ​ជា​កន្លែង​សម​យុទ្ធ​ផង​ដែរ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី​ចុះថ្ងៃ​ទី​ ១០ ​ខែ​វិច្ឆិកា​។ សេច​ក្តី​រាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ តំបន់​ដែល​ភាគី​ថៃ​អះអាង​ថា​ ជា​តំបន់ ​«ត្រួត​ស៊ីគ្នា​» ​នេះ​អាច​មាន​កំណប់​ប្រេង ​និង​ឧស្ម័ន​ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ ៣០០ ​ពាន់​លាន​ដុល្លារ​។

អ្នក​តាម​ដាន​ភូមិ​សាស្រ្ដ​នយោបាយ​លោក​ សេង​ វណ្ណលី​ បាន​សង្កេត​ឃើញថា​ ភាគីថៃ​បាន​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​នៅកោះគុត មានទាំងប៉ុស្តិ៍​នគរបាល និង​រដ្ឋបាល​ស៊ីវិល​នៅ​ទីនោះ ដែល​ជា​ហេតុ​នាំ​ឲ្យកម្ពុជា​ពិបាក​នឹង​ការ​តវ៉ា​យក​ដែនកោះនោះមក​វិញ។ ទោះយ៉ាងណា​លោក​ថា ​កម្ពុជាគួរ​តែ​ប្រកាស​ជំហរ​ឲ្យច្បាស់​ៗ​ចំពោះបញ្ហា​កោះគុត​នេះ ដូចអ្វីដែល​រដ្ឋាភិបាល​មុន​ៗ​បាន​ធ្វើ​កន្លង​មក​ ហើយ​ជម្រើស​សំខាន់​មួយសម្រាប់កម្ពុជា​ គឺ​តុលាការ​អន្តរជាតិ​។

លោកថ្លែង​ថា​៖ «ដោយសារ​តែ​ការ​អភិវឌ្ឍ​តំបន់​កោះគុត​ និង​ការដាក់​រដ្ឋបាល​ប៉ូលិស​ កងកម្លាំង​អី​ ជារបស់​ថៃ​ស្រេច​ទៅ​ហើយ​ ដូច្នេះ​យើង​ពិបាក​នៅក្នុង​ការ​ទៅ​ទាម​ទារ​មកវិញ​យ៉ាង​ណា​ក្តី​ កម្ពុជា​គួរ​តែ​បង្ហាញ​ឲ្យ​ច្បាស់​លាស់​ អាច​តាម​រយៈ​លិខិត​ការទូត​ទៅ​ភាគី​ថៃ​ រក្សា​សិទ្ធិ​ អធិបតេយ្យ​របស់​កម្ពុជា​ដដែល​ ហើយ​ព្យាយាម​ស្នើ​ឲ្យភាគី​ថៃ​ឯកភាព​ដើម្បី​ជំរុញ​វិវាទ​នេះ​ ទៅតុលាការ​អន្តរជាតិ​»។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ាណែត​ បាន​បក​ស្រាយ​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​មួយនៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២១​ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ​ថា កម្ពុជា​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​នឹង​រឿង​កោះ​គុត​ ដោយ​ហេតុផល​ពីរសំខាន់​ៗ គឺ​ទីមួយ​ «​ភាព​ចាស់​ទុំ​ខាងនយោបាយ​»​ និង​ «ការ​ទទួល​ខុសត្រូវ​ចំពោះ​ជាតិ​ និង​ប្រជាជនក្នុង​ការ​ការពារ​បូរណភាពទឹកដី​ និងអធិបតេយ្យ​ជាតិ​»។ នេះមានន័យ​ថា​ រដ្ឋាភិបាល​មិន​យក​ភ្លើង​ចូល​ផ្ទះ​ ហើយ​បន្ត​ចរចា​ដើម្បីបោះបង្គោល​ព្រំដែនទាំងក្នុងដែនគោក​ និង​ដែន​ទឹក​ជាមួយ​ប្រទេស​ថៃ​ដែល​បាន​ធ្វើ​តាំងពីឆ្នាំ​ ២០០៦ ​មក។

លោក​បាន​បន្ថែមថា​ បញ្ហា​ដែល​បានកើតឡើង​ជុំវិញកោះ​គុត​នេះ ជារឿង​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ​ ទី​ដែល​គណបក្ស​ប្រឆាំង​ថៃ​បាន​យក​បញ្ហា​កោះគុត​នេះ​មក​ចោទរដ្ឋាភិបាល​ថៃ​ថាបាន​ធ្វើ​ឲ្យ​បាត់​បង់កោះ​នេះ​ទៅកម្ពុជា​។

ហេតុដូច្នេះលោកថា​ ​កម្ពុជា​មិន​អាច​ទៅតតាំង​នឹង​នយោ​បាយ​ផ្ទៃ​ក្នុង​របស់ថៃបានទេ​ ប៉ុន្តែកម្ពុជា​នឹង​បន្តប្រើ​ប្រាស់​យន្តការ​ដោះស្រាយបញ្ហា​ព្រំដែន​ដែល​មាន​ស្រាប់​ និងផ្អែក​លើមូលដ្ឋាន​ច្បាស់លាស់​ដែល​បាន​មក​ពី​ការ​ស្រាវជ្រាវ។

លោក ហ៊ុន ម៉ាណែត បានសង្កត់​ធ្ងន់​ថា៖ «យើង​ធ្វើការ​មិន​មែនងាយ​ស្រួល​ទេ​ មិន​មែន​ឃើញ​ហើយ​ឯកភាពទេ។ ១មីលីម៉ែត្រៗ យើង​ធ្វើ​ការ​ច្បាស់​លាស់​ណាស់​។ ១៨ ឆ្នាំ​ហើយ​ ២០០៦​ ២០២៤​ អាហ្នឹង​ព្រំដែន​គោក​។ ដោយឡែក​ព្រំដែន​សមុទ្រ យើង​មាន​ទាន់​មាន​ដែល​ឯកភាព​គ្នា​ពីអង្កាល់​ នៅចរចា​គ្នា​ច្រើន​ដង​ហើយ​ ​មិន​ទាន់​មានការ​ឯកភាព បើមិន​ទាន់​មានការ​ឯកភាព​ថា តើ​យើង​បាត់​ស្អី​? ខ្ញុំសួរ​ ចេះ​តែ​ថា ក្បត់​ជាតិ​ បាត់​កោះ​ បាត់​ស្អី​ បើមិន​ទាន់​មានការ​ឯកភាព​ផងហ្នឹង​!​ ហើយ​ឲ្យ​ទៅប្តឹង​ទៅ ​ICJ យ៉ាង​ម៉េច​!​ បើយើង​មិន​ទាន់​មានការ​ឯកភាព​ស្អីផង​ហ្នឹង​!​ ប្តឹង​ស្អី?​ គេសួរ​ប្តឹង​រឿង​អី?៕