សមាជិក​សភា​ស.រ.អា.​ដេញ​ដោល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​វៀតណាម

អ្នក​ប្រឆាំង​ដ៏​ល្បីល្បាញ​វៀតណាម​ម្នាក់​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ

សមាជិក​សភា​ស.រ.អា.​បាន​កោះ​ហៅ​ជន​រងគ្រោះ​ជា​តំណាង​ខ្មែរក្រោម​ មន្ត្រី​សិទ្ធិ​មនុស្ស ​និង​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា.​ដើម្បី​សួរដេញ​ដោល​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម។​ ក្នុង​ពេល​សួរដេញ​ដោល​នោះ ​ភាគី​នីមួយៗបាន​បំភ្លឺ​អំពី​បញ្ហា​រំលោភ​បំពាន​ផ្សេងៗ​គ្នា​ ហើយ​បាន​ទទូច​ឲ្យ​ស.រ.អា.​ចាត់​វិធាន​ការ​ ធ្ងន់ធ្ងរ​ដើម្បី​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ សិទ្ធិ​សាសនា។​

សមាជិក​សភា​ស.រ.អា.​បាន​ចាត់​វិធាន​ការណ៍​ជំហាន​ថ្មីទៀត​ដើម្បី​ត្រួត​ពិនិត្យ​មើល​សេចក្តី​រាយ​ការណ៍​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សាសនា​ដ៏ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​វៀតណាម។​ ក្រុម​សមាជិក​សភា​ក្នុង​គណៈ​កម្មាធិការ​ការ​បរទេស​ស.រ.អា.​បាន​កោះ​ហៅ​តំណាង​ខ្មែរ​កម្ពុជា​ក្រោម​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ ហើយ​នឹង​មន្ត្រី​ស.រ.អា.​មក​សួរ​ដេញ​ដោល​នៅ​ក្នុង​សវនាការ​ដាច់​ដោយ​ឡែក​ពីគ្នា​ពីរ​នៅ​សប្តាហ៍​ទីមួយ​នៃ​ខែមិថុនា​នេះ។​

ព្រះ​តេជគុណ​ ដាញ់ ទន​ (Danh Tol) ​ព្រះសង្ឃ​ខ្មែរក្រោម​បាន​ភាស​ព្រះកាយ​ មក​គង់​នៅ​ស.រ.អា.​នៅ​ឆ្នាំ​២០០៩​ ក្រោយ​ពី​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​គុក។​ ព្រះ​តេជគុណ​បាន​ធ្វើ​សក្ខីកម្ម ​ឬ​ការ​បំភ្លឺ​ជូន​សភា​អាមេរិកាំង​អំពី​ការ​រិតត្បិត​និង​ការ​ធ្វើ​ទុក្ខ​បុក្ខម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​តាម​ទម្រង់ជាច្រើន​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ ចាប់​ផ្សឹក​ព្រះសង្ឃ ​ការ​បំបិទ​សិទ្ធិ​សេរីភាព​សាសនា​ជាដើម។​ សក្ខី​កម្ម​របស់​ ព្រះ​សង្ឃ​ខ្មែរក្រោម​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​សក្ខី​កម្ម​តំណាង​សហគមន៍​វៀតណាម​ និង​សក្ខីកម្ម​របស់​លោក​ចន សីហ្វតុន មន្ត្រីអង្គការសិទ្ធិ​មនុស្ស​របស់​ស.រ.អា.​ គឺ​អង្គការ​យូមេនរ៉ៃវច ​(Human Rights Watch)​ ដែលបាន​ធ្វើ​សក្ខី​កម្ម​ម្តង​ម្នាក់​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​លើ​ជនជាតិ​ភាគ​តិច​និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​វៀតណាម​នៅ​ចំពោះ​មុខ​អនុគណៈ​កម្មការ​សភា​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​អាហ្រ្វិក​ សុខាភិបាល​ពិភពលោក​សិទ្ធិ​មនុស្ស​ពិភព​លោក​និង​អង្គការ​អន្តរជាតិ​ នៅថ្ងៃ​ទី​១​គឺ​ថ្ងៃ​ទី៤​ខែ​មិថុនា​ឆ្នាំ​២០១៣។​

លោក​គ្រីស ស្មីត​ (Chris Smith) ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មក​ពីរដ្ឋ​ញូជឺស៊ី​ ជាប្រធាន​អង្គប្រជុំ​សវនាការ​ បាន​អះអាង​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​វៀតណាម​ពុំ​បាន​រីក​ចម្រើនទេ​ ទោះបី​ជាស.រ.អា.​បាន​ពង្រីក​ទំនាក់​ទំនង​ ជា​មួយ​វៀតណាមក្តី​ តែវៀតណាម​នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ទ្រង់ទ្រាយ​ធំនៅ​ឡើយ។​

លោក​និយាយថា៖​ «នេះ​គឺជា​សវនាការ​សួរ​ដេញ​ដោល​លើក​ទីពីរ​អំពី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម​ ដែល​ធ្វើឡើង​ដោយ​អនុ​គណៈ​កម្មការ​នេះ។​ យើង​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជម្រៅ​បំផុត​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ដែល​យើង​បាន​ពិភាក្សា​ក្នុង​សវនាការ​សួរ​ដេញ​ដោល​លើក​ទី១​ក្នុង​ខែ​មេសា ​ជា​ ពិសេស​ទៅ​លើ​ការ​រឹប​អូស​យក​ដីធ្លី​ទាក់ទង​នឹង​បរិបទ​ការ​ធ្វើ​ទុក្ខ​បុក្ខ​ម្នេញ​ជន​ ជាតិ​ភាគតិច​និង​ផ្នែក​សាសនា»។

លោក​បាន​ដក​ស្រង់​របាយ​ការណ៍​ឆ្នាំ​២០១២​របស់​គណៈ​កម្មការ​រដ្ឋាភិបាល​ ស.រ.អា.​ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ​ (USCIRF) ​មកបញ្ជាក់​ថា​ ប្រទេស​វៀតណាម​នៅតែ​បន្ត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រំលោភ​សេរីភាព​សាសនា​ដ៏​ ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក ​ដោយ​ការ​គ្រប់គ្រង​រិតត្បិត​លើ​សហគមន៍​សាសនា​ទាំង​អស់​ ​និង​ដាក់​ទោសយ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​គោរព​សាសនា​ឯករាជ្យ ​និង​ក្រុម​ដែល​រដ្ឋាភិបាល​គិត​ថា ​ជា​អ្នក​ប្រឆាំង​នឹង​អាជ្ញាធរ​របស់​ខ្លួន។​

លោក​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ ​Ed Royce ​មកពី​រដ្ឋ​កាលីហ្វ័រញ៉ា​ជា​ប្រធាន​គណៈ​កម្មការ​ការ​បរទេស​បាន​ចូលរួម​បន្ទរ​ស្រដៀង​គ្នា​នឹង​លោក​គ្រីស្ទ​ស្មីត​ដែរ។ លោក​ថ្លែង​ថា​ លោក​បាន​ទទួល​ព័ត៌មាន​ពី​ហេតុ​ការណ៍​នានា ​បន្ទាប់​ពី​លោក​បាន​អាន​របាយ​ការណ៍​របស់​អង្គការ​យូមេនរ៉ៃវច ​បាន​អាន​សារព័ត៌មាន​ បាន​ស្តាប់​ការ​បកស្រាយ​របស់ជន​រង​គ្រោះ​ក្នុង​ប្រទេស​វៀតណាម​ ហើយ​នឹង​ឮ​ពី​ពលរដ្ឋ​ក្នុង​មណ្ឌល​របស់លោក។ ​

លោក​បាន​ចោទសួរ​លោក​ចន​ សីហ្វតុន​ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​របស់​ស.រ.អា.​គឺ​អង្គការ​យូមេនរ៉ៃវច​ ថាតើ​លោក​គិត​ថា​ យើង​គួរ​កំណត់​គោល​បំណង​របស់​ក្រសួង​ការ​បទេស​ក្នុង​ការ​និយាយ​មិន​អស់​សេចក្តី​អំពី​បញ្ហាសិទ្ធិ​មនុស្ស​ក្នុងប្រទេស​វៀតណាម​យ៉ាងណា?​

ទាំង​លោក​សមាជិក​សភា​ស្មីត​ និង​លោក​អេដរ៉យ​បាន​បង្ហាញ​ក្តីសង្ឃឹម​ថា​ របាយ​ការណ៍របស់​ក្រសួងការ​បរទេស​ស.រ.អា.​អំពីស្ថានភាព​សិទ្ធិ​មនុស្ស​ចំពោះ​ប្រទេស​វៀតណាម​ជា​របាយ​ការណ៍​មិនត្រឹម​ត្រូវ ​ទៅចុះ។​

លោក​ចន សីហ្វតុន​ នាយករង​ផ្នែក​ត​ស៊ូមតិ​នៃ​អង្គការ​យូមេនរ៉ៃវច​ បានថ្លែង​ប្រាប់​សវនាការ​ថា ​មាន​ពលរដ្ឋ​៥០​នាក់​ត្រូវ​កាត់ទោស​និងដាក់​ពន្ធនាគារ​ដោយ​ការ​ កាត់​ទោស​តាម​បែប​នយោបាយ​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​ រីឯ​ឆ្នាំ​ទៅ​មានតែ​៤០​នាក់។​ លោក​បាន​ថ្លែង​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ជា​ច្រើន​កំពុង​កើត​មាន​ក្នុង​ប្រទេស​វៀតណាម​ ដូចជា​រឿង​រំលោភ​សិទ្ធិ​សាសនា​ បញ្ហា​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ ការ​រារាំង​មិនឲ្យ​មាន​សហជីព​ និង​អង្គការ​ពលកម្ម ​មាន​បញ្ហា​កាត់ទោស​លេង​សើច​ គ្មាន​ស្តង់ដារ​ គ្មាន​ឯករាជ្យភាព​ មាន​ការ​ធ្វើ​ទារុណកម្ម​របស់​ប៉ូលិស​ក្នុង​ មន្ទីរ​ឃុំឃាំង​ ឬបង្ករ​ឲ្យ​មាន​ស្លាប់​ទៀត​ផង។​

លោក​ចន សីហ្វតុន​បាន​ទទូច​ឲ្យ​ស.រ.អា.​ចាត់​វិធាន​ការណ៍​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​វៀតណាម។​

លោក​និយាយថា៖​«អង្គការ​យូមេនរ៉ៃវច​សូម​ជំរុញ​ដល់​អនុគណៈ​កម្មការ ​និង​គណៈ​កម្មការ​ទាំងមូល​ឲ្យ​សួរ​រដ្ឋបាល​របស់​លោក​អូបាម៉ា​នូវ​សំណួរ​ធ្ងន់ៗ​ចំពោះ​ការ​បន្ត​ពិភាក្សា​ជាមួយ​ប្រទេស​វៀតណាម​ថា ​តើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កម្រិត​ណា​ដែលរដ្ឋាភិបាល​ស.រ.អា.​ត្រូវ​ចាត់​វិធាន​ការ​ទាក់ទង​នឹង​ការ​បន្ត​រឹង​ទទឹង​របស់​ វៀតណាម​នោះ? ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កម្រិត​ណា​ ជា​ឧទាហរណ៍​ ទើប​ស.រ.អា.​ពិចារណា​បញ្ជៀស​ប្រទេស​វៀតណាម​ចេញ​ពីកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ ​ធីភីភី ​និង​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ផ្សេង​ទៀត​ ហើយ​ចាប់ផ្តើម​ត្រួត​ពិនិត្យ​មើល​ពី​កិច្ច​ព្រមព្រៀង​ទំនាក់​ទំនង​ក្នុង​វិស័យ​យោធា​នោះ? ​តាម​គំនិត​របស់​អង្គការ​ យូមេនរ៉ៃវច​គឺ​វា​ដល់​ពេល​ហើយ​ឥឡូវ​នេះ»។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ ថ្លែងប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​តាម​រយៈសារ​អេឡិច​ ត្រនិច​គឺ​អ៊ីម៉េល​ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម ​ហ្សាំង ង្វៀន​ បាន​បដិសេធ​ការ ចោទ​ប្រកាន់​នានា ​ហើយ​បាន​ថ្លែង​ថា៖​ «គោល​នយោបាយ​ជា​និរន្ត​របស់​វៀតណាម​គឺ​គោរព​សិទ្ធិ​មនុស្ស​ ​ធ្វើឲ្យ​ប្រសើរ​ផ្នែក​សិទ្ធិមនុស្ស។​ វៀតណាម​បាន​កត់ត្រា​ពី​ការ​ទទួល​សមិទ្ធិ​ផល ​ជា​សំខាន់​ចំពោះ​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​នៅ​គ្រប់​សហគមន៍​ នយោបាយ​ សេដ្ឋកិច្ច​ វប្បធម៌ ​វិស័យ​សង្គម​ ហើយ​សមិទ្ធិផល​ទាំង​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។​ ប្រទេស​វៀតណាម​ប្រកាន់​គោល​នយោបាយ​ស្មើភាព​ សាមគ្គីភាព ​និង​ការ​ជួយគ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ជន​ជាតិ​ភាគតិច។​ បញ្ហានេះ​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ហើយ​អនុវត្តន៍​ជាក់ស្តែង​ផង»។​

ព្រះ​តេជគុណ​ដាញ់ ទន​ ព្រះ​សង្ឃ​ខ្មែរក្រោម​ ដែល​ត្រូវ​ជាប់​ពន្ធធនាគារ​ក្នុង ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ២០០៧ ​ហើយ​ពេល​នេះ​កំពុង​គង់​នៅ​ក្នុង​ប្រទេស​អាមេរិក​ បាន​ធ្វើ​សក្ខីកម្ម​ក្នុង​សវនាការ​សួរដេញ​ដោល​នេះ។​

ព្រះ​អង្គ​មាន​សង្ឃ​ដិកា​ថា៖​«ព្រះ​សង្ឃ​ខ្មែរក្រោម​អត់មាន​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ ក្នុង​ការ​តាមដាន​នូវ​សារព័ត៌មាន​ទេ​ ដោយ​ហេតុថា​ ការ​តាម​ដាន​នូវ​ព័ត៌មាន​គឺ​ជា​ហេតុ​មួយ​នាំឲ្យ​វៀតណាម​ចាត់​ទុក​ថា ​ព្រះសង្ឃ​មានការ​បំបះ​បំបោរ។ ​អញ្ចឹង​ទេ​ រដ្ឋ​អំណាច​កុម្មុយនីស្តវៀតណាម​តែងតែ​មាន​ការ​រារាំង​ហើយ​នឹង​បិទបាំង​ មិន​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​ទេ»។​

ព្រះ​តេជគុណ​បាន​អំពាវ​នាវឲ្យ​ស.រ.អា.​ជួយ​ឲ្យ​ព្រះ​សង្ឃ​ខ្មែរក្រោម​មាន​រចនា​សម័្ពន្ធ​ដាច់​ដោយ​ឡែក​ និង​សុំ​ឲ្យ​សភា​ស.រ.អា.​ធានា​ចំពោះ​ការ​បន្ត​មាន​វប្បធម៌​និង​សេរីភាព​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ទឹកដី​ខ្មែរក្រោម និង​ការ​បញ្ឈប់​ការ​ចាប់ ព្រះសង្ឃ​ខ្មែរក្រោម​និង​ការ​ធ្វើ​ទុក្ខបុក្ខ​ម្នេញ​ផ្សេ​ទៀត។​

ព្រះតេជ​គុណ​មាន​សង្ឃដិកា​ថា៖​«ចំណុច​មួយទៀត​គឺ​ការ​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម​គឺ​ជា​ចំណុច​មួយ​ធ្វើឲ្យ​សាសនា​នៅ​ដែនដី​ទន្លេ​មេគង្គ​មាន​ការ​សាបរលាប​ ពីព្រោះ​ថា​ ខ្មែរក្រោម​មាន​ឈ្មោះ​នៅ​សព្វ​ថ្ងៃនេះ​ដោយសារ​តែ​វត្ត​អារាម​ ព្រោះ​ទំនៀម​ទម្លាប់​ ប្រពៃណីសុទ្ធតែ​ចេញ​ពីវត្ត​ទាំងស្រុង។​ អញ្ចឹងទៅ ​ពេល​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម​ចាប់​ព្រះ​សង្ឃ​ខ្មែរក្រោម​ ហាក់ដូច​ជា​រំលាយ​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ទាំងស្រុង»។​

តែ​មន្ត្រី​អ្នក​នាំពាក្យ​ស្ថាន​ទូត​វៀណាម​ ហ្សាង ង្វៀន​ បាន​អះអាង​ថា​ ក្រុម​ជនជាតិ​ ភាគ​តិច​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា​ ហើយ​រដ្ឋាភិបាល​បាន​បង្កើត​កិច្ច​ប្រឹង​ប្រែង​គ្រប់ យ៉ាង​ដើម្បី​ធ្វើឲ្យ​ប្រសើរ​នូវ​ជីវិត​ជនជាតិ​ដើម​ភាគតិច​ ទាំងស្មារតី ​និង​សម្ភារៈ។​

អ្នក​នាំពាក្យ​ដដែល​បាន​អះអាង​ថា៖​ «ពលរដ្ឋ​ខ្មែរក្រោម​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​គឺជា​ផ្នែក​មួយ​នៃ​សហគមន៍​ជនជាតិ​ភាគតិច​ចំនួន​៥៤​ក្នុង​ប្រទេស​វៀតណាម​ មិន​មាន​ការ​កៀប​សង្កត់ ​ឬ​កម្រិត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ផ្នែក​សាសនា​និង​ជំនឿ ​ហើយនឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​នោះទេ។​ អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រួល​ការ​កសាង​វត្ត​ និង​ទីសក្ការៈ​គោរព​ប្រតិបត្តិ​ សម្រាប់​ជនជាតិ​ខ្មែរ​ក្រោម​ផង»។​

អ្នក​នាំពាក្យ​ដដែល​បាន​ផ្តល់​ឲ្យ​ឃើញ​ថា ​មាន​កំណើន​នៃ​ការ​រីក​ចម្រើន​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន​ជីវភាព​ និង​វិស័យ​អប់រំ​ជាដើម។​

លោក​ហ្វ៊ីល រ៉បប៊ឺតសុន ​(Phil Robertson) ​នាយករង​នៃ​អង្គការ​យូមេនរ៉ៃវច​ប្រចាំ តំបន់​អាស៊ី​ បាន​ប្រាប់​វីអូអេ​ខ្មែរ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម​គឺ​ជា​ស្ថានភាព​គួរឲ្យ​បារម្ភខ្លាំង​ ដោយសារ​មាន​ការ​គាប​សង្កត់​ជាច្រើន​ទម្រង់​ ​ដែល​រឿង​ខ្លះ​ទាក់ទង​នឹង​រឿង​នយោបាយ​ ខ្លះ​ទាក់ទង​នឹង​សកម្ម​ភាព​ដែលគេ​ចោទថា​ ជាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ តែ​ជា​ការណ៍​ពិត​ពលរដ្ឋ​គ្រាន់តែ​ចង់​មាន​សិទ្ធិ​គោរព​សាសនា​ដោយ​ខ្លួនគេ​ ចង់​ប្រតិបត្តិ​ជំនឿ​ដោយ​ខ្លួន​គេ ​ហើយ​នឹង​អាច​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។​ លោក​រ៉បប៊ឺត​សុន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ការ​គ្មាន​ចំណាត់​ការ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម​បាន​បណ្តោយ​ឲ្យមាន​ស្ថានការណ៍​ធ្ងន់ធ្ងរ។

លោក​និយាយថា៖​ «ឥឡូវ​នេះ​យើង​គិត​ថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​រអិល​ថយ​ក្រោយ។​ ជាថ្មី​ម្តងទៀត​ រដ្ឋាភិបាល​វៀតណាម​គ្មាន​កង្វល់​ទេ​ ហើយ​គិត​ថា ​ខ្លួន​អាច​ជៀស​ផុត​ពី​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​ល្មើស​ដែល​ខ្លួន​ចាត់​ការ​ពលរដ្ឋ​ខ្មែរក្រោម​ ដោយសារ​នឹក​ថា ​ស.រ.អា.​និង​សហគមន៍​ផ្តល់​ជំនួយ​អន្តរជាតិ​ដ៏ទៃ​ទៀត​ឲ្យ​ប្រទេស​វៀតណាម ​នឹង​មិន​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ទេ។​ វា​ជា​រឿង​សំខាន់​ពេល​នេះ​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដែលយល់​ខុសទៅ​ជា​យល់ត្រូវវិញ គឺ​ត្រូវ​មាន​ការ​ធានា​ថា ​នឹង​មាន​សម្ពាធ​ចំពោះ​ ប្រទេស​វៀតណាម​ក្នុង​ការ​មិន​គោរព​សិទ្ធិ​សេរីភាព​សាសនា»។​

លោក​បាន​សង្កត់ធ្ងន់​ដោយ​ការ​ទទូច​ថា​ ស.រ.អា.​គួរ​តែ​ដាក់​ប្រទេស​វៀតណាម​ជា ប្រទេស​ក្នុង​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​ ឬ​ហៅ​ថា​ Country of Particular Concern ផ្នែក​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​សាសនា​ ​តាម​ច្បាប់ ​និង​គោល​នយោបាយ​ស.រ.អា.។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​នៅ​ក្នុង​សវនាការ​សួរ​ដេញ​ដោល​ថ្ងៃ​ទី២​គឺ​ថ្ងៃទី​០៦​ខែ​ មិថុនា​ នៅ​ចំពោះ​មុខ​អនុគណៈ​កម្មការ​អាស៊ី​បាស៊ីហ្វ៊ិក​ស្តីពី​ទំនាក់​ទំនង​ស.រ.អា.​ និង​វៀតណាម​ លោក​យូសេហ្វ យន់ ​(Joseph Yun)​ ឧបការី​ស្តីទី​នៃ​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​និង​កិច្ចការ​តំបន់​ប៉ាស៊ីហ្វិក​ បាន​ថ្លែង​ថា ​ស.រ.អា.​នឹង​វៀតណាម​មាន​កំណើន​ពាណិជ្ជកម្ម​ទៅវិញ​ទៅ​មក​ដល់​ ទៅ​២៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​១៨​ឆ្នាំ​មុន ​មាន​តែ​៤៥០​លាន​ដុល្លារ។​ លោក​គិត​ថា​ នេះ​ជា​បញ្ហា​មួយ​ដែល​ជា​ការ​ពិចារណា​ប្រកប​ដោយ​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​ជាមួយ​វៀតណាម​តាំងពី​១៩៩៥​នោះ​ផង​ដែរ។​

លោក​ថ្លែងថា៖​«នៅ​ពេល​យើង​មាន​កម្មវិធី​ប្រកប​ដោយការ​តាំងចិត្ត​ខ្ពស់​ជាមួយ​វៀតណាម​ ខ្ញុំ​ចង់​បញ្ជាក់​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​បាន​គ្រប​ដណ្តប់​លើគោល​នយោបាយ​ទាំងមូល​របស់​យើង​ជាមួយ​ប្រទេស​វៀតណាម។​ ហើយ​យើង​បាន​បញ្ជាក់​ច្បាស់​ថា​ ការ​រីក​ចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​ជារឿង​សំខាន់​ណាស់​លើគ្រប់​វិស័យ​នៃ​ទំនាក់​ទំនង»។​

ចំណែក​លោក​ដានីញែល ប៊ែ ​ឧបការីរង​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ទទួល​បន្ទុក​បញ្ហា​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស​និង​ពលកម្ម​ បាន​អះអាង​ថា ​ថ្វីត្បិត​តែ​ វៀតណាម​មាន​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​មែន ​តែ​ពលរដ្ឋ​វៀតណាម​មិន​បាន​ រីក​រាយ​ពេញលេញ​នឹង​សេរីភាព​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ។​

លោក​និយាយថា៖​ « ហើយ​បើ​គ្មាន​ការ​រីក​ចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​ទេ​ វៀតណាម​នៅ​តែ​មាន​កម្រិត​ចំពោះ​ការ​អភិវឌ្ឍ​ដែរ។ ​យើង​ចង់​ជំរុញ​រឿង​នេះ។ ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចង់​ធ្វើការ​ជិតដិត​ជាមួយ​សមាជិក​គណៈកម្មការ​សភា​ក្នុង​ការ​ជំរុញ​ឲ្យ​វៀតណាម​ធ្វើ​ការងារ​ឲ្យ​ប្រសើ​ឡើង​ចំពោះ​ការ​គាំពារ​ផ្នែក​សិទ្ធិ​មនុស្ស​ ការ​គ្រប់​គ្រង​ឲ្យ​មាន​លក្ខណៈ​យុត្តិធម៌​ជាង​នេះ ​ព្រោះ​យើង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ដែល​ត្រូវ​គេ​បំបាត់​សិទ្ធិ​ ហើយ​នោះ​ជា​រឿង​ត្រឹមត្រូវ​ដែល​យើង​ត្រូវធ្វើ។​ ពលរដ្ឋ​វៀតណាម​សម​នឹង​ទទួល​បាន​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​ការ​គោរព​ច្បាប់​ ស្មើភាព​ចំពោះ​មុខច្បាប់​ទាំង​អស់​គ្នា។​ ច្បាប់​ត្រូវ​តែ​មាន​តម្លាភាព​និង​អាច​ប្រើប្រាស់​គ្រប់​គ្នា ​មិនមែន​ប្រើ​តាម​តែ​អំពើចិត្ត​ទេ»។​

សវនាការ​ទាំង​ពីរ​បាន​បញ្ជប់​ទៅ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី៦​ ខែ​មិថុនា ​ដោយ​មាន​ការ​សន្យា​ពីមន្ត្រី​ក្រសួង​ការ​បរទេស​ថា​ នឹង​ផ្តល់​ការ​ឆ្លើយតប​ជា​លាយ​លក្ខអក្សរ​ នៅ​ពេល​ក្រោយ​ បន្ទាប់ពី​សមាជិក​សភា​សួរ​សំណួរ​ខ្លះ​ដែល​ក្រុម​មន្ត្រីពិបាក​ឆ្លើយ ភ្លាមៗ​ ​ជាពិសេស​ទាក់ទង​នឹង​បញ្ហា​ទំនាក់​ទំនង​ទ្វេរភាគី ​បញ្ហា​សិទ្ធិ​មនុស្ស។​

លោក​សួនប៊ុន ស័ក្តិ ​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ដែល​មាន​ សមាគម​និង​អង្គការ​សិទ្ធិ​មនុស្ស​២០​ជា​សមាជិក​ បាន​អះអាងថា ​ការ​សួរ​ដេញ​ ដោលរបស់​សមាជិក​សភា​ស.រ.អា.​មាន​ឥទ្ធិពល​ទៅ​លើ​ស្ថានការណ៍ក្នុង​ប្រទេស​ វៀតណាម​ រឿង​សិទ្ធិ​មនុស្ស​ដែល​ស.រ.អា.​មាន​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ពេល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​នោះ។​

លោក​និយាយ​ថា៖​ «ខ្ញុំជឿ​ថា​ប្រទេស​វៀតណាម​នឹង​ពិចារណា​អនុសាសន៍ ​ក៏​ដូចជា​ការជូន​ជា​យោបល់​ផ្សេងៗ​ពី​សភា​ស.រ.អា.​ដើម្បី​កែ​លំអរ​ស្ថានភាព​សិទ្ធិ​មនុស្ស​នេះ​នៅ​វៀតណាម​ ជាពិសេស​នៅ​វៀតណាម​ខាងត្បូង ​ដែល​ពោរពេញ​ទៅ​ដោយ​ខ្មែរ​កម្ពុជា​ក្រោម​នេះ​ឯង»។​

លោក​ស្កត់ ហ្វ្លីពស៍ ​(Scott Flipse)​ ជា​នាយករង​ផ្នែក​គោល​នយោបាយ​នៃ​គណៈ​ កម្មការ​រដ្ឋាភិបាល​ស.រ.អា.​ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ​ (USCIRF) ​ដែល​ ជា​ស្ថាប័ន​ឯករាជ្យ​មួយ​របស់​ស.រ.អា.។​ លោក​បាន​ថ្លែងប្រាប់​វីអូអេ​នៅ​ឯ​អគារ​សភា​ពេល​មាន​ការសួរ​ដេញ​ដោល​អំពី​បញ្ហា​វៀតណាម​នោះ​ថា​ ការ​សួរ​ដេញ​ ដោល​នេះ​ជារឿង​សំខាន់​ណាស់​ នៅ​ពេល​ដែល​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ សាសនា​ត្រូវ​តែ​លើក​ឡើង​នៅ​ពេល​នេះ​ភ្លាម​ដើម្បី​ទាញ​យក​ការ​ចាប់​អារម្មណ៍​ មិន​គ្រាន់​តែ​សាធារណៈ​មតិ​ និង​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទេ ​គឺ​ថែម​ទាំង​ស.រ.អា.​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «កន្លែង​ដែលខ្ញុំ​ធ្វើការ​គឺ​គណៈ​កម្មការ​រដ្ឋាភិបាល​ស.រ.អា.​ដើម្បី​សេរីភាព​សាសនា ​អន្តរជាតិ​ (USCIRF)​ ជឿ​ថា ​វៀតណាម​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ដ៏ធ្ងន់ធ្ងរ ​ហើយ​បើ​តាម​ច្បាប់​ស.រ.អា.​វៀតណាម​មាន​គ្រប់​លក្ខណៈ ​ដែល​ត្រូវ​ចាត់​ទុក​ថា​ ជា​ប្រទេស​ដែល​រំលោភ​សេរីភាព​សាសនា​ដ៏​ធ្លន់ធ្ងរ​បំផុត ​ឬហៅ​ថា ​Country ​of ​Particular​ Concern​ (CPC)»។​

ប្រទេស​វៀតណាម​ត្រូវ​គេ​លុប​ចេញ​ពីបញ្ជី​ប្រទេស​ដែលមាន​ឈ្មោះ​ថា​ រំលោភ​សេរីភាព​សាសនា​ដ៏​ធ្លន់ធ្ងរ​បំផុត​ក្នុង​ពិភព​លោក​ឬ​ហៅ​ថា​ Country ​of Particular ​Concern ​(CPC) ​កាលពី​ឆ្នាំ​២០០៦ ​មុន​ពេល​វៀតណាម​អាច​រីករាយ​នឹង​ការ​បង្កើន​ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​ស.រ.អា.​លើ​វិស័យ​ពាណិជ្ជ​កម្ម​និង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ទៀត។​

ក្រុមអ្នក​រិះគន់​បាន​និយាយ​ថា​ សភា​ស.រ.អា.​តែមួយ​គត់​ដែល​អាច​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ផ្លាស់​ប្តូរ​ឥរិយាបទ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ និងសិទ្ធិ​សាសនា ​តាម​រយៈ​កា​រសើ​រើ​ទណ្ឌកម្ម​នានា​ជាថ្មី​ប្រឆាំង​នឹង​វៀតណាម៕​