អាស៊ី៖ ទីផ្សារហ៊ុនក្នុងទ្វីបអាស៊ីបានបិទដោយសារមានការលក់ហ៊ុនកើនឡើងជាងមុននៅថ្ងៃពុធនេះ។ ទីផ្សារហ៊ុននីកេ ក្នុងទីក្រុងតូក្យូរបស់ជប៉ុនបានកើនឡើងជាងពីរភាគរយដោយបញ្ចប់ក្នុងពិន្ទុ៨.៧៦៣ ទីផ្សារហ៊ុនហាងសេង ក្នុងទីក្រុងហុងកុងបានឡើងជិតមួយភាគរយដោយបញ្ចប់ក្នុងពិន្ទុ២០.០៤៨។ តម្លៃភាគហ៊ុនក៏កើនឡើងដែរក្នុងទីក្រុងបាងកក ហ្សាការតា កូឡាឡំពួរ ម៉ានីល ម៉ុមបៃ សេអ៊ូល សៀងហៃ សិង្ហបូរី ស៊ីដនី តៃប៉ិ និងវេលលីងតុន។
ភូមា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថាការផ្លាស់ប្តូររដ្ឋាភិបាលក្នុងប្រទេសភូមាក្នុងឆ្នាំនេះបានបង្កើតឲ្យមានឱកាសដើម្បីពិភាក្សាថ្នាក់ជាតិបន្ថែមទៀតដោយរួមបញ្ចូលភាគីច្រើន ប៉ុន្តែបានបន្ថែមថានៅមិនទាន់ដល់ពេលនិយាយថាតើការផ្លាស់ប្តូរពិតប្រាកដកំពុងកើតឡើងឬយ៉ាងណានោះទេ។
ចិន៖ អាជ្ញាធរចិននិយាយថាពួកគេបានជួយសង្គ្រោះកុមារដែលមានបញ្ហាខាងខួរក្បាលចំនួន៣០នាក់ដែលត្រូវបានគេប្រើជាទាសករពលកម្មនៅឯរោងចក្រឥដ្ឋខុសច្បាប់មួយ។
ប៉ាគីស្ថាន៖ ក្រុមតាលីបាននៅប្រទេសប៉ាគីស្ថានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតចំនួនពីរដែលវាយប្រហារលើគេហដ្ឋានរបស់មន្ត្រីសនិ្តសុខជាន់ខ្ពស់របស់ប៉ាគីស្ថាន នាថ្ងៃពុធនេះ។ ការវាយប្រហារនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់២២នាក់ដោយរួមទាំងភរិយារបស់មន្ត្រីរូបនោះផងដែរ។
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានហៅការវាយប្រហារដោយគ្រាប់បែកនៅខាងក្រៅអាគារតុលាការកំពូលក្នុងទីក្រុងញ៉ូវដេល្លី ថាជាការវាយប្រហារភេរវកម្មដោយចេតនា ក្រោយពីបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់និងធ្វើឲ្យមនុស្ស៦២នាក់ផ្សេងទៀតរបួស។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថាកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលដែលមានការគាំទ្រដោយកងរថក្រោះផងបានសម្លាប់មនុស្សយ៉ាងហោចណាស់១នាក់ក្នុងការវាយប្រហារមួយក្នុងទីក្រុងហូមដែលឋិតនៅភាគកណ្តាលប្រទេស។
លីប៊ី៖ មានរបាយការណ៍ប្រទាំងប្រទើសគ្នាទាក់ទងនឹងបញ្ហាថាតើមានក្បួនរថយន្តដ៏ធំដឹកកងកម្លាំងដែលស្មោះត្រង់នឹងមេដឹកនាំមូអាម៉ា ហ្កាដាហ្វី ដែលត្រូវគេទម្លាក់ចេញពីតំណែងបានឆ្លងចូលប្រទេសនីហ្សេឬយ៉ាងណា។
អេហ្សីប៖ តុលាការមួយរបស់ប្រទេសអេហ្សីបបានចាប់ដំណើរការអង្គសវនាការអតីតប្រធានាធិបតីហូស្នី មូបារ៉ាក់ ដោយមានដាក់ពង្រាយកងកម្លាំងសន្តិសុខដ៏ច្រើននៅខាងក្រៅអាគារតុលាការដើម្បីការពារមិនឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកប្រឆាំងជាមួយនឹងក្រុមអ្នកគាំទ្រមេដឹកនាំដែលត្រូវគេបណ្តេញចេញពីតំណែងនេះ។
អ៊ីរ៉ាក់៖ លោកឡេអូ ប៉ាណេតា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថាមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេទាក់ទងនឹងការរក្សាកងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីពេលកំណត់ចុងក្រោយដែលត្រូវដកកងកម្លាំងចេញក្នុងឆ្នាំនេះ។
អាល្លឺម៉ង់/សហគមន៍អឺរ៉ុប៖ តុលាការធម្មនុញ្ញរបស់ប្រទេសអាល្លឺម៉ង់បានរក្សាទុកការចូលរួមរបស់ប្រទេសនេះក្នុងមូលនិធិសង្គ្រោះសហភាពអឺរ៉ុប ប៉ុន្តែនិយាយថាសភាអាល្លឺម៉ង់គួរតែមានសំឡេងធំជាងមុនក្នុងការរៀបចំកញ្ចប់សង្គ្រោះសេដ្ឋកិច្ច។
ប៉ាស៊ីហ្វិក៖ មេដឹកនាំដែនកោះក្នុងសមុទ្រប៉ាស៊ីហ្វិកកំពុងអំពាវនាវរកជំនួយអន្តរជាតិដើម្បីដោះស្រាយបញ្ហាកើនឡើងកម្ពស់ទឹកសមុទ្រដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុសាកលលោក។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកគ្រោងនឹងជួបពិភាក្សាដេញដោលគ្នានៅយប់ថ្ងៃពុធនេះនៅឯបណ្ណាល័យលោកប្រធានាធិបតីរ៉ូណាល់ រីហ្កេន ក្នុងរដ្ឋកាលីហ្វ័រញ៉ា ។ នេះជាការជួបពិភាក្សាដេញដោលគ្នាលើកដំបូងបង្អស់ក្នុងចំណោមការ ពិភាក្សាដេញដោលគ្នាដែលមានជាបន្តទៀត។
អាហ្វ្រិកខាងកើត៖ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិព្យាករណ៍ថានឹងមានទឹកភ្លៀងធ្លាក់ធម្មតាឡើងវិញ ឬអាចលើសពីកម្រិតធម្មតាក្នុងភាគខាងត្បូងប្រទេសសូម៉ាលីដែលកំពុងទទួលរងគ្រោះដោយសារគ្រោះទុរ្ភិក្ស។
អាល់ហ្សេរី៖ ក្រុមគណៈប្រតិភូមកពីប្រទេសជិត៤០បានមកជួបជុំគ្នាក្នុងប្រទេសអាល់ហ្សេរីដើម្បីចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃដើម្បីពិភាក្សាអំពីការគំរាមកំហែងនៃក្រុមមានទំនាក់ទំនងនឹងក្រុមអាល់កៃដានៅតំបន់អាហ្វ្រិកខាងជើង។
ព័ត៌មាននៅពេលមុននេះ៖
តួកគី៖ ប្រទេសតួកគីនិយាយថាខ្លួនផ្អាកពាណិជកម្មយោធានិងសហប្រតិបត្តិការយោធាជាមួយប្រទេសអ៊ីស្រាអែល ហើយបង្កើនការឃ្លាំមើលដោយកងនាវាចម្បាំងនៅក្នុងផ្ទៃទឹកនៃសមុទ្រមេឌីទែររ៉ាណេ ជាការឆ្លើយតបនឹងការប្រកែកដោយអ៊ីស្រាអែលដែលមិនព្រមសុំអភ័យទោសដល់ការឆ្មក់វាយប្រហារដ៏ប្រល័យមួយទៅលើនាវាដឹកជំនួយតួកគីមួយគ្រឿងកាលពីឆ្នាំទៅមិញ។
ស៊ីរី៖ សហភាពអឺរ៉ុបកំពុងចាត់វិធានការដើម្បីដាក់កំហិតទ័ណ្ឌកម្មបន្ថែមទៅលើប្រទេសស៊ីរីចំពោះការបង្ក្រាបដ៏ឃោរឃៅរបស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំង។ក្រសួងការបរទេសបារាំងនិយាយកាលពីថ្ងៃអង្គារថា ពួកអ្នកការទូតកំពុងពិចារណាអំពីវិធានការដែលយកជាទីដៅក្រុមហ៊ុនទាំងទ្បាយណាដែលមានការទាក់ទិនជាមួយការបង្ក្រាបក្រុមជនស៊ីវិលនៅស៊ីរី។
លីប៊ី៖ ក្បួនរថយន្តយ៉ាងតិចណាស់២រយគ្រឿងដែលដឹកកងកម្លាំងស្មោះត្រង់ជាមួយ Moammar Gadhafi ប្រទេសលីប៊ីបានឆ្លងព្រំដែនចូលទៅក្នុងប្រទេសជិតខាងនីហ្សេ ពេលដែលក្រុមយុទ្ធជនប្រឆាំងនឹង Gadhafi បានបន្តប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងចុងក្រោយបង្អស់របស់មេដឹកនាំដែលបានត្រូវបណ្តេញពីតំណែង។
ប៉ាគីស្ថាន៖ គណៈកម្មការប៉ាគីស្ថានបានដាក់កំហិតមិនឱ្យវេជ្ជបណ្ឌិតប៉ាគីស្ថានម្នាក់ធ្វើដំណើរទៅប្រទេសក្រៅទេ។ វេជ្ជបណ្ឌិតរូបនេះបានជួយសហរដ្ឋអាមេរិកក្នុងការឆ្មក់វាយប្រហារនៅថ្ងៃទី២ ឧសភា ដែលបានសម្លាប់អូសាម៉ា ប៊ីនឡាដេន មេរបស់អង្គការអាល់កៃដា។
លីប៊ី៖ ក្រុមជំនួយអន្តរជាតិមួយនិយាយថាពួកអ្នកផ្លាស់ប្តូរលំនៅដ្ឋាននៅអាហ្វ្រិក១ពាន់២រយនាក់បានជាប់គាំងនៅក្រុងមួយនាផ្នែកខាងត្បូងប្រទេសលីប៊ី ជាមួយម្ហូបអាហារនិងទឹកដែលរលោះបន្តិចម្តងៗ។
អាហ្វហ្គានីស្ថាន / អ៊ីរ៉ាក់៖ អតីតឧត្តមសេនីយសហរដ្ឋអាមេរិក ដែលបានបញ្ជាក្រុមទាហានដែលបានត្រូវបន្ថែមនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសអាហ្វហ្គានីស្ថាន នៅពេលនេះជាអ្នកឱ្យបញ្ជានៅក្នុងទីភ្នាក់ងារស៊ើបការសម្ងាត់ CIA។
នីហ្សេរីយ៉ា៖ ពួកប៉ូលីសសម្ងាត់នៃប្រទេសនីហ្សេរីយ៉ា និយាយថាពួកគេបានចាប់ខ្លួនមនុស្ស៦នាក់ដែលមានការទាក់ទងជាមួយនិកាយសាសនាអ៊ីស្លាមនិយមជ្រុលមួយដែលជាប់សង្ស័យថាបានដាក់គ្រាប់បែកឱ្យផ្ទុះនៅក្នុងការិយាល័យបោះឆ្នោតមួយនិងក្នុងព្រះវិហារគ្រឹស្តសាសនាមួយកាលពីពេលមុននេះក្នុងឆ្នាំនេះ។