ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣១ សីហា

រូបសំណាក​លោក Moammar Gadhafi ត្រូវ​បាន​ចង​​ព្យួរ​នឹង​​រន្ទា​នៅ​ទីលាន​ទុក្ករបុគ្គល (Martyrs' Square) នៅ​ទី​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី នៅ​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

លីប៊ី៖ ប្រជាពលរដ្ឋ​លីប៊ី​រាប់ពាន់​នាក់​បាន​ធ្វើ​ពិធី​បញ្ចប់​ខែ​ពិសិដ្ឋ​របស់​សាសនា​អ៊ីស្លាម​នៃ​បុណ្យ​រ៉ាម៉ាដាន់​ (Ramadan)​ នៅ​លើ​ទី​លាន​ដ៏​ធំ​ទូលាយ​នៃ​ទីក្រុង​ទ្រីប៉ូលី​ ខណៈពេល​ដែល​អាជ្ញាធរ​ស្តីទី​របស់​ប្រទេស​នេះ​ជំរុញ​ឲ្យ​កង​កម្លាំង​ដែលស្មោះស្ម័គ្រ​ជាមួយ​លោក​ ម៉ូអាម៉ា​ ហ្កាដាហ្វី​ នៅ​ក្នុង​ទីក្រុង​ស៊ឺដតេ​ (Sirte)​ ដែល​ជា​ស្រុកកំណើត​របស់​លោក​ ទម្លាក់​អាវុធ។

ស៊ីរី៖ សកម្មជនសិទ្ធិ​មនុស្ស​ស៊ីរី និង​អ្នករស់នៅ​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​ស៊ីរី ​និយាយ​ថា​កងកម្លាំង​សន្តិសុខ​និង​រថក្រោះ​រដ្ឋាភិបាល​បានធ្វើ​ការ​វាយប្រហារថ្មីៗ​ទៅលើ​ផ្ទះ​អ្នក​ស្រុក​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​ស៊ីរី ដើម្បី​ស្វែង​រក​សកម្មជន​ប្រឆាំង​រដ្ឋាភិបាលនៅ​ក្នុង​ការ​បង្ក្រាបជា​បន្ត​ចំពោះ​ការ​ប្រឆាំង​តវ៉ា។

សហរដ្ឋ​អាមេរិក៖ ក្រុម​អ្នក​សង្គ្រោះ​គ្រា​អាសន្ននៅ​ក្នុង​ភាគ​ឦសាន​នៃ​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​ដឹក​ជញ្ជូន​ម្ហូប​អាហារ​និង​ទឹក​តាម​យន្តហោះទៅ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ជាប់គាំង​ដោយសារ​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ​សង្ឃរា​អាយរីន​ (Irene)។

ប៉ាគីស្ថាន៖ កងកម្លាំង​នគរបាល​ប្រទេស​ប៉ាគីស្ថាន​ និយាយ​ថា​ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជិៈ​រថយន្ត​ជាប់​សង្ស័យ​ម្នាក់​ បាន​សម្លាប់​មនុស្ស​ ១០​ នាក់​ និង​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​ ១៧​ នាក់​ផ្សេងទៀត​រងរបួស​ ខណៈពេល​ដែល​មនុស្សជា​ច្រើន​នាក់​កំពុង​ធ្វើដំណើរ​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​របស់​ខ្លួន​វិញ​ ពី​ពិធី​សូត្រ​ធម៌​នៅ​ពេល​ព្រឹក នៅ​ក្នុង​ការ​ចាប់ផ្តើម​នៃ​ថ្ងៃ​ឈប់​សំរាក​នៃ​ពិធី​បុណ្យ​ដ៏​ធុំ​មួយ​របស់​សាសនា​អ៊ីស្លាម។

ចិន៖ កាលពី​ថ្ងៃ​អង្គារ​ តុលាការ​មួយ​របស់​ប្រទេស​ចិន​បាន​កាត់​ទោស​ព្រះ​សង្ឃ​ជាតិ​ទីបេ​ ពីរ​អង្គ​ឲ្យ​ជាប់​ពន្ធនាគារ​យូរ​ឆ្នាំ​ នៅក្នុង​រឿងក្តី​មិន​ប្រក្រតី​មួយ​ ដែល​បាន​ធ្វើឲ្យ​អន្តរជាតិ​មាន​ការ​ចាប់​អារម្មណ៍​ជា​ទូទៅ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ក្រុម​កុមារ​ដើរ​ដង្ហែ​នៅ​តាម​ផ្លូវ​ ដោយ​កាន់​គប់​ភ្លើង​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Eid al-Fitr ដែល​សម្គាល់​ថ្ងៃ​បញ្ចប់​នៃការ​តម​អាហារ​ក្នុង​ខែ​រ៉ាម៉ាដាន់​របស់​ជន​មូស្លីម​ នៅ​ក្នុង​ទី​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ​២០១

អារ៉ាប់៖ ក្រុម​អ្នកគោរព​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេសអេហ្សីប​ ស៊ីរី ​និង​ប្រទេស​អារ៉ាប់ឯទៀតៗ​បាន​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​នេះ​កាល​ពី​ថ្ងៃអង្គារ ​ដោយ​មាន​មនុស្ស​ទៅ​សូត្រ​ធ៌ម​ពេញ​ព្រះវិហារ។ ​អ្នកកាន់​សាសនាអ៊ីស្លាម​ក្នុង​ប្រទេសមិន​មែន​ជា​អារ៉ាប់​មួយ​ចំនួន ​ដោយ​មាន​រួម​បញ្ចូល​ប្រទេស​រុស្សី​ តួកគី​និង​អាហ្វហ្គានីស្ថាន​បាន​ចាប់ផ្តើម​ប្រារព្ធ​បុណ្យ ​Eid កាល​ពី​ថ្ងៃ​អង្គារ។ ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅទូទាំង​ពិភពលោក​ប្រារព្ធ​បុណ្យ​ Eid al-Fitr ​បី​ថ្ងៃ​ដែល​កំណត់ដំណាច់​ខែរ៉ាម៉ាដាន់។

កម្ពុជា៖ ពួក​សមាជិក​គ្រួសារ​បាន​និយាយ​ថា ​លោក​ វ៉ាន់​ណាត ​ជា​ជន​ម្នាក់​ក្នុង​បណ្តា​មនុស្ស​៧​នាក់​ដែល​នៅ​រស់ក្នុង​មជ្ឈមណ្ឌល​ទារុណកម្ម​ដ៏​អប្រិយ​មួយ​របស់​ពួក​ខ្មែរក្រហម​ បាន​ភ្លឹក​ឥត​ដឹង​ខ្លួននៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ប្រទេសកម្ពុជា។

នេប៉ាល់៖ អង្គការ​សហប្រជាជាតិ​និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ប្រទេស​នេប៉ាល់​បាន​សុំ​ដល់​រដ្ឋាភិបាលខ្លួន​ឱ្យ​ស៊ើបអង្កេត​អំពី​មនុស្ស​រាប់​រយ​នាក់​ដែល​នៅ​តែ​បាត់​ខ្លួន ​នៅ​ក្រោយ​ការ​បះបោរ​ដែល​មាន​រយៈពេល​មួយ​ទសវត្សរ៍​ដែល​បាន​ចប់​កាល​ពី​ប្រាំ​ឆ្នាំ​មុន​នេះ។

លីប៊ី៖ ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​ដែល​ជា​ក្រុម​ប្រឆាំងប្រទេស​លីប៊ីបាន​ប្រកាស​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​បួ​ន​ថ្ងៃ​សម្រាប់​ឱ្យ​កងកម្លាំង​ស្មោះត្រង់​ជា​មួយ​ Moammar Gadhafi ​នៅ​ក្នុង​ក្រុង Sirte ដែល​ជា​ក្រុង​កំណើត​របស់​លោក​ព្រម​ចុះចាញ់។

ស៊ីរី៖ កងកម្លាំង​រដ្ឋាភិបាល​ស៊ីរីបាន​សម្លាប់​មនុស្ស​៧​នាក់​ក្រោយ​ពី​បាន​បាញ់​កាំភ្លើង​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី​មួយ​នៃ​បុណ្យសាសនា​អ៊ីស្លាមដែល​កំណត់​ការ​បញ្ចប់​ពិធី​រ៉ាម៉ាដាន់។

អ៊ីរ៉ង់​៖ ប្រទេស​អ៊ីរ៉ង់​បានផ្តល់​តម្រុយ​ដល់​ក្រុម​ឧទ្ទាម​នៃ​ប្រទេស​លីប៊ី​ ដោយ​ប្រកាស​អំពី​ការទាក់ទង​ជា​ផ្លូវការ​លើក​ទី​មួយ​របស់​ខ្លួន​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ដែល​ជា​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​លីប៊ី​ដែល​ហៅ​កាត់​ថា​ TNC។