ព័ត៌មានចុងក្រោយបំផុត៖
វៀតណាម៖ សភាជាតិរបស់វៀតណាមបានយល់ព្រមចំពោះគណៈរដ្ឋមន្រ្តីថ្មី ដែលមានសមាសភាពភាគច្រើនជាអ្នកគាំទ្រនាយករដ្ឋមន្រ្តី Nguyen Tan Dung។
អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានចាប់ផ្តើមកាត់ទោសអតីតប្រធានាធិបតី Hosni Mubarak ដែលបានស្ថិតនៅក្នុងបន្ទប់តុលាការនៅថ្ងៃពុធនេះរយៈពេល៦ខែបន្ទាប់ពីលោកបានត្រូវទម្លាក់ចេញពីអំណាចនៅក្នុងបដិវត្តន៍មួយដែលមានរយៈពេល១៨ថ្ងៃដែលអំពាវនាវឲ្យមានការធ្វើកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យ។
ចិន/ស.រ.អ.៖ ចិនដែលជាម្ចាស់បំណុលដ៏ធំបង្អស់របស់សហរដ្ឋអាមេរិក កំពុងបញ្ជូនសញ្ញាពីការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងនៅសប្តាហ៍នេះដើម្បីដំឡើងការកម្រិតប្រាក់បំណុលរបស់សហរដ្ឋអាមេរិក និងចំពោះមធ្យោបាយដែលគេបានសម្រេចកិច្ចព្រមព្រៀងនោះ។
ចិន៖ បណ្តាញផ្សាយព័ត៌មានរដ្ឋចិនរាយការណ៍ថា មនុស្សជាង២លាននាក់ក្នុងតំបន់រាំងស្ងួត កំពុងទទួលរងគ្រោះពីការខ្វះទឹកបរិភោគយ៉ាងខ្លាំង។
ស៊ីរី៖ កងកម្លាំងសន្តិសុខនៃប្រទេសស៊ីរីបានពង្រីកការឡោមព័ទ្ធប្រកបដោយការបង្ហូរឈាមរបស់ខ្លួនប្រឆាំងពួកបាតុករប្រឆាំងរដ្ឋាភិបាល ដោយធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងរយៈពេល៣ថ្ងៃមានចំនួនលើសពី១៣០នាក់នៅពេលដែលសហគមន៍អន្តរជាតិបានធ្វើឲ្យរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad កាន់តែឯកកោខ្លាំងឡើង។
លីប៊ី៖ គ្រួសាររបស់មេដឹកនាំយោធាឧទ្ទាមលីប៊ីដែលបានត្រូវគេធ្វើឃាតុកាលពីសប្តាហ៍មុននិយាយថា កុលសម្ព័ន្ធដ៏មានអំណាចមួយអាចស្វែងរកយុត្តិធម៌ដោយខ្លួនឯងប្រសិនបើពួកមេដឹកនាំប្រឆាំងខកខានមិនបានបញ្ចេញថាតើនរណាស្ថិតនៅខាងក្រោយនៃការសម្លាប់នោះទេ។
ជប៉ុន៖ សភាជប៉ុនបានអនុម័តផែនការមួយដើម្បីសងជំងឺចិត្តដល់ជនរងគ្រោះនៃមហន្តរាយរោងចក្រនុយក្លេអ៊ែរ Daiichi នៃទីក្រុង Fukushima។
អូស្ត្រាលី៖ ចៅក្រមអូស្រ្តាលីម្នាក់បានផ្អឹបទ្រព្យសម្បត្តិមកពីសៀវភៅដែលបានសរសេរដោយ David Hick អតីតអ្នកទោសច្រកសមុទ្រ Guantanamo អំពីការជាប់ក្នុងមន្ទីរឃុំឃាំងរបស់លោកនៅមជ្ឈមណ្ឌលឃុំឃាំងភេរវកម្មរបស់សហរដ្ឋអាមេរិក។
ការ៉ាអ៊ីប៖ ការព្រមាននិងការតាមដានចំពោះដំណើរខ្យល់ព្យុះតំបន់ត្រូពិក បានត្រូវប្រកាសនៅផ្នែកនានានៃតំបន់សមុទ្រការ៉ាអ៊ីប នៅពេលដែលខ្យល់ព្យុះតំបន់ត្រូពិក Emily ត្រូវគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់កោះ Hispaniola នៅយប់ថ្ងៃពុធនេះ។
ព័ត៌មាននៅពេលមុននេះ៖
ថៃ៖ របាយការណ៍ព័ត៌មានអាស៊ីនិយាយថា តុលាការឧក្រិដ្ឋកម្មមួយក្នុងប្រទេសថៃបានអនុញ្ញាតឱ្យមានការបង់ប្រាក់ធានានៅក្រៅឃុំសម្រាប់អតីតមេដឹកនាំក្រុមប្រឆាំង២នាក់ដែលជាប់គុក ដោយត្រូវចោទពីបទភេរវកម្មកាលពីឆ្នាំទៅមិញ ក្នុងការទាក់ទិនជាមួយបាតុកម្មដ៏ធំប្រឆាំងនឹងរដ្ឋាភិបាល ហើយបង្កឲ្យមនុស្សយ៉ាងតិចណាស់៩០នាក់ស្លាប់។
វៀតណាម៖ តុលាការឧទ្ធរណ៍មួយក្នុងប្រទេសវៀតណាមបានរក្សាទុកទោសជាប់គុក៧ឆ្នាំសម្រាប់អ្នកប្រឆាំងម្នាក់ដែលជាកូនប្រុសរបស់អ្នកបដិវត្តម្នាក់ក្នុងបណ្តាពួកអ្នកបដិវត្តវៀតណាម។
ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការជជែកដេញដោលគ្នាក្នុងថ្ងៃទីពីរអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយថ្កោលទោសអំពើហិង្សាក្នុងប្រទេសស៊ីរី។
លីប៊ី៖ ពួកទាហានរដ្ឋាភិបាលលីប៊ី និងក្រុមឧទ្ទាមប្រយុទ្ធគ្នានៅជិតក្រុង Zlitan ខាងកើតប្រទេសលីប៊ី ដែលនៅទីនោះក្រុមយុទ្ធជនឧទ្ទាមកំពុងខិតខំព្យាយាមដណ្តើមការត្រួតត្រាតំបន់នោះពីកងកម្លាំងរដ្ឋាភិបាល។
សូម៉ាលី៖ ពួកមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកអូបាម៉ាបាននិយាយកាលពីថ្ងៃអង្គារថាពួកគេបានចេញគោលការណ៍ណែនាំថ្មីក្នុងសេចក្តីសង្ឃឹមថានឹងបង្កើនជំនួយដល់ប្រទេសសូម៉ាលីដែលមានបញ្ហារាំងស្ងួតនិងទូរភិក្ស។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីអាហ្វហ្គានីស្ថាននិយាយថាពួកអ្នកដាក់គ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សយ៉ាងតិចណាស់បួននាក់ និងធ្វើឱ្យមនុស្ស១០នាក់ទៀតត្រូវរបួសក្នុងផ្នែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិក៖ ក្រុមសមាជិកព្រឹទ្ធសភាស.រ.អ.បានបោះឆ្នោត៧៤សម្លេងទល់នឹង២៦ដើម្បីគាំទ្រវិធានការសម្របសម្រួលនេះដោយបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅជូនលោកប្រធានាធិបតីក្នុងរយៈពេលតិចជាង១២ម៉ោងមុនពេលរដ្ឋាភិបាលគ្មានប្រាក់សងបំណុល។