ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ អ្នកជំនាញការខាងសុខាភិបាលម្នាក់បានប្រាប់តុលាការខ្មែរក្រហមនៃប្រទេសកម្ពុជានៅថ្ងៃច័ន្ទនេះថា ចុងចោទម្នាក់ក្នុងចំណោមចុងចោទបួននាក់កំពុងមានជំងឺបាត់បង់ស្មារតីហើយអាចមានជំងឺវង្វេងវង្វាន់។
ជប៉ុន៖ គណបក្សកំពុងកាន់អំណាចជប៉ុន បានបោះឆ្នោតជ្រើសរើសលោកយ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko Noda) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជាមេដឹកនាំថ្មីរបស់ខ្លួន ដែលករណីនេះមានន័យថាអ្នកអភិរក្សនិយមផ្នែកហិរញ្ញវត្ថុនេះនឹងប្រាកដជាក្លាយជានាយករដ្ឋមន្ត្រីទី៦របស់ប្រទេសជាតិនាពេលឆាប់ៗ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ជប៉ុន៖ លោកយ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko Noda) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ជាអ្នកគាំទ្រនាយករដ្ឋមន្រ្តីចេញពីតំណែង ណាអុតុ កាន់ (Naoto Kan)យ៉ាងខ្ជាប់ខ្ជួន ហើយគេរំពឹងថា គាត់នឹងបន្តនយោបាយរបស់លោក កាន់ (Kan)។
អាស៊ី៖ ខ្យល់ព្យុះសង្ឃរាទីហ្វុងណាន់ម៉ាឌុល (Nanmadol) បានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយនឹងមានខ្យល់បក់ក្នុងល្បឿនជាងមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលដែលវាឆ្លងកាត់កោះតៃវ៉ាន់ភាគខាងត្បូង និងខាងកើតនៅថ្ងៃច័ន្ទនេះ ដោយបានធ្វើឲ្យសាលារៀន និងកន្លែងអាជីវកម្មផ្សេងៗបិទទ្វារ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីទីលំនៅ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសភាពអាសន្នក្នុងរដ្ឋមួយចំនួនដែលរងការបក់បោកដោយសារខ្យល់ព្យុះសង្ឃរាឈ្មោះ អាយរីន (Irene) រួមមានរដ្ឋ North Carolina, Virginia, និងទីក្រុងញូវយ៉ក ដើម្បីផ្តល់ធនធានសហព័ន្ធឲ្យបានគ្រប់គ្រាន់ដល់រដ្ឋទាំងនោះ។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានឡោមពទ័្ធទីក្រុងភាគកណ្តាលដែលជាទីកន្លែងនៃការតវ៉ាប្រឆាំងប្រធានាធិបតី បាសៀរ អាល់ អាសេដ (Bashar al- Assad)។ ពួកសកម្មជននិយាយថា កងទ័ពដែលឡោមព័ទ្ធទីក្រុងរ៉ាស់តាន់ (Rastan) បានបាញ់កាំភ្លើងយន្តនៅថ្ងៃច័ន្ទនេះ ដោយបន្តបង្ក្រាបការងើបបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យដែលមានរយៈពេល៥ខែនោះ។
លីប៊ី៖ កងកម្លាំងប្រឆាំងនឹងលោកហ្កាដាហ្វី (Gadhafi) នៃប្រទេសលីប៊ី កំពុងខិតចូលកាន់តែជិតទីក្រុងស៊ឺដ (Sirte)ដែលជាស្រុកកំណើតរបស់ម៉ូអាម៉ារ ហ្ដាដាហ្វី (Moammar Gadhafi) ខណៈពេលដែលពួកគេបន្តស្វែងរកមេដឹកនាំចុះខ្សោយរូបនេះបន្ទាប់ពីពួកគេបានត្រួតត្រារដ្ឋធានីលីប៊ីរួចមក។
ចិន៖ ឧត្តមសេនីយ៍ចិនម្នាក់និយាយក្នុងរូបភាពវីដេអូដែលគេបានមើលឃើញជាទូទៅថា ប្រទេសរបស់លោក ខកខានមិនបានកាត់ទោសចារបុរសល្បីៗក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ពីព្រោះតែរឿងក្តីនោះជារឿងអាម៉ាស់បំផុតបើផ្សាយជាសាធារណៈនោះ។
ព័ត៌មាននៅពេលមុននេះ៖
សហរដ្ឋអាមេរិក៖ លោកស្រី Janet Napolitano រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបានសុំដល់ប្រជារាស្ត្រដែលឋិតនៅក្នុងតំបន់ដែលខ្យល់ព្យុះ Irene បោកបក់លើឱ្យមានការប្រុងប្រយ័ត្ន ទោះណាជាខ្យល់ព្យុះនេះបានបក់ហួសទៅហើយ ក៏នៅមានគ្រោះថ្នាក់ដែរ។
តៃវ៉ាន់៖ កោះតៃវ៉ាន់កំពុងត្រៀមសម្រាប់ខ្យល់ព្យុះទីហ្វុងដ៏សាហាវមូយដែលបោកបក់ទៅទិសខាងជើងពីប្រទេសហ្វីលីពីន ដែលនៅទីនោះវាបានបោកបក់លើកោះ Luzon ជាកោះធំជាងគេ ជាមួយការធ្លាក់ភ្លៀងនិងមានខ្យល់ខ្លាំងជាច្រើនថ្ងៃបណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់៨នាក់ស្លាប់។
លីប៊ី៖ ក្រុមឧទ្ទាមលីប៊ីនិយាយថា ពួកគេបានវាយយកបានក្រុង Bin Jawad នៅជាប់មាត់សមុទ្រ ក្រោយពីបានប្រយុទ្ធច្រើនថ្ងៃជាមួយពួកយុទ្ធជនដែលស្មោះត្រង់ជាមួយ Moammar Gadhafi។
ស៊ីរី៖ ប្រទេសស៊ីរីបានច្រានចោលសេចក្តីថ្លែងការណ៍មួយរបស់សម្ព័ន្ធអារ៉ាប់ដែលបានអំពាវនាវឱ្យមានការបញ្ឈប់អំពើហិង្សាព្រៃផ្សៃ ដែលបានធ្វើឱ្យមានការភិតក្នុងប្រទេស ពេលដែលរដ្ឋាភិបាលបង្ក្រាបការបះបោរលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យដែលមានរយៈពេល៥ខែមកហើយ។
ប៉ាគីស្ថាន៖ អ្នកនយោបាយជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជារាស្ត្រប៉ាគីស្ថានដែលជាបក្សគ្រប់គ្រងប្រទេសបានលាលែងចេញពីតំណែងរបស់លោកក្នុងក្រុង Karachi ប៉ែកខាងត្បូងប្រទេស ដោយបានចោទប្រកាន់បក្សធំជាងគេក្នុងក្រុងនេះថាបានធ្វើឃាតកម្មនិងប្រព្រឹត្តភេរវកម្ម។
នេប៉ាល់៖ សភានៃប្រទេសនេប៉ាល់បានបោះឆ្នោតជ្រើសតាំងមេដឹកនាំនិយមលទ្ធិម៉ៅសេទង់ជាន់ខ្ពស់ម្នាក់ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។