ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២២ កក្កដា

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក​ស្រី ហ៊ីល្លារី រ៉ូដាម គ្លីនតុន (Hillary Rodham Clinton) ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

អាស៊ាន៖ លោកស្រី​ Hillary​ Clinton ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​សរសើរ​ប្រទេស​ចិន​និង​សមាគម​អាស៊ាន​ចំពោះ​ការ​ឈោង​ទៅ​ដល់​ការ​ព្រម​ព្រៀង​ដំបូង​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែនដី​ដោយ​សន្តិវិធី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ភូមា៖ លោកស្រី​ Hillary​ Clinton​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ​ដល់​ភូមា​ ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ ដោះស្រាយ​កង្វល់​អំពី​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ និង​ចាប់ផ្តើម​សន្ទនា​ជាមួយ​លោក​ស្រី​ Aung San Suu Kyi ​មេដឹកនាំ​គណបក្ស​ប្រឆាំង។

កូរ៉េ៖ ពួក​មន្រ្តី​កូរ៉េ​ខាងត្បូង​និយាយ​ថា ​បេសកជន​នុយក្លេអ៊ែរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​ចរចា​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ខាង​ក្រៅ​សន្និសីទ​សន្តិសុខ​អាស៊ាន​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី។

សហរដ្ឋ​អាមេរិក៖ ការ​ចរចា​ដ៏​ខ្លាំងក្លា​កំពុង​បន្ត​ធ្វើ​ឡើង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ស្តីពី​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការ​ចំណាយ​ និង​បញ្ចៀស​ពី​ការ​មិន​សងបំណុល​ដែល​សហរដ្ឋ​អាមេរិក​បាន​ជំពាក់​យ៉ាងច្រើន​នោះ។

ចិន៖ មនុស្ស​យ៉ាង​ហោច​ណាស់​៤១នាក់ ​បាន​ស្លាប់​ហើយ​៦នាក់​ទៀត​បាន​រង​របួស​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ពេល​ដែល​រថយន្ត​ដឹក​អ្នក​ដំណើរ​ផ្ទុក​ហួស​ចំណុះ​ បាន​ឆេះភ្លើង​ក្នុង​តំបន់​កណ្តាល​នៃ​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក៖ បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​បាន​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​សម្លាប់​គ្រួសារ​មួយ​ដែល​មាន​សមាជិក​បីនាក់​ នៅ​ក្នុង​អ្វី​ដែល​គេ​ជឿជាក់​ថា​ជា​ការ​ប្រហារ​ជីវិត​ដែល​មាន​ការ​ថត​កាសែត​វីដេអូ​លើក​ដំបូង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​នេះ។

ក្រិក៖ ប្រទេស​ក្រិក​កំពុង​សម្តែង​នូវ​ការ​ធូរ​ស្បើយ​បន្ទាប់​ពី​ការ​បញ្ចេញ​កម្មវិធី​ហិរញ្ញវត្ថុ​ក្នុង​គ្រា​អាសន្ន​ទី២​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​អឺរ៉ុប ​ក្នុង​គោលបំណង​បញ្ចៀស​មិន​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ Athens​ ខកខាន​មិន​បាន​សង​បំណុល​ដ៏​ធំ​សម្បើម​ និង​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ដល់​រូបិយប័ណ្ណ​រួម​អឺរ៉ុប។

ស៊ែរប៊ី៖ ប្រទេស​ស៊ែរប៊ី​បាន​ធ្វើ​បត្យាប័ន​ Goran​ Hadzic ​អតីត​មេដឹកនាំ​ជនជាតិ​ភាគតិច​ស៊ែប​នៃ​ប្រទេស​ក្រូអាស៊ី​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទីក្រុង​ឡាអេ​នៃ​ប្រទេស​ហូឡង់។

ចិន៖ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ទៀត​របស់​ចិន​ បាន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ក្នុង​រឿងក្តី​ថ្មីៗ​បំផុត ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ផ្លូវ​រថភ្លើង។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ស្ត្រី​សូម៉ាលី​ដែល​បាន​រត់​ចោល​លំនៅដ្ឋាន​ រង់ចាំ​ទទួល​ជំនួយ​អាហារ​នៅ​ឯ​ជំរំ​មួយ​នៅ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កក្កដា​ឆ្នាំ​២០១១។

សូម៉ាលី៖ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​នៃ​អ.ស.ប​ ឲ្យ​ដឹង​ថា នៅ​ពេល​ឆាប់ៗ​នេះ​ខ្លួន​នឹង​បើក​ផ្លូវ​ថ្មី​មួយ​ចំនួន​ទៅ​កាន់​តំបន់​ខ្លះនៃ​ប្រទេស​សូម៉ាលី កំពុង​ទទួល​រងគ្រោះ​ទុរ្ភិក្ស​ ដែល​នៅ​ទី​នោះ​វត្ដមាន​របស់​ពួក​សកម្មប្រយុទ្ធ​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ទៅ​ដល់​មនុស្ស​កំពុង​អត់​ឃ្លាន។

លីប៊ី​៖ ក្រុម​មេ​ដឹកនាំ​ពួក​បះបោរ​លីប៊ី ​ដែល​កំពុង​តែ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ និយាយ​ថា ​បាន​សុំ​លោក​ប្រធានាធិបតី​ Nicolas Sarkozy​ ឲ្យ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឲ្យ​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ដណ្ដើម​យក​ទី​ក្រុង​ទ្រីប៉ូលី​មក​គ្រប់​គ្រង​ ដែល​ជា​ទី​ក្រុង​ការពារ​រឹង​មាំ​របស់​លោក​មេដឹកនាំ​ Moammar Gadhafi​ ។

ស.រ.អ៖ យាន​អាវកាស​ចម្លង​ Atlantis បាន​ចុះ​ចត​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ជា​ការ​បញ្ចប់​បេសកកម្ម​រយ: ពេល​៣០​ឆ្នាំ​របស់យាន​អាវកាស​ចម្លង នៃ​ស.រ.អ។

ស.រ.អ៖ អ្នក​នាំ​ពាក្យ​សេតវិមាន​និយាយ​ថា​ លោក​គ្មាន​ការ​ជឿនលឿន​អ្វី​នឹង​រាយការណ៍​អំពី​ការ​សន្ទនា​គ្នា​អំពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ និង​ការ​ចៀសវាងការ​គ្មាន​ប្រាក់​សំណង​ប្រាក់​កម្ចី​យ៉ាង​ច្រើន​លើស​លប់ទេ​ តែថា​ស.រ.អ​នឹង​សង​ប្រាក់​បំណុល​ឲ្យ​ទាន់​ពេល​វេលា។

ម៉ាឡាវី​៖ ប្រធានាធិបតី​ប្រទេស​ម៉ាឡាវី​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងៀម​ក្រោយ​ពេល​ដែល​មាន​មនុស្ស​យ៉ាង​តិច​៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ពើប​ប្រយុទ្ធ​គ្នា​ រវាង​ប៉ូលីស​ និង​ក្រុម​ តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

ស.រ.អ៖ សេចក្ដី​ប្រកាស​ដំណឹង​របស់​រដ្ឋាភិបាល​ស.រ.អ​ព្រមាន​ថា ​ពួក​និយម​ជ្រុលហួស​ប្រើ​អំពើ​ហឹង្សា​ អាច​ខំ​ព្យាយាម​ប្រើ​អ្នក​រនុក​ក្នុង​ដើម្បី​ឲ្យ​អាច​ធ្វើ​ឲ្យ​ខូចខាត​ទីកន្លែង​ទឹក​ ភ្លើង ​និង​ទូរស័ព្ទ​ជា​ដើម​ រួម​មាន​រោងចក្រ​គីមី​ កន្លែង​ចំរ៉ាញ់​ប្រេង និង​រោង​ចក្រនុយគ្លេអ៊ែរ​បាន។

ក្រិក​៖ ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​អនុម័ត​លើ​វិធានការ​មួយ​ចំនួន​មាន​គោល​ដៅ ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប្រទេស​ក្រិក​គ្មានប្រាក់​សំណង​ប្រាក់​បំណុល​យ៉ាង​ច្រើន​លើស​លប់របស់​ខ្លួន​ ហើយ​ធ្វើ​ឲ្យ​រូបិយប័ណ្ណអឺរ៉ុប​រួម​គ្មាន​លំនឹង​។

អាហ្វហ្គានីស្តាន៖ អង្គការ​អូតង់​បាន​ប្រគល់​ការ​ត្រួតត្រា​ផ្នែក​សន្ដិសុខខេត្ដ​ Herat នៅ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្តាន​ទៅ​ឲ្យ​កង​កម្លាំង​សន្ដិសុខប្រទេស​នេះ។

ប៉ាគីស្ថាន៖ រដ្ឋាភិបាល​ប្រទេស​ប៉ាគីស្ថាន​ កំពុងតែ​តវ៉ា​អំពី​ការ​ចាប់បុរស​ម្នាក់​នៅ​ស.រ.អ ដែល​ជាប់​ចោទ​ក្នុង​បទ​តាំង​ខ្លួន​ធ្វើ​ជាភ្នាក់ងារ​ប៉ាគីស្ថាន​ ដើម្បី​ជះ​ឥទ្ធិពល​លើ​មាគ៌ានយោបាយ​របស់​ស.រ.អ​អំពី​ដែនដី​ Kashmir។​ ដែន​ដី​នេះ​ជា​តំបន់​ភ្នំ​ហេមពាន​ដែល​មាន​ជម្លោះ​ ដែល​បែង​ចែក​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ាគីស្ថាន។

ឥណ្ឌា៖ រដ្ឋាភិបាល​ឥណ្ឌា​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​បាញ់​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ​កាំ​ជ្រួច​ ផ្លោង​កាជ្រួចថ្មី​មាន​ប្រតិកម្ម​ភ្លាមៗ​មាន​វង់​ប្រតិបត្ដិការណ៍​ខ្លី។

ចិន៖ ប្រទេស​ចិន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ទម្លាយ​ភាព​ទាល់​ច្រក​នៅ​ក្នុង​បច្ចេកវិទ្យា​នុយគ្លេអ៊ែរ​ ដោយ​បាន​សាក​ល្បង​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយត្រុង​រហ័ស​មួយ។

ស.រ.អ៖ ក្រុម​ហ៊ុន​ធ្វើ​ភេសជ្ជ:​ធំជាង​គេ​ក្នុង​ពិភព​លោក​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​លក់​ឲ្យ​អតថិជន​នៅ​ក្នុង​ប្រទេសអភិវឌ្ឍន៍​ ។ ក្រុម​ហ៊ុន​ PepsiCO មាន​ទី​ស្នាក់ការ​នៅ​ស.រ.អ ដែល​ធ្វើ​ភេសជ្ជ: ​Pepsi Cola និង​ Mountain Dew ឲ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍​ថា​ ការ​លក់​ភេសជ្ជ: ​ នៅ​ស.រ.អ​ ថយ​ចុះ​ក្នុង​រយ:ពេល​បី​ខែ​កន្លង​ទៅ​នេះ។