ព័ត៌មានចុងក្រោយបំផុត៖
អាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់រយនាក់បានប្រមូលផ្តុំគ្នានៅថ្ងៃពុធនេះដើម្បីតវ៉ាប្រឆាំងនឹងការសម្លាប់អតីតប្រធានាធិបតីនិងអ្នកចរចាសន្តិភាព លោក Burhanuddin Rabbani នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងកាប៊ុល។
សហរដ្ឋអាមេរិក/អង្គការសហប្រជាជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ាត្រូវគេរំពឹងថានឹងផ្តោតលើការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែង Arab Spring និងសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ាប្រទេស នៅពេលដែលលោកធ្វើសន្ទរកថានៅមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះ។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា នឹងធ្វើការជួបប្រជុំដាច់ដោយឡែកនៅក្នុងទីក្រុងញូវយ៉កនៅថ្ងៃពុធនេះជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធនេះ ដើម្បីជំរុញឲ្យមានការការពារជម្លោះខាងការទូតនៅអង្គការសហប្រជាជាតិ។
លីប៊ី៖ មន្រ្តីអាជ្ញាធរអន្តរកាលក្នុងប្រទេសលីប៊ី និយាយថាកងកម្លាំងរបស់ពួកគេ បានត្រួតត្រាផ្នែកភាគច្រើននៃទីក្រុងរហោឋាន Sabha នៅភាគខាងត្បូងប្រទេស ដែលជាទីតាំងដ៏រឹងមាំមួយក្នុងចំណោមទីតាំងចុងក្រោយបង្អស់ផ្សេងៗទៀតរបស់អតីតមេដឹកនាំ ម៉ូអាម៉ារ ហ្កាដាហ្វី។
កូរ៉េខាងជើង៖ ពួកអ្នកចរចាពីបញ្ហាអាវុធនុយក្លេអ៊ែរ មកពីប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានអង្គុយចរចាគ្នាក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅថ្ងៃពុធនេះដែលជាការចរចាលើកទីពីរក្នុងរយៈពេល២ខែកន្លងមក។
ជប៉ុន៖ ខ្យល់ព្យុះទីហ្វុង Roke កំពុងធ្វើចលនាតម្រង់មកប្រទេសជប៉ុនភាគឦសាន្តនៅថ្ងៃពុធនេះ ដែលនឹងគំរាមកំហែងបំផ្លិចបំផ្លាញបន្ថែមទៅលើការបំផ្លិចបំផ្លាញដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងក្នុងតំបន់នោះកាលពីខែមិនា។
យេម៉ែន៖ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកក្នុងប្រទេសយេម៉ែន បានរាយការណ៍ពីការបាញ់ប្រហារគ្នាក្នុងរដ្ឋធានីសាណា (Sana'a) ទោះបីជាមានបទឈប់បាញ់គ្នាមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃ ដែលបានសម្លាប់មនុស្សជាង៧០នាក់ហើយនឹងធ្វើឲ្យមនុស្សរាប់រយនាក់ទៀតរងរបួសក៏ដោយ។
អឺរ៉ុប៖ ពួកមន្រ្តីមកពីសហគមន៍អឺរ៉ុប និងអង្គការមូនិធិរូបិយវត្ថុអន្តរជាតិ នឹងវិលត្រឡប់ទៅកាន់រដ្ឋធានីអាថែន (Athens) វិញនៅខែក្រោយដើម្បីចាប់ផ្តើមធ្វើអធិការកិច្ចសេដ្ឋកិច្ចប្រទេសក្រិកឡើងវិញ ហើយថាតើប្រទេសក្រិកគួរតែបានទទួលការបង់ប្រាក់កម្ចីមួយទៀតឬយ៉ាងណា។
ឥណ្ឌា៖ ពួកអ្នកជួយសង្គ្រោះ កំពុងតតាំងជាមួយផ្លូវដែលខូចខាតហើយនឹងការបាក់ដីដើម្បីឲ្យបានទៅដល់តំបន់នានាដែលទទួលរងការខូចខាតដោយសារគ្រោះរញ្ជួយដីនៅភ្នំហេមពាន្ត (Himalayan) កាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១រយនាក់ដែរ។
ព័ត៌មាននៅពេលមុននេះ៖
អង្គការសហប្រជាជាតិ៖ មហាសន្និបាតអ.ស.ប.ប្រចាំឆ្នាំបានបើកសម័យប្រជុំកាលពីថ្ងៃអង្គារ ដោយមានពួកមេដឹកនាំពិភពលោកជាង១០០នាក់ បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាបញ្ហាមួយចំនួន ដោយមានរួមបញ្ចូលបញ្ហាប្រទេសលីប៊ីក្រោយលោក Gadhafi ការដាក់ពាក្យសុំសមាជិកភាពដោយពួកប៉ាឡេស្ទីន និងបញ្ហាជំងឺមិនឆ្លង។
ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបាននិយាយថា ពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងទៅលើទ្បានប៊ូស (bus) មួយគ្រឿងមានដឹកពួកធម្មយាត្រាអ៊ីស្លាម Shi'ite នៅក្នុងតំបន់និរតីប្រទេស បណ្តាលឱ្យអ្នកធម្មយាត្រា២៦នាក់ស្លាប់។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថារដ្ឋបាលរបស់លោកនឹងគាំទ្រប្រជាពលរដ្ឋនៃប្រទេសលីប៊ីនៅពេលដែលពួកគេកសាងអនាគត«សេរីប្រជាធិបតេយ្យនិងសម្បូររុងរឿង»មួយ។
អាហ្វហ្គានីស្ថាន៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់លោកអតីតប្រធានាធិបតីអាហ្វហ្គានិស្ថាន Burhanuddin Rabbani ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជាមួយពួកតាលីបាន់។
ប៉ាឡេស្ទីន៖ លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានជួបជំនុំជាមួយលោកប្រធានាធិបតីបារាំង Nicolas Sarkozy និងលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស William Hague កាលពីថ្ងៃអង្គារ នៅពេលដែលលោកជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងបូរីញូវយ៉កឱ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយអ.ស.ប.។
អាហ្វ្រិក/លីប៊ី៖ សហភាពអាហ្វ្រិកបានទទួលស្គាល់ក្រុមប្រឹក្សាជាតិអន្តរកាលនៃប្រទេសលីប៊ី (NTC) ថាជាអ្នកតំណាងត្រឹមត្រូវតាមច្បាប់របស់ពលរដ្ឋលីប៊ី ខណៈពេលដែលមានសារថតសំទ្បេងមួយពីអតីតមេដឹកនាំលីប៊ី Moammar Gadhafi បានហៅការលេចទ្បើងនៃក្រុមប្រឹក្សា NTC ថាជា «ល្ខោនប្រស្នា» មួយ។
សេដ្ឋកិច្ចសកល៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានបន្ទាបការប្រមើលមើលរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចសាកល ដោយនិយាយថាវាកំពុងចូលក្នុង «ដំណាក់កាលថ្មីមួយប្រកបដោយគ្រោះថ្នាក់»។