ព័ត៌មាន​អន្តរជាតិ៖ ២០ តុលា

តាម​រយៈ​រូបភាព​​ដែល​បាន​ចាក់ផ្សាយ​នៅ​ក្នុង​បណ្តាញ​ទូរទស្សន៍​ Al-Arabiya បង្ហាញថា ម៉ូអាម៉ា ហ្កាដាហ្វី (Moammar Gadhafi) ត្រូវ​បាន​សម្លាប់​​នៅ​ក្នុង​ទីក្រុង​សឺត​ នៃ​ប្រទេស​លីប៊ី​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០​ ខែតុលា​ ឆ្នាំ២០១១។​

ព័ត៌មានចុងក្រោយបំផុត៖

លីប៊ី៖ មន្រ្តី​រដ្ឋាភិបាល​បណ្តោះអាសន្ន​ក្នុង​ប្រទេស​លីប៊ី​និយាយ​ថា ​អតីត​មេដឹកនាំ​គឺ​លោក​ម៉ូអាម៉ា ហ្កាដាហ្វី​ បាន​ស្លាប់​បន្ទាប់​ពី​រងរបួស​ខណៈ​ពេល​ដែល​លោក​បាន​ព្យាយាម​រត់​គេច​ខ្លួន​ពី​ទីក្រុង​សឺត។

អាហ្វហ្គានីស្ថាន៖ លោកស្រី​ហ៊ីលឡារី​ គ្លីនតុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និយាយ​ថា​ពួកតាលីបង់​អាច​ចូលរួម​ក្នុង​ការ​ចរចា​ស្វែងរក​សន្តិភាព​ឬក៏​ប្រឈមមុខ​នឹង​ការវាយប្រហារ​ជា​បន្ត​ទៀត។

លីប៊ី៖ ក្រុម​អ្នក​ប្រយុទ្ធ​បដិវត្តន៍​របស់​ប្រទេស​លីប៊ី​និយាយ​ថា​ពួកគេ​បាន​កាន់កាប់​ទីក្រុង​សឺត ដែល​ជា​ការ​ផ្លាស់ប្តូរ​មួយ​អាច​នាំឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ប្រកាស​ថា​ប្រទេស​នេះ​ត្រូវបាន​រំដោះហើយ។

អាស៊ី៖ ទីផ្សារ​ធំៗ​ក្នុង​ទ្វីប​អាស៊ី​បាន​បិទទ្វារ​ក្នុង​តម្លៃ​ទាប​ជាងមុន​នៅ​ ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ទីផ្សារ​ភាគហ៊ុន នីកេ ក្នុង​ទីក្រុង​តូក្យូ​បាន​ធ្លាក់​ចុះ​បន្តិចបន្តួច​អស់​ជា​ង​មួយភាគរយ​ គឺ​អស់​៩០​ពិន្ទុ​មក​នៅ ត្រឹម​៨.៦៨២​ពិន្ទុ។​ ទីផ្សារ​ហ៊ុន ហាង​សេង ក្នុង​ទីក្រុង​ហុង​កុង​ធ្លាក់​ចុះ​បន្តិច​អស់​៣២៦​ពិន្ទុ​ដោយ​បញ្ចប់​នៅ​ ត្រឹម​ ១៧.៩៨៣​ ពិន្ទុ។​ តម្លៃ​ភាគហ៊ុន​ក៏ធ្លាក់​ចុះ​ក្នុង​ទីក្រុង​បាងកក​ គូឡាឡាំពួ​ ម៉ានីល​ ម៉ុមបៃ​ សេអ៊ូល​ សិង្ហបូរី​ និង​តៃ​ប៉ិ។

ថៃ៖ មន្ត្រី​ថៃ​និយាយ​ថា​ពួកគេ​មិនអាច​ទប់​ទឹក​ជំនន់​ដែល​កំពុង​ហូរ​ចូល​ក្នុង​ រដ្ឋ​ធានី​បាងកក​បាន​ទៀតទេ។​ លោកស្រី​ យីងឡាក់​ ស៊ីណាវ៉ាត​ ដែល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដំបូង​បំផុត​ក្នុង​អាណត្តិ​របស់​លោកស្រី​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោកស្រី​បាន​បញ្ជា​ឲ្យ​មន្រ្តី​នានា​បើក​ទ្វារ​ទឹក​ជំនន់​ហើយ​ឲ្យ​ទឹក​ហូរ​ កាត់​តាម​ព្រែក​នានា​ក្នុង​ទីក្រុង​បាងកក​នាំ​ទឹក​ទៅ​សមុទ្រ។

អឺរ៉ុប៖ បាតុករ​ក្រិក​បន្ត​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​អាថែន នៅ​ថ្ងៃ​ទី​ពីរ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្របពេល​ដែល​សមាជិក​សភា​ជាតិ​រៀបចំ​ បោះឆ្នោត​ចុងក្រោយ​លើ​វិធានការ​រឹត​ត្បិត​ថវិកា​ថ្មី ទៀត​ដែល​ចាំបាច់​ដើម្បី​ទទួលបាន​មូលនិធិ​ជួយ​សង្គ្រោះ​បន្ថែម។

កេនយ៉ា/សូម៉ាលី៖ ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​មួយ​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​រដ្ឋាភិបាល​សូម៉ាលី​និង​ពួកឧទ្ទាម​អាល់​សាបាប់​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ ខណៈ​ពេល​ដែល​កងកម្លាំង​កេនយ៉ា​បន្ត​ជំរុល​ទៅមុខ​នៅ​តំបន់​ភាគខាងជើង​ប្រទេស​សូម៉ាលី​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ប្រម៉ាញ់​សមាជិក​ក្រុម​បះបោរ​សូម៉ាលី។

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​របាយការណ៍​មួយ​របស់​អ្នក​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​ដែល​បាន​ភ្ជាប់​ការ​សម្លាប់​ដែល​កាន់តែ​មាន​ការ​កើន​ឡើង​ក្នុង​ទីក្រុង​តេអេរ៉ង់​ទៅ​នឹង​ការចោទ​ប្រកាន់​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។

សហរដ្ឋ​អាមេរិក/កូរ៉េ​ខាងជើង៖ សហរដ្ឋ​អាមេរិក​និយាយ​ថា​ខ្លួន​បាន​តែងតាំង​បេសកជន​ជាន់​ខ្ពស់​ថ្មី​ម្នាក់​ទៀត​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅមុន​ពេល​កិច្ច​ប្រជុំ​ដ៏​កម្រ​មួយ​ជាមួយ​នឹង​ក្រុម​អ្នក​ចរចា​អាវុធ​បរិមាណូ​របស់​ប្រទេស​នេះ​នៅ​សប្តាហ៍​ក្រោយ។

អាហ្វ្រិកកណ្តាល៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នាំមុខ​មួយ​កំពុង​ទទូច​ឲ្យ​សហភាព​អាហ្រ្វិក​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​មួយ​ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​មាន​ជាច្រើន​ទសវត្សរ៍​មកហើយ​ក្នុង​សហភាព​អាហ្រ្វិក​កណ្តាល។

សហរដ្ឋ​អាមេរិក៖ មន្រ្តី​នានា​និយាយ​ថា​ពួកគេ​បាន​ចាត់​ការ​អស់​ហើយ​លើ​សត្វ​ដែល​បាន​ដោះលែង​ចេញ​ពី​សួន​សត្វ​ចម្លែកៗ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​បុរស​ម្នាក់​ក្នុង​រដ្ឋ​អូហៃ​យូ​នាភាគ​កណ្តាល​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក/ប៉ាគីស្ថាន៖ មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​រួម​ទាំង​លោក​ស្រី​ហ៊ីលឡារី​ គ្លីនតុន​ និង​នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ David Petraeus​ គ្រោង​នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​ប៉ាគីស្ថាន​ដើម្បី ជំរុញ​មេដឹកនាំ​ទីនោះ​ឲ្យ​តទល់​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ភាគ​ពាយ័ព្យ​ប្រទេស។

ព័ត៌មាននៅពេលមុននេះ៖

អ្នក​គាំទ្រ​ស្នាដៃ​របស់​លោក​ ស្ទីវ ចបស៍ (Steve Jobs) បាន​ដាក់​ផ្កា​នៅ​ពី​មុខ​រូបថត​របស់​លោក​ស្ទីវ ចបស៍​ ដើម្បី​ជា​ការគោរព​វិញ្ញាណក្ខ័ណ្ឌ​ដល់​លោក។

សហរដ្ឋ​អាមេរិក​៖ ហាង​លក់ផលិតផល​អេឡិចត្រូនិចនៃ​ក្រុមហ៊ុន ​Apple ​បាន​បិទទ្វារ​ជា​ច្រើន​ម៉ោង​ កាល​ពី​ថ្ងៃ​ពុធ​នៅ​ទូទាំងសហរដ្ឋ​អាមេរិក ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​អាច​មើល​ការ​ផ្សាយ​នៃ​ពិធី​បុណ្យគោរព​វិញ្ញាណក្ខ័ណ្ឌ​សហស្ថាបនិកក្រុមហ៊ុន ​Apple​ លោក​ Steve Jobs ។

ក្រិក​៖ ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្រិក​អំពី​វិធានការ​រឹតត្បិត​បាន​ប៉ះទង្គិច​ជា​មួយ​ប៉ូលីស​កុបកម្ម​ កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី ​អាថែន​ ចំពេល​ដែល​ពលករ​រាប់​ពាន់​ម៉ឺន​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​លើ​ផ្លូវ​ដើម្បី​ធ្វើ​កូដកម្ម​ទូទៅ​ពីរ​ថ្ងៃ។

អាហ្វហ្គានីស្ថាន​៖ ស្រ្ដី​អ្នក​នយោបាយ​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​បាន​ត្រូវប​ណ្ដេញ​ចេញ​ពី​រដ្ឋសភា​តាម​បទ​ចោទ​ប្រកាន់​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោតបាន​បញ្ឈប់​កូដកម្ម​ឥតអាហារ​១៨​ថ្ងៃ។

ប៉ាគីស្ថាន​៖ អគ្គមេបញ្ជាការ​យោធា​របស់​ប្រទេស​ប៉ាគីស្ថាន​ថ្លែង​ថា​សហរដ្ឋ​អាមេរិកសម​នឹង​ផ្ដោត​មក​លើ​កិច្ចការ​ដែល​នាំ​ឲ្យ​មាន​ស្ថិរភាព​ដល់​ប្រទេសនេះ​ ជាជាង​ធ្វើ​ការ​កៀបសង្កត់​ឲ្យ​ប្រឈមមុខ​នឹង​ជនសកម្មប្រយុទ្ធ​នៅ​តំបន់​កុលសម្ពន្ធ​នៃ​តំបន់​ឥសាន​ប្រទេស។

ស៊ីរី​៖ ជនជាតិ​ស៊ីរី​ច្រើន​ពាន់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​គំាទ្រ​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​ភាគ​ខាង​ជើង​អាឡេប៉ូដែល​នៅ​ទី​នោះ​សកម្មជន​ស៊ីរី​និយាយ​ថា ​មនុស្ស ​យ៉ាងតិច​២០​នាក់​បាន​ស្លាប់​ក្នុង​ការ​បះបោរ​ក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស។

ប៉ាឡេស្ទីន​៖ ក្រុម​ប៉ាឡេស្ទីន​ ហាមាស ​នឹង​ផ្កល់​រង្វាន់​២​ពាន់​ដុល្លារ​ ដល់អតីត​អ្នកជាប់ឃុំម្នាក់ៗដែល​មក​ដល់​តំបន់ ​ហ្គាសា​ ក្រោយ​ពី​បាន​ត្រូវ​ដោះលែង​ពី​គុក​ អ៊ីស្រាអែល​ តាម​ការ​ដូរដាល​ឈ្លើយ​សង្រ្គាម។

កែនយ៉ា​៖ យោធា​កែនយ៉ា​និយាយ​ថា​បាន​សម្លាប់​ជនសកម្មប្រយុទ្ធ​ អាល​ ហ្សាបាប​ជាង​១២​នាក់​ ចាប់​តំាង​ពី​ខ្លួន​បាន​បើក​កិច្ច​ប្រតិបត្ដិការ​យោធា​នៅ​សូម៉ាលី​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

ម៉ារ៉ុក​៖ ប៉ូលីស​និយាយ​ថា​មនុស្ស​៥​នាក់​ដែល​បាន​ត្រូវ​ចាប់​ឃុំ ​ពាក់ព័ន្ធ​ និង​ការ​លួច​ចូល​ក្នុងអាគារ​ប្រវត្ដិសាស្រ្ដ​ នៅ​ក្នុង​រដ្ឋ​ តិចសាស ​មាន​ដើម​កំណើត​ជា​ជនជាតិ​ ម៉ារ៉ុក។

ឥណ្ឌា​៖ រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌា​និយាយ​ថា​ល្បឿន​នៃ​ការលូតលាស់​សេដ្ឋកិច្ច​ ឥណ្ឌា​នឹង​មាន​សភាព​យឺត​យ៉ាវ​ ខុស​ពី​ការ​រំពឹង​ ដោយ​សារ​តែ​វិបត្ដិ​ហិរញ្ញវត្ថុ​សកល​និង​អត្រា​ការប្រាក់​ឡើង​ខ្ពស់​មួយ​ចំនួន។

សហរដ្ឋ​អាមេរិក​៖ និយាយ​ថា​ អ្នកការទូត​របស់​ខ្លួន​ទទួល​បន្ទុក​អំពី​នយោបាយអាមេរិក​ចំពោះ​ប្រទេស​កូរេខាងជើង​បាន​ចុះ​ចេញ​ពី​ដំណែង ​ក្រោយ​ពី​មាន​ការចរចា​គ្នា​ដ៏​កម្រ​មួយ​នៅ​សប្ដាហ៍​ក្រោយ​ ជា​មួយ​ក្រុម​ប្រតិ​ភូកូរ៉េខាងជើង ដែល​មាន​គោល​ដៅ​នឹង​ចាប់​ផ្ដើម​ឡើង​វិញនូវ​ការចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

តួកគី​៖ បាន​បើក​កិច្ច​ប្រតិបត្ដិការ​យោធា​ប្រឆំាងក្រុម​បះបោរ​គួរឌ​នៅ​តំបន់​ភាគ​ខាង​ជើង​អ៊ីរ៉ាក​ជាច្រើន​ម៉ោង​ ហើយ​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ២៤ ​នាក់​និង​ធ្វើ​ឲ្យ​របួស​១៨​នាក់​ក្នុង​ការ​វាយប្រហារ​ នៅ​តំបន់​អគ្នេយ៍​ប្រទេស​ជិត​ព្រុំដែន​ជា​មូយ​ប្រទេស​អ៊ីរ៉ាក៕