ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២០ សីហា

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ចូ បៃដិន (Joe Biden) ​(ខាងឆ្វេង) ​ចាប់ដៃ​ជាមួយប្រធានាធិបតីចិន Hu Jintao ​មុន​​ពេល​ជំនួប​ប្រជុំ​នៅ​ឯ​ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី១៩ សីហា ២០១១។

ចិន៖ ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ឡើង​វិញ​ក្នុង​កិច្ច​សហការ​ទ្វេ​ភាគី ដោយ​រដ្ឋបាល​ក្រុង​ប៉េកាំង​សម្តែង​ការជឿជាក់​លើ​សេដ្ឋ​កិច្ច​អាមេរិក​ថា​វា​នឹង​ងើបឡើងវិញ។

ឥណ្ឌា៖ អាជ្ញាធរ​ប៉ូលីស​និយាយ​ថា ​ពួកអ្នកបះបោរ​ដែល​គេ​សង្ស័យ​ថា​ជាក្រុម​ម៉ៅនិយម​បាន​សម្លាប់​មន្រ្តី​ប៉ូលីស​១១​នាក់​នៅ ខេត្ត​ភាគខាងកើត​ប្រទេស​ឥណ្ឌា។

ស៊ីរី​៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​១៩​នាក់​បាន​ស្លាប់​នៅប្រទេស​ស៊ីរី ​នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​បាញ់​រះ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

សេដ្ឋកិច្ច​សកលលោក៖ ទីផ្សារ​ភាគហ៊ុន​អាស៊ី ​និង​អឺរ៉ុប​បាន​ធ្លាក់​ចុះនៅ​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ ដែល​ក្រុមអ្នកវិនិយោគ​ទុន​បង្ហាញ​ក្តី​កង្វល់​ជាថ្មី​លើ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រឹង​តស៊ូ​និង​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​អឺរ៉ុប។

ប៉ាគីស្ថាន៖ មន្រ្តីនានា​បាន​ឱ្យ​ដឹងថា ​អ្នកដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​វាយប្រហារ​វិហារ​សាសនា​អ៊ីស្លាម​មួយ​នៅភាគពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន ​ដោយ​សម្លាប់​មនុស្ស​អស់​យ៉ាងហោច​ណាស់​៤៧​នាក់។

លីប៊ី​៖ កងកម្លាំង​បះបោរ​នៅប្រទេស​លីប៊ី​បាន​វាយ​យកបាន​គ្រប់គ្រង​ទីក្រុង ​Zlitan ភាគខាង​លិច​ប្រទេស​ បន្ទាប់​ពីមាន​ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​តឹងតែង​ជាមួយ​កងកម្លាំងស្មោះត្រង់​នឹង​មេដឹកនាំ​មូអាម៉ា ហ្កាដាហ្វី។

លីបង់៖ តុលាការ​គាំទ្រ​ដោយអង្គការ​សហប្រជាជាតិ​ដើម្បីស៊ើបអង្កេត​ការធ្វើឃាត​ក្នុង​ឆ្នាំ​២០០៥​លើ​រូបលោក​អតីត​នាយក​រដ្ឋ​មន្រ្តី​លីបង់ Rafik Hariri បាន​ពង្រីក​ការស៊ើបអង្កេត​ក្នុង​ករណី​វាយ​ប្រហារ​អ្នកនយោបាយ​បីនាក់​ផ្សេងទៀត​ដែល​គេជឿ​ថា​មាន​ការជាប់​ទាក់​ទង​គ្នា។

អ៊ីស្រាអែល៖ អ៊ីស្រាអែល​និយាយ​ថា ​កងជីវពល​ក្នុង​ទីក្រុង​ហ្កាហ្សាស្រ្ទីប​បាន​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាងហោច​ណាស់​ចំនួន​២០​ចូលប្រទេស​អ៊ីស្រាអែល​ គឺ​មួយថ្ងៃ​ក្រោយ​ពី​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​បាញ់​លើ​ដែន​ដី​ប៉ាឡេស្ទីន​ជាការសងសឹក​នឹង​ការវាយប្រហារ​សម្លាប់​ជាបន្តបន្ទាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សូម៉ាលី​៖ មន្រ្តី​សន្តិសុខ​នៅប្រទេស​សូម៉ាលី​និយាយថា ​យន្ត​ហោះ​ប្រភេទ​គ្មាន​មនុស្ស​បើកបរ​បាន​ធ្លាក់​ចុះក្នុង​រដ្ឋធានី​មូហ្កាឌីស៊ូ​ កាលពីថ្ងៃ​សុក្រ តែ​ពួកគេ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​អ្នក​ណា​ជាអ្នក​បញ្ជា​យន្ត​ហោះគ្មាន​មនុស្ស​បើកបរ​នោះ​ទេ។

ជប៉ុន៖ លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ដែល​កំពុង​មាន​បញ្ហា​នឹង​មិន​មក​ទស្សនកិច្ច​សហរដ្ឋ​អាមេរិក​តាមការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ទេ​នៅ ខែ​ក្រោយ​នេះ​។

គុយបា៖ បណ្តាញ​ព័ត៌មាន​ផ្លូវរដ្ឋ​របស់​ប្រទេស​គុយបា​បាន​រិះ​គន់ការសម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទុក​ប្រទេស​គុយបា​ក្នុង​បញ្ជី​ប្រទេស​ដែល​គាំទ្រ​ភេរវកម្ម។

រុស្ស៊ី​៖ ប្រទេស​រុស្ស៊ី​កំពុង​ប្រារព្ធ​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ​ដោយ​មិន​ជោគជ័យ​ដែល​បាន​នាំ​ទៅដល់​ការដួល​រលំ​នៃ​សហភាព​សូវៀត។