ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ ក្រុមសិទ្ធិមនុស្សបានស្វាគមន៍ចំពោះសេចក្តីសម្រេចមួយរបស់ប្រទេសកម្ពុជាក្នុងការបញ្ឈប់បញ្ជូនពលករបំរើតាមផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី ខណៈពេលដែលរដ្ឋាភិបាលក្រុងភ្នំពេញស៊ើបអង្កេតអំពីករណីរំលោភផ្លូវភេទ និងការរំលោភបំពានផ្សេងៗទៀតជាច្រើនកាលពីពេលថ្មីៗនេះ។
ស៊ិរី៖ សម្ព័ន្ធអារ៉ាប់និយាយថាខ្លួននឹងនាំរដ្ឋាភិបាលស៊ិរីនិងក្រុមប្រឆាំងឱ្យមកជួបប្រជុំគ្នាក្នុងគោលបំណងដើម្បីបញ្ចប់អំពើហិង្សាដែលកំពុងមានតទៅទៀតក្នុងប្រទេសស៊ិរី។
យេម៉ែន៖ ការប៉ះទង្គិចគ្នារវាងពួកទាហានស្មោះត្រង់នឹងប្រធានាធិបតីយេម៉ែន Ali Abdullah Saleh និងកងកម្លាំងប្រឆាំងបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៣នាក់ស្លាប់នៅក្នុងរដ្ឋធានីសាណា។
អាហ្វហ្គានីស្ថាន៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារទៅលើប្រធានផ្នែកស៊ើបការណ៍សម្ងាត់ម្នាក់ប្រចាំខេត្តមួយនៅភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឲ្យមន្ត្រីនេះត្រូវរបួសនិងក្មេងប្រុសម្នាក់ស្លាប់។
កេនយ៉ា/សូម៉ាលី៖ ពួកអ្នកស្រុកក្នុងប្រទេសសូម៉ាលីបាននិយាយថាពួកទាហានកេនយ៉ា បានជម្រុលទៅមុខថែមទៀតក្នុងផ្នែកខាងត្បូងប្រទេសក្រោយពីបានឆ្លងកាត់ព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធ al-Shabab។
ព័ត៌មាននៅពេលមុននេះ៖
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានជួយឧទ្ទិសសំណង់អនុស្សាវរីយ៍ជាតិមួយជូនលោក Martin Luther King Jr. មេដឹកនាំល្បីឈ្មោះខាងសិទ្ធិពលរដ្ឋដែលបានត្រូវធ្វើឃាត ដោយលោកបានប្រកាសថាប្រទេសជាតិត្រូវធ្វើតាមឧទាហរណ៍របស់លោក King ដោយបន្តខិតខំយ៉ាងខ្លាំងនិងតស៊ូដើម្បីឱ្យមានប្រទេសមួយល្អប្រសើរជាងមុន។
សូម៉ាលី៖ របាយការណ៍មកពីផ្នែកខាងត្បូងនៃប្រទេសសូម៉ាលីនិយាយថាពួកទាហានកែនយ៉ាបានចូលក្នុងតំបន់នោះ ទោះណាជារដ្ឋមន្ត្រីការពារប្រទេសកែនយ៉ា បានបដិសេធការអះអាងនេះក៏ដោយ។
បារាំង៖ លោកស្រី Martine Aubry អតីតរដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសបារាំងបានទទួលស្គាល់ថាលោកស្រីចាញ់លោក Francois Hollande នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសង្គមនិយមបារាំងដើម្បីជ្រើសរើសអ្នកប្រជែងម្នាក់នឹងលោកប្រធានាធិបតី Nicolas Sarkozy។
យេម៉ែន៖ កងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតី Ali Abdullah Saleh នៃប្រទេស Yemen បានបាញ់កាំភ្លើងទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងរដ្ឋធានីសាណានិងក្នុងក្រុង Taiz នាផ្នែកខាងត្បូងប្រទេស បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៥នាក់ស្លាប់។
ស៊ីរី៖ ពួកមន្ត្រីនៃសម្ព័ន្ធអារ៉ាប់និយាយថាពួករដ្ឋមន្ត្រីការបរទេសអារ៉ាប់ធ្វើការប្រជុំគ្រាមានអាសន្នក្នុងក្រុង Le Caire កាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាគ្នាថាតើត្រូវព្យួរប្រទេសស៊ីរីពីអង្គការតំបន់នេះឬទេ។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាល្លឺម៉ង់ Christian Wulff បានបំពេញទស្សនកិច្ចមិនប្រាប់ឱ្យគេដឹងជាមុនកាលពីថ្ងៃអាទិត្យក្នុងប្រទេសអាហ្វហ្គនីស្ថាន។
លីប៊ី៖ ពួកជនជាតិលីប៊ីដែលប្រើប្រាស់រថយន្តបានចាប់ផ្តើមកម្ទេចកំផែងនៅជុំវិញពហុអាគារធំជាងគេរបស់មេដឹកនាំ Moammar Gadhafi ដែលបានត្រូវបណ្តេញចេញពីតំណែង។