ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា/ថៃ៖ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ដោយសង្ឃឹមថានឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពដូចប្រក្រតីឡើងវិញ បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាមួយចំនួនតាមព្រំដែនដែលបណ្តាលឲ្យមានមនុស្សស្លាប់ទាំងសងខាង។
លីប៊ី៖ លោកនាយករដ្ឋមន្រ្តី David Cameron នៃប្រទេសអង់គ្លេស និងលោកប្រធានាធិបតី Nicolas Sarkozy នៃប្រទេសបារាំង បានអញ្ជើញទៅប្រទេសលីប៊ី ដើម្បីធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាលស្តីទីរបស់ប្រទេសនេះ។ ទស្សនកិច្ចនេះបានធ្វើឲ្យលោកទាំងពីរក្លាយជាប្រមុខរដ្ឋបរទេសមុនគេ ដែលបានទៅទស្សនាប្រទេសលីប៊ី ចាប់តាំងពីមានការទម្លាក់អតីតមេដឹកនាំ Moammar Gadhafi ចេញពីតំណែងមក។
សហរដ្ឋអាមេរិក/ប៉ាគីស្ថាន៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក លោក Leon Panetta បានព្រមានប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹង«ធ្វើអ្វីទាំងអស់ដែលខ្លួនអាចធ្វើបាន» ដើម្បីការពារប្រឆាំងនឹងជនសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន ហើយដែលកំពុងធ្វើការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អ៊ីស្រាអែល//ប៉ាឡេស្ទីន៖ មន្រ្តីប៉ាឡេស្ទីនម្នាក់បាននិយាយថា ប្រជាពលរដ្ឋប៉ាឡេស្ទីននឹងបង្ហាញពាក្យសុំរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលដែលប្រេសិតបស្ចិមប្រទេសបន្តជំរុញឲ្យមានការចាប់ផ្តើមកិច្ចចរចារសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីនជាថ្មីឡើងវិញ។
យេម៉ែន៖ ការវាយប្រយុទ្ធគ្នាជាថ្មីទៀតរវាងកងទ័ពដែលគាំទ្រលោកប្រធានាធិបតី Ali Abdullah Saleh និងពួកកុលសម្ព័ន្ធអ្នកប្រឆាំងបានសម្លាប់មនុស្សយ៉ាងតិច៣នាក់ នៅក្នុងសង្កាត់ខាងជើងនៃរដ្ឋធានី Sana’a ក្នុងពេលអំពើហិង្សាកំពុងបន្តនៅឡើយ នៅតំបន់ដែលមានភាពវឹកវរក្នុងប្រទេសយេម៉ែនភាគខាងត្បូង។
អង់គ្លេស/ស្វ៊ីស៖ នគរបាលនៅក្រុងឡុងដ៍និយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលជាប់ចោទពីការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដែលធ្វើឲ្យធនាគារប្រទេសស្វីសឈ្មោះ UBS ខាតប្រាក់អស់ចំនួន ២ពាន់លានដុល្លារ។ នគរបាលនិយាយថា ភ្នាក់ងារបានចាប់ខ្លួនបុរសនេះនៅថ្ងៃព្រហស្បតិ៍អំពីបទសង្ស័យថាគាត់បានប្រើតំណែងរបស់គាត់ដើម្បីធ្វើការលួចបន្លំនេះ។
ព័ត៌មាននៅពេលមុននេះ៖
នាយករដ្ឋមន្រ្តីចិន វ៉េន ជិបាវ ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅ Dalian World Expo Center នៅ Dalian នៅភាគឦសាន ខេត្ត Liaoning ប្រទេសចិន នៅថ្ងៃទី១៤ កញ្ញា ២០១១។
ចិន៖ នាយករដ្ឋមន្ដ្រីចិន លោក វ៉េន ជិបាវ ថ្លែងថា ចិននឹងបន្ដពង្រីកវិនិយោគនៅក្នុងតំបន់ប្រើប្រាក់អឺរ៉ូ តែថ្លែងថា សេដ្ឋកិច្ចបស្ចឹមប្រទេសធ្ងន់ធ្ងរដោយបំណុលច្រើន សមនឹងកាត់បន្ថយឧនភាពថវិកា ជាជាងពឹងផ្អែកមកលើប្រទេសលោក ក្នុងការជួយបន្ធូរវិបត្ដិសកល។
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌា បានសរសេរសេចក្ដីព្រាងច្បាប់មួយដែល នឹងផ្ដល់តម្លៃថោកដល់គ្រាប់ធញ្ញជាតិ រហូតដល់២ភាគ៣ នៃមនុស្ស ១ពាន់២ រយលាននាក់របស់ខ្លួនដែលរស់នៅក្នុងប្រទេសប៉ះពាល់ខ្លាំងពីអាហារឡើងថ្លៃ និង ប្រេងថ្លៃខ្ពស់។
អាស៊ី៖ រដ្ឋាភិបាលអាស៊ីបានទទួលផែនការដាស់តឿនទៅអនាគតអំពីចំនួនកាន់តែច្រើននៃពលរដ្ឋអាយុច្រើនយ៉ាងឆាប់រហ័សរបស់តំបន់មិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដរបស់មនុស្សជាតិ។
ភូមា៖ ប្រិយសិតពិសេសរបស់សហរដ្ឋអាមេរិកលោក Derek Mitchell ថ្លែងថា មន្ដ្រីភូមាបាននិយាយទាមទារថាខ្លួនប្ដេជ្ញានឹងធ្វើការកែទម្រង់ តែលោកអំពាវនាវដល់មន្ដ្រីទាំងនោះ សុំ ឲ្យគោរពពាក្យសន្យារបស់ខ្លួន ដោយធ្វើសកម្មភាពដុំកំភួន។
លីប៊ី៖ មន្ដ្រីថ្នាក់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Jeffrey Feltman ថ្លែងថាលោកបាននិយាយធានាប្រាប់មន្ដ្រីលីប៊ីថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់លីប៊ី ហើយលោកនិយាយបន្ថែមថា អនាគតរបស់លីប៊ីស្ថិតនៅក្នុងដៃរបស់ពលរដ្ឋ។
អឺរ៉ុប៖ មេដឹកនាំក្រិក បារាំង និងអាល្លឺម៉ង់ បានបើកសន្និសីទទូរស័ព្ទ កាលពីថ្ងៃពុធ ដើម្បីស្វែងរកមធ្យោបាយទប់ស្កាត់វិបត្តិបំណុលរបស់អឺរ៉ុប។
អ៊ីរ៉ង់៖ មន្ដ្រីអាមេរិកាំងម្នាក់ បានទិតៀនសេចក្ដីស្នើរបស់អ៊ីរ៉ង់ ថានឹងបើកចំហរច្រើនឡើងថែមទៀតមកលើ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ដោយហៅវិធានការនោះថា «ការវាយលុកដោយប្រើស្នេហ៍» ដែលមិនអាចបំបាត់ការព្រួយបារម្ភពីអន្ដរជាតិមកលើលទ្ធភាពនៃការគំរាមពីកម្មវិធីនុយក្លេអ៊ែរនោះ។
សហរដ្ឋអាមេរិក៖ សេចក្ដីរាយការណ៍គន្លឹះរបស់សហព័ន្ធបានដាក់កំហុសភាគច្រើន មកលើក្រុមហ៊ុន BP អំពីការលេចប្រេងច្រើនសន្ធឹកនៅក្នុងឈូងសមុទ្រម៉េចស៊ីកូ ដែលជាការលេចប្រេងនៅបាតសមុទ្រដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្ដិសាស្រ្ដសហរដ្ឋអាមេរិក។
អង់ហ្គោឡា៖ យន្ដហោះយោធាមូយ បានធ្លាក់ ក្នុងតំបន់កណ្ដាលអង់ហ្គោឡា បណ្ដាលឲ្យមនុស្សស្លាប់ ៣០នាក់ រាប់ទាំងឧត្ដមសេនីយនៃកងកម្លាំងយោធាអង់ហ្គោឡា៣នាក់ផងដែរ។
អាហ្វហ្គានីស្ថាន៖ មេបញ្ជាការយោធា នៃកងកម្លាំង អាមេរិកំាង និង អូតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថា ការឡោមព័ទ្ធ ២០ ម៉ោងដោយក្រុមបះបោរក្នុងទីក្រុង កាប៊ូល ជាបរាជ័យរបស់ក្រុមតាលីបង់តែ វា ក៏ជាការឃោសនាជ័យជំនះរបស់ក្រុមនោះដែរ។