ព័ត៌មាន​អន្តរជាតិ៖ ១០ តុលា

លោក Siegfried Blunk សហចៅក្រម​ស៊ីបអង្កេត​សាលាក្តី​ខ្មែរ​ក្រហម ដែល​មាន​សញ្ជាតិ​អាល្លឺម៉ង កាល​ពី​ស្បថ​ចូល​កាន់តំណែង​នៅ​ថ្ងៃ​​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០០៨។

ព័ត៌មាន​ចុងក្រោយ​បំផុត៖

កម្ពុជា៖ ចៅក្រមស៊ើប​អង្កេត​ម្នាក់​របស់​តុលាការ​កាត់​ទោស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​លាលែង​ចេញ​ពី​តំណែង​ដោយ​ត្អូញ​ត្អែរ​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល។

តុលាការ​នេះ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​និយាយ​ថា​ចៅក្រម​អន្តរជាតិ​ Siegfried Blunk បាន​ដាក់​ពាក្យ​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍។​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ថា​ លោក​ Blunk​ បាន​ធ្វើ​ដូច្នេះ​ពីព្រោះ​សេចក្តី​ថ្លែងការណ៍​សាធារណៈ​ដោយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ធ្វើឱ្យ​មាន​ការ​សង្ស័យ​អំពី​ភាព​សុចរិត​នៃ​ការ​ស៊ើប​អង្កេត​ពីរ​ដែល​កំពុង​មាន​ធ្វើ។

លោក​ Blunk ដែល​ជា​ជនជាតិ​អាល្លឺម៉ង់​ បាន​ប្រឈម​មុខ​រួច​ស្រេច​ហើយ​ជាមួយ​ការ​ចោទ​ប្រកាន់​ថា ​លោក​និង​ចៅក្រម​ស៊ើប​អង្កេត​យូ ប៊ុនឡេង​ បាន​ចុះញ៉ម​នឹង​ការ​គាបសង្កត់​មិន​ឱ្យ​ធ្វើ​កិច្ចការ​បន្ត​ចំពោះ​ករណី​ឯ​ទៀតៗ​លើស​ពី​សំណុំរឿង​ចំនួន​ពីរ​ដែល​បាន​នាំ​យក​មក​កាត់​សេចក្តី។​ ចៅក្រម​ទាំង​នេះ​បាន​ប្រកាស​កាល​ពី​ខែ​មេសា​ថា​ពួក​គេ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ​អំពី​ករណីយ​ទី​បី​ (សំណុំ​រឿង​០០៣)​ ទោះណា​ជា​ព្រះរាជអាជ្ញា​ម្នាក់​បាន​ត្អូញ​ត្អែរ​ថា​ ចៅក្រម​ទាំង​នេះ​មិន​បាន​សាកសួរ​ចម្លើយ​សាក្សី​សំខាន់ៗ​ឬ​មិន​បាន​ទៅ​មើល​កន្លែង​ដែល​ជាប់​សង្ស័យ​ថា​ជា​កន្លែង​មាន​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទេ។

អេហ្ស៊ីប៖ អាជ្ញាធរ​អេហ្ស៊ីប​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​រដ្ឋធានី​គែរ​ ក្រោយ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​អ្នក​កាន់​គ្រិស្តសាសនា​និកាយ​ Coptic ​និង​ពួក​ប៉ូលីស​បាន​បណ្តាល​ឱ្យ​មនុស្ស​២៤​នាក់​ស្លាប់​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២០០​នាក់​ទៀត​ត្រូវ​របួស។

លីប៊ី៖ ប្រមុខ​នៃ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​ប្រទេស​លីប៊ី​បាន​និយាយ​ថា​ លោក​រំពឹង​ថា​សំបុក​ចុង​ក្រោយ​បង្អស់​របស់​ពួក​ជន​ដែល​ស្មោះត្រង់​ជាមួយ​អតីត​មេដឹកនាំMoammar Gadhafi នឹង​ត្រូវ​វាយ​យក​បាន​ក្នុង​សប្តាហ៍​នេះ​ នៅ​ពេល​ដែល​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តែ​មាន​តទៅ​ទៀត​នៅ​ក្នុង​ក្រុង​ Sirte​ ដែល​ជា​ក្រុង​កំណើត​របស់​ Gadhafi។

ស៊ីរី៖ ពួក​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​និយាយ​ថា ​មនុស្ស​៣១​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ទូទាំង​ប្រទេស​ នៅ​ពេល​ដែល​ការ​បង្ហូរ​ឈាម​ជា​ច្រើន​ខែ​មក​ហើយ​នៅ​តែ​មានត​ទៅ​ទៀត។

ប៉ូឡូញ៖ លោក​ Donald Tusk​ មេដឹកនាំ​ប៉ូទ្បូញ​និយម​នយោបាយ​កណ្តាល​ខាង​ស្តាំ​បាន​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ចាប់តាំង​ពី​ការ​រលំ​នៃ​លទ្ធិ​កម្មុយនិស្ត​សូវៀត​កាល​ពី​២២​ឆ្នាំ​មុន​នេះ​ ដែល​បាន​ឈ្នះ​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​បន្ត​បន្ទាប់​គ្នា​ក្នុង​ប្រទេស​ប៉ូទ្បូញ។

តៃវ៉ាន់/ចិន៖ លោក​ប្រធានាធិបតី​តៃវ៉ាន់​ Ma Ying-jeou បាន​សុំ​ដល់​ប្រទេស​ចិន​ឱ្យ​ដើរ​ដោយ​ក្លាហាន​នៅ​ក្នុង​ទិស​នៃ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ឱកាស​ខួប​ឆ្នាំ​ទី​១០០​នៃ​បដិវត្តន៍​ដែល​បាន​បញ្ចប់​ការ​គ្រប់គ្រង​ដោយ​ព្រះចៅ​អធិរាជ​ក្នុង​ប្រទេស​ចិន។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ស្ត្រី​ម្នាក់​និង​សត្វ​ចិញ្ចឹម​ត្រូវ​បាន​ជម្លៀស​តាម​ទូក​ពី​ទឹក​ជំនន់​នៅ​ខេត្ត​អយុធ្យា (Ayutthaya) នៅ​ភាគ​កណ្តាល​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​តុលា​ ឆ្នាំ​២០១១។

ថៃ​៖ ក្រុម​អ្នក​ធ្វើការ​ជួយ​សង្គ្រោះគ្រា​មាន​អាសន្ន​ក្នុង​ប្រទេសថៃ​បានជម្លៀស​អ្នក​ជំងឺ​ជាង៣​រយ​នាក់​ពី​មន្ទីរ​ពេទ្យ​មួយ​នៅ​ខា​ង​ជើង​ក្រុង​បាងកក ​ពេល​ដែល​ទឹក​ជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​អាទិត្យ​មក​ហើយ​បាន​បង្ខិត​បង្ខំ​ឱ្យ​រោងចក្រ​នៅ​ជិត​នោះ​បិទ​ទ្វារ ​ហើយ​បាន​គំរា​ម​កំហែង​រាជធានី​ជា​មួយទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ។

ជប៉ុន​៖ ពួក​វេជ្ជបណ្ឌិត​ជប៉ុន​បាន​ចាប់​ផ្តើម​ធ្វើការ​ពិនិត្យរយៈពេល​យូរ​លើ​ក្រុម​កុមារ​៣​សែន៦​ម៉ឺន​នាក់​ដើម្បី​ឱ្យ​ដឹង​ថា​ការ​លេច​វិទ្យុសកម្ម​ពី​រោង​ចក្រ​បរមាណូ​ដែល​មាន​ការ​ខូចខាត​ធ្វើ​ឱ្យពួក​គេ​អាច​មាន​គ្រោះថ្នាក់​មាន​ជំងឺ​មហា​រីក thyroid ​ឬ​ទេ។

ស្រីលង្កា​៖ គណបក្ស​គ្រប់​គ្រង​នៅ​ស្រីលង្កា​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​មូលដ្ឋាន​កាល​ពី​ថ្ងៃ​សៅរ៍ តែ​គ្មាន​ជោគជ័យ​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ត្រួតត្រា​ក្រុម​ប្រឹក្សា​ក្រុង​នៃ​រដ្ឋធានី ​ជា​បរាជ័យ​មួយ​របស់គណបក្ស​នេះ។

ប៉ូឡូញ​៖ ប្រជារាស្ត្រ​ប៉ូទ្បូញ​បោះឆ្នោត​សភា​ដែល​អាច​ផ្តល់​ឱ្យលោក​ Donald Tusk នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​តំណែង​និងគណបក្ស​ Civic Platform របស់​លោកដែល​និយម​នយោបាយ​កណ្តាល​ខាង​ស្តាំនូ​វ​រយៈពេល​៤​ឆ្នាំ​ទៀត​ដើម្បី​បន្តកំណែ​ទម្រង់​សេដ្ឋកិច្ចនិង​កែ​លម្អ​ចំណង​ទាក់ទង​ជា​មួយ​ប្រទេស​ឯ​ទៀត​ៗ​នៃ​ទ្វីប​អឺរ៉ុប។

ស៊ីរី​៖ រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​បាន​ព្រមាន​ដល់​សហគមន៍​អន្តរជាតិ​កុំ​ឱ្យ​ទទួល​ស្គាល់​ក្រុម​ប្រឹក្សា​ប្រឆាំង​ដែល​បាន​ត្រូវ​បង្កើត​កាល​ពី​ពេល​ថ្មីៗ​នេះ។

លីប៊ី​៖ ក្រុម​យុទ្ធជន​នៃ​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​និយាយ​ថា​ពួក​គេ​បានចូល​ទៅ​ដល់​ផ្នែក​កណ្តាល​នៃ​ក្រុង​ Sirte ​ជា​ក្រុង​កំណើត​របស់​អតីត​មេដឹកនាំ​ Moammar Gadhafi​ ដោយ​វាយ​យក​បាន​កន្លែង​មួយ​ចំនួន​ដែល​ធ្លាប់​ត្រូវ​កាន់​កាប់​ដោយ​ពួក​ជនស្មោះត្រង់​ជាមួយ​អ្នក​កាន់​អំណាច​ផ្តាច់ការ​ដែល​បាន​ត្រូវ​ទម្លាក់​ពី​តំណែង​រូប​នេះ។

ស៊ូដង់​៖ លោក​ប្រធានាធិបតី​ Salva Kiir នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​បញ្ចប់​ទស្សនកិច្ច​២​ថ្ងៃ​របស់​លោក​ក្នុង​ក្រុង​ Khartoum ដែល​នៅ​ទី​នោះ​លោក​និង​លោក​ប្រធានាធិបតី​ស៊ូដង់ Omar al-Bashir បាន​ពិភាក្សា​បញ្ហា​ទាំង​ទ្បាយ​ដែលនៅ​តែ​បណ្តាល​ឱ្យ​មាន​ការ​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

អាហ្វហ្គានីស្ថាន​៖ អ្នក​នយោបាយ​អាហ្វហ្គានីស្ថាន​ស្រី​ម្នាក់​ដែល​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​សភា​ដោយ​បាន​ត្រូវ​ចោទ​ប្រកាន់​អំពី​ការបន្លំ​សន្លឹក​ឆ្នោត​ប្តេជ្ញា​ថា​នឹង​បន្ត​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​ជាង​មួយ​អាទិត្យ​មក ​ហើយ​រហូត​ដល់​ពេល​ណា​ដែល​អ្នកស្រី​បាន​ត្រូវ​បញ្ចូល​ជា​ថ្មី​ក្នុង​សភា​វិញ។

តួកគី​៖ សមាជិក​អំបូរ​ Kurde ម្នាក់នៃ​សភា​តួកគីបាន​និយាយ​ថា​បាតុកម្ម​តវ៉ា​ធំ​មួយ​របស់​ក្រុម​ជន​អំបូរ​ Kurde ត្រូវ​បាន​លប់​ចោល​ហើយ​នៅ​ក្នុង​ក្រុង​កំពង់ផែ​មួយ​នា​ផ្នែកពាយ័ព្យ​ប្រទេស ​នៅ​ជិត​គុក​មួយ​ដែល​គេ​បាន​ឃុំឃាំង​លោក​ Abdullah Ocalan មេ​ដឹកនាំ​សកម្មប្រយុទ្ធ​ Kurde។