ព័ត៌មាន​អន្តរជាតិ៖ ១០ វិច្ឆិកា

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ជជែក​ដេញដោល​គ្នា​នៅ​រដ្ឋ ​Michigan នៅ​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១១។ (ពី​ឆ្វេង​ទៅ​ស្តាំ)​ បេក្ខជន​ប្រធានាធិបតី​លោក Rick Santorum លោកស្រី Michele Bachmann លោក Newt Gingrich និង​លោក Mitt Romney។

ព័ត៌មានចុងក្រោយបំផុត៖

ស.រ.អា៖ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បង្ហាញ​ក្តីសង្ឃឹម​ក្នុង​កិច្ច​ពិភាក្សា​ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ​និង​ការងារ​ធ្វើ ពេល​គេ​ដេញដោល​គ្នា​នៅ​រដ្ឋ Michigan។ លោក​ Rick Perry អភិបាល​រដ្ឋTexas ប្រហែល​ជា​មាន​ការ​លំបាក​ពេល​លោក​ព្យាយាម​ឆ្លើយ​សំណួរ។

ស៊ិរី៖ ក្រុមប្រឹក្សា​ជាតិ​ដែល​ជាក្រុម​ប្រឆាំង​កំពុង​អំពាវនាវ​ឲ្យមាន​កូដកម្ម​ទូទៅមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដើម្បីទាមទារ​ប្រឆាំង​នឹង​អ្វី​ដែល​គេ​និយាយ​ថា​ ការ​បង្ក្រាប​ដោយ​ឃោរឃៅ​ពីរដ្ឋាភិបាល​នៅតំបន់​Homs ​ភាគកណ្តាល។

លីបេរីយ៉ា៖ មន្ត្រី​នានា​និយាយ​ថា​ លទ្ធផល​បឋមនៃ​ការបោះឆ្នោត​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា​នឹងចេញ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។ លោកស្រី​ប្រធានាធិបតី ​Ellen Johnson ​Sirleaf​ អាច​នឹង​ជាប់​ឆ្នោតអាណត្តិ​ទី​២​នេះ​ រីឯ​បេក្ខជន​ប្រឆាំង​William Tubman ​ធ្វើ​ពហិកា​ការ​បោះឆ្នោត​កាលពី​ថ្ងៃអង្គារ​ ដោយ​ចោទ​ថា មាន​ការ​លួចបន្លំ។

អ៊ីរ៉ង់៖ ប្រទេស​ចិន​និយាយ​ថា​ ទណ្ឌកម្ម​មិន​មែន​ជា​មូលដ្ឋាន​នៃ​ការដោះស្រាយ​កង្វល់​អន្តរជាតិ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ទេ។ Hong Lei អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិន​បាន​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​នៅ​ថ្ងៃព្រហស្បតិ៍​ មួយ​ថ្ងៃ​ក្រោយពី​មហា​អំណាច​លោកខាងលិច​ និយាយ​ថា រដ្ឋាភិបាល​ក្រុងTehran​ អាច​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​បន្ថែម​ទៀត ​ ប្រសិនបើ រដ្ឋាភិបាល​នេះ​មិន​សហការ​ជាមួយ​អធិការកិច្ច​របស់​អសប​ ពិនិត្យ​អាវុធ​នុយក្លេអ៊ែរ។

អ៊ឺរ៉ុប៖ ទីផ្សារ​ហិរញ្ញ​វត្ថុ​អាស៊ី​បិទ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ដោយ​ព្រួយ​បារម្ភថា​ វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ចុះ​ដុនដាប​នៅ​ប្រទេស​អ៊ីតាលី​អាច​រុញ​ច្រាន​សេដ្ឋកិច្ច​អ៊ឺរ៉ុប​ធ្លាក់​ចុះ​ខ្លាំង។ ទីផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន​ Nikkeiជប៉ុន​ធ្លាក់​ចុះ​ជា​មធ្យម​ជិត៣% ហើយ​ទីផ្សារហ៊ុន​នៃក្រុមហ៊ុន​ Hang Seng ​នៅហុងកុង​ធ្លាក់ចុះជិត​៥%​ ក្រោយពី​មាន​ព័ត៌មាន​ថា អត្រា​ការប្រាក់​នៅ​ប្រទេស​អ៊ីតាលី​ឡើង​លើ​៧%​កាលពី​ថ្ងៃពុធ។

ឥណ្ឌា/ប៉ាគិស្ថាន៖ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ និងនាយក​រដ្ឋមន្ត្រី​ប៉ាគិស្ថាន ​និយាយ​ថា ​គេ​រំពឹង​ថា កិច្ចពិភាក្សា​ក្នុង​ពេល​ខាង​មុខ​នឹង​បន្ត​ធ្វើឲ្យប្រទេស​ទាំងពីរកាន់តែ​ជិតស្និទ្ធ​នឹង​គ្នា។ លោក Manmohan Singh នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា ប្រទេស​ទាំងពីរ​បាន​ចំណាយ​ពេល​វេលា​ច្រើន​ណាស់​ទៅ​លើ​កិច្ចពិភាក្សា​ដ៏ជូរចត់។​ លោក​និយាយថា​ ថ្វីបើ​មាន​ការជឿនលឿន​ក្នុងឆ្នាំកន្លង​មក​ក៏ដោយ​ តែនៅ​មានបញ្ហា​ច្រើន​ទៀត​ត្រូវ​ដោះស្រាយ។

ជប៉ុន៖ លោក ​Yoshihoko Noda​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​លើក​ពេល​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃព្រហស្បតិ៍​ ដែល​គេរំពឹង​ថា ​លោកនឹង​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ចូលរួម​ការចរចា​អំពី​កតិកា​សញ្ញា​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ស.រ.អា៖ លោក ​Joe Paterno គ្រូបង្ហាត់​កីឡា​បាល់ទាល់​អាមេរិកកាំង​ដ៏​ល្បី​នៅក្នុង​មហាវិទ្យាល័យ​ ត្រូវ​សាកល​វិទ្យាល័យ​រដ្ឋ ​Pennsylvania​ បណ្តេញ​ចេញ​ពី​ការងារ​ នៅ​ពេល​មាន​ការរិះគន់​ថា លោក​និងមន្ត្រី​ផ្សេង​ទៀត​នៅ​ក្នុង​សាកលវិទ្យាល័យ​នេះ​ទាក់ទង​នឹង​ការចោទ​ប្រកាន់​ពី​បទបំពារបំពាន​ផ្នែក​ភេទ​ជាមួយ​កុមារ។

តួកគី៖ បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ប្រទេស​តួកគី​កំពុង​តាម​រក​អ្នក​រួច​ជីវិត​ ក្រោយពី​មាន​ការរញ្ជួយ​ដី​ទំហំ​៥,៧ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧​នាក់។ មន្ត្រី​នានា​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​មនុស្ស​២៥នាក់​ត្រូវ​បាន​គេ​សង្គ្រោះ​ឲ្យ​រួច​ជីវិត​ពី​គំនរ​បាក់បែក​ ក្រោយពី​បុគ្គលិក​សង្គ្រោះ​ធ្វើការ​មួយ​យប់​ថ្ងៃពុធ​ នៅ​តំបន់ Van​ ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ ​គេជឿថា​ មាន​មនុស្សរាប់​សិបនាក់ជាប់​ក្នុងគំនរ​បាក់បែក​ពីការ​រញ្ជួយដី​នោះ។

ព័ត៌មាននៅពេលមុននេះ៖

ផ្ទាំង​អេក្រង់​បង្ហាញ​ផ្សារហ៊ុន​នៅ​មីលែន អ៊ីតាលី ថ្ងៃទី៩ វិច្ឆិកា ២០១១។

អ៊ីតាលី ៖ ​ផ្សារហ៊ុន​សំខាន់​នៅ​ក្នុងអាមេរិក​និងអឺរ៉ុប​បាន​ចុះ​ថ្លៃ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ពុធ​នេះ​ ហើយ​តម្លៃ​ប្រាក់​កម្ចី​របស់​អ៊ីតាលី​បាន​ឡើង​ខ្ពស់​ ពេល​ដែល​ស្រមោល​ដ៏​វែង​នៃ​វិបត្តិ​ប្រាក់​បំណុល​របស់​ទ្វីប​អឺរ៉ុប​កំពុង​តែ​គ្រប​សង្កត់​លើ​រដ្ឋាភិបាលក្រិក​និង​អ៊ីតាលី។

អ៊ីរ៉ង់៖ អង់គ្លេស​ បារាំង​ និង​អាល្លឺម៉ង់​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ អ៊ីរ៉ង់​អាច​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​បន្ថែម​ បើ​ប្រទេស​នេះ​ប្រកែក​មិន​ព្រម​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​ក្រុម​អ្នក​ជំនាញ​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​ទេ​ ដែល​បាន​និយាយ​ថា​ ពួក​គេ​មាន​ភស្តុតាង​«ដែល​គួរ​ឲ្យ​ជឿ​បាន»​ អំពី​កិច្ច​ប្រឹង​ប្រែង​របស់​អ៊ីរ៉ង់​ដើម្បី​ស្ថាបនា​អាវុធ​នុយក្លេអ៊ែរ។

កូរ៉េខាង​ជើង ៖ ​អតីត​ប្រេសិតអាមេរិកម្នាក់ទទួល​បន្ទុក​ខាង​គោល​នយោបាយ​កូរ៉េ​ខាង​ជើង​និយាយ​ថា​កិច្ច​ចរចា​ពហុជាតិ​ដែល​មាន​គោល​ដៅ​បញ្ចប់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​ទុច្ចរិត​របស់​ក្រុង​ព្យុងយ៉ាង​អាច​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ​នៅ​ពេល​អនាគត​ខ្លី​ខាង​មុខ​នេះ។

ស៊ីរី ៖ ​ក្រុម​បាតុករ​បាន​ប្រឈម​មុខ​នឹង​គណប្រតិភូ​គណបក្ស​ប្រឆាំង​ ស៊ីរី​ នៅ​ខាង​ក្រៅ​មន្ទីរ​ចាត់ការ​របស់​សមាគម​អារ៉ាប់​នៅ​ទី​ក្រុង​ ឡឺគែរ​ ​នៅអេហ្ស៊ីប​កាល​ពី​ថ្ងៃ​ពុធ។​ ពួក​បាតុករ​ខ្លះ​បាន​ហៅ​មន្រ្តី​គណបក្សប្រឆាំង​ថា​ជា​ «មនុស្ស​ក្បត់»​ ហើយ​បាន​គប់​ពងមាន់​ទៅ​លើ​មន្រ្តី​ទាំង​នោះ។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ កង​ទ័ព​អាហ្វហ្គានីស្ថាន​និង​អង្គការ​អូតង់​ បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​ តាលីបាន់​ យ៉ាង​តិង​៧០​នាក់​ ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ មូលដ្ឋាន​ដែល​ស្ថិត​ជិត​ព្រំដែនប៉ាគីស្ថាន។

សកលលោក ៖ ទី​ភ្នាក់​ងារ​ថាមពល​អន្តរជាតិ​និយាយ​ថា​ ពិភពលោក​អាច​ប្រឈម​មុខ​នឹង​តម្លៃ​ថាមពល​ខ្ពស់​«ស្កឹម​ស្កៃ»​និង​គ្រោះ​ថ្នាក់​ខ្លាំង​ឡើង​នៃ​ការ​ផ្លាស់​ប្តូរ​ធាតុ​អាកាស​ លុះ​ណា​តែ​មាន​ការ​ផ្លាស់​ប្តូរ​សំខាន់ៗ​នៅ​ក្នុង​មធ្យោបាយ​ដែល​ប្រទេស​នីមួយៗ​ ព្រម​ទាំង​ក្រុម​ហ៊ុន​ហើយ​និង​មនុស្ស​យើង​ប្រើ​ប្រាស់​ថាមពល៕