ព័ត៌មានចុងក្រោយបំផុត៖
ភូមា/អាមេរិក៖ លោកថេន សេន ប្រធានាធិបតីនៃប្រទេសភូមាបានស្វាគមន៍លោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លីនតុន ដោយបានហៅ ដំណើរទស្សនកិច្ចរបស់លោកស្រីនេះថា មានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយតំណាងឱ្យទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សេដ្ឋកិច្ចពិភពលោក៖ ផ្សារហ៊ុនអាស៊ីមានការកើនឡើងក្រោយពីមានចំណាត់ការពីធនាគារកណ្តាលធំៗលើពិភពលោក។ ទីផ្សារហ៊ុនអាស៊ីមានសន្ទុះឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយបន្តឱ្យមានការប្រមូលផ្តុំនៅទូទាំងពិភពលោក ក្រោយពីធនាគារកណ្តាលធំៗនៅក្នុងពិភពលោកបានចាត់វិធានការដែលមានការសម្របសម្រួលគ្នាមួយដើម្បីគាំទ្រសេដ្ឋកិច្ចអឺរ៉ុបដែលកំពុងមានបញ្ហា។
អង្គការសហប្រជាជាតិ៖ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថានៅទីបំផុត ពិភពលោកបានឈានមកដល់ដំណាក់កាលដែលអាចលុបបំបាត់ជំងឺអេសដ៍បានហើយ ប៉ុន្តែលោកបានមានប្រសាសន៍ថា គេនៅតែត្រូវការមូលនិធិបន្ថែមទៀតសម្រាប់ជួយដល់ការរីកចម្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
អង់គ្លេស៖ កាលពីថ្ងៃពុធកន្លងទៅប្រទេសអង់គ្លេសបានបណ្តេញអ្នកការទូតអ៊ីរ៉ង់ពីប្រទេសរបស់ខ្លួននិងបានបិទស្ថានទូតខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ ក្រោយពីស្ថានទូតខ្លួនបានទទួលរងការវាយប្រហារដោយហ្វូងមនុស្សមួយក្រុមដែលពោរពេញដោយកំហឹងកាលពីមួយថ្ងៃមុន។
ស៊ីរី៖ គណៈកម្មការមួយនៃសម្ព័ន្ធអារ៉ាប់ដែលទទួលខុសត្រូវលើការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរីបានកំពុងផ្តោតគោលដៅរបស់ខ្លួនលើក្រុមអ្នកមាននិងមន្រ្តីមានអំណាចក្នុងប្រទេសនេះ។
អ៊ីរ៉ាក់៖ ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់បានកំពុងស្តែងឱ្យឃើញនូវវត្តមានរបស់ពួកគេនៅក្នុងតំបន់ភាគឦសាន្តនៃប្រទេសនេះ ដោយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់១៧នាក់ក្នុងការវាយប្រហារដោយឡែកពីគ្នាចំនួនពីរ។
អេហ្ស៊ីប៖ អ្នកបោះឆ្នោតនៅអេហ្ស៊ីបកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតសភាជាតិជាប្រវត្តិសាស្រ្តក្នុងដំណាក់កាលទីមួយរបស់ខ្លួន ដែលគ្រោងនឹងផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ដែលមានការយឺតយ៉ាវជាងការគ្រោងទុកចំនួនមួយថ្ងៃ។
ចិន៖ សន្ទស្សន៍ទស្សនទានពិភពលោកស្តីពីអំពើពុករលួយ បានបង្ហាញថាប្រទេសចិន ត្រូវបានគេមើលឃើញថានៅតែមានអំពើពុករលួយបើទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់អំពើពុករលួយជាផ្លូវការយ៉ាងណាក៏ដោយ។
ព័ត៌មាននៅពេលមុននេះ៖
ចិនៈ ប្រទេសចិននៅតែរក្សាចំណងទាក់ទងជាមួយភូមាទោះជាមានឥទ្ធពលបស្ចិមប្រទេសក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានថ្លែងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលក្រុងប៉េកាំង ស្វាគមន៍ចំពោះវិធានការណ៏របស់ភូមាដើម្បីបង្កើនការទាក់ទងនិងកែលំអរការទាក់ទងជាមួយបស្ចិមប្រទេស។ ប៉ុន្តែ ក៏មានមតិមួយចំនួន ដែលអះអាងជាតិនិយម បានសំដែងនូវគំនិតអវិជ្ជាមានចំពោះទស្សនៈកិច្ចរបស់ លោកស្រីហ៊ីលឡារី គ្លីនតុន។
ភូមាៈ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន បានចាប់ផ្តើមទស្សនកិច្ចប្រវត្តិសាស្ត្រមួយ ជាលើកដំបួង ទៅកាន់ប្រទេសភូមា ក្នុងអម្លុងពេល ៥០ឆ្នាំ។ ក្នុងដំណើរទស្សនៈកិច្ច៣ថ្ងៃ លោកស្រីមានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីភូមា ថេន សែននិងមេដឹកនាំប្រជាធិបតេយ្យ លោកស្រីអូងសានស៊ូជីផង។
អេហ្ស៊ីបៈ ក្រុមមន្ត្រីអេហ្ស៊ីបនិយាយថាការប្រកាសលទ្ធផលនៃការបោះឆ្នោតជំហានទីមួយ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងធើ្វនូវថ្ងៃព្រហស្បតិវិញ ជំនួសឲ្យថ្ងៃពុធ មួយថ្ងៃយឺតជាងការគ្រោងទុក ដោយមិនបានប្រាប់អំពីមូលហេតុ នេះបើយោងតាមការប្រកាសរបស់បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់អេហ្ស៊ីប ។
សហរដ្ឋអាមេរិកៈ នៅព្រឹកថ្ងៃពុធ ក្នុងទីក្រុង ឡូស អានជឹឡេស (Los Angeles) បាតុករជាច្រើននាំគ្នាចាកចេញដោយស្ម័គ្រចិត្ត ក្រោយពីការចាប់ខ្លួនមនុស្សជាង២រយនាក់ នៅក្នុងទីក្រុង Los Angeles និងជាង៥០នាក់ នៅក្រុង ហ្វីឡាដឺលភា (Philadelphia) នៅក្នុងខណៈពេលប៉ូលីសនៅក្នុងទីក្រុងទាំងពីរ ធើ្វការបោសសំអាតកន្លែងបោះជំរំរបស់បាតុករកាន់កាប់ទីផ្សារ Wall Street។
អ៊ឺរ៉ុបៈ ផ្សារហ៊ុនបានឡើងថ្លៃលើស៣ភាគរយ នៅទីផ្សារលក់ហ៊ុនធំៗ នៅទីក្រុងនូវយ៉ក ឡុងដ៍ ប៉ារីស និង Frankfurt ក្រោយពីធនាគារពិភពលោករួមមាន ធនាគារសហព័ន្ធរបស់សហរដ្ឋអាមេរិក ធនាគារកណ្តាលរបស់អ៊ឺរ៉ុប ធនាគារនៃប្រទេសអង់គ្លេស និងធនាគារកណ្តាល ក្នុងប្រទេសជប៉ុន កាណាដា និងស្វីស បាននិយាយថា ចាប់ផ្តើមពីថ្ងៃចន្ទក្រោយទៅ ពួកគេនិងបញ្ចុះប្រាក់ការកន្លះភាគរយ សម្រាប់ធនាគារក្នុងការខ្ចីប្រាក់ដុល្លារអាមេរិក។ ប៉ុនែ្ត ឥទ្ធិពលនៃចំណាត់ការណ៍នេះ និងមានរយៈពេលយូរប៉ុន្មាន នូវតែជាសំណួរដែលគេនាំគ្នាចោទសួរ។
សហរដ្ឋអាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាមា (Barack Obama) ព្រមានអំពីការរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចបើសិនជាសភាសហរដ្ឋអាមេរិកបរាជ័យមិនបានបន្តការកាត់បន្ថយពន្ធដារលើប្រាក់ខែអ្នកមានប្រាក់ចំណូលមធ្យម ។
សហរដ្ឋអាមេរិកៈ សហរដ្ឋអាមេរិកគាំទ្រនូវការប្រើឈ្មោះប្រទេសភូមា ជាជាងប្រទេស មីយ៉ាន់ម៉ា (Myanmar) ដែលបានប្តូរ កាលពីឆ្នាំ ១៩៨៩ អតិតរដ្ឋាភិបាលយោធានៃប្រទេសភូមាដើម្បីបង្ហាញការគាំទ្រចំពោះគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងរបស់ប្រទេសនេះ។
ស៊ីរីៈ ប្រទេសស៊ីរីបានប្រកាសខ្លួនបានដោះលែងអ្នកទោសជាង៩រយនាក់ ខណះដែលក្រុមសកម្មជននិយាយថាការប៉ះទង្គិនគ្នាថ្មីៗបានផ្ទុះឡើងនៅខេត្ត Daraa។ តាមឲ្យដឹងពី ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA និយាយថាជនដទៃទៀតជាង ១ពាន់៧រយនាក់ ត្រូវបានដោះលែងកាលពីដើមខែនេះ។ ប៉ុនែ្ត នៅពេលជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សស៊ីរី និយាយថាកងកម្លាំងស៊ីរី ក្នុងរថពាសដែក បានចូលទៅ្ក្នុងភូមិមួយក្បែរទីក្រុង Daraa។