ព័ត៌មាន​អន្តរជាតិ​សង្ខេប - ០៩ ​កក្កដា

រូបថត​ដែល​យក​ចេញ​ពី​វីដេអូ​ YouTube នេះ​បង្ហាញ​​​អំពី​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​បាន​មក​កកកុញ​គ្នា​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ហាម៉ា (Hama)​ នៅ​ថ្ងៃ​សុក្រ​ទី​៨​ខែ​កក្កដា​ឆ្នាំ​២០១១ ដើម្បី​ទាមទារ​ឲ្យ​​ផ្តួល​រំលំ​របប​របស់​ប្រធានាធិបតី​ Bashar al-Assad។

ស៊ីរី៖ មនុស្ស​ជិត​កន្លះ​លាននាក់​បាន​នៅ​ពាសពេញ​វិថី​នានា​ក្នុង​ក្រុង​ហាម៉ា​នៃ​ ប្រទេស​ស៊ីរី​ នៅ​ពេល​ដែល​ពួក​សកម្មជន​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាងតិច​១៣​នាក់​បាន​ត្រូវ ​សម្លាប់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​បន្ត​ធ្វើ​ បាតុកម្ម​ប្រឆាំងនឹង​ប្រធានាធិបតី​ Bashar al-Assad។

អេហ្ស៊ីប៖ ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ការ​ប្រជុំ​មហាជន​នៅ​ទូទាំង​ប្រទេស​អេហ្ស៊ីប​ដើម្បី​សម្តែង​ការ​តប់​ប្រមល់​ដែល​កើន​ខ្លាំង​ទ្បើងៗ​ជាមួយ​អ្វី​ដែល​ពួក​គេ​ឃើញ​ថា​ជា​ល្បឿន​យឺតៗ​នៃ​ការ​កែទម្រង់​របស់​រដ្ឋាភិបាល​និង​ការ​ពន្យារ​ពេល​ក្នុង​ការ​យក​មក​កាត់​ទោស​ពួក​អតីត​មន្ត្រី​ដែល​មាន​ទាក់ទិន​នឹង​ការ​សម្លាប់​ពួក​បាតុករ​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ។

លីប៊ី៖ កងកម្លាំង​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ក្នុង​ប្រទេស​លីប៊ី​បាន​បាញ់​ផ្តក់​លើ​ទី​ដៅ​នៅ​ជិត​ក្រុង​ Misrata​ ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នា​ផ្នែក​ខាង​លិច​ប្រទេស។

សហរដ្ឋ​អាមេរិក៖ យាន​អវកាស​ចម្លង​ស.រ.អ.​ Atlantis​ បាន​ហោះ​ចូល​ក្នុង​តារាវិថី​ផែនដី​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បំពេញ​បេសកកម្ម​មួយ​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ដែល​ជា​ការ​ហោះហើរ​លើក​ទី​១៣៥​និង​ជា​លើក​ចុងក្រោយ​បង្អស់​នៃ​កម្មវិធី​យាន​អវកាស​ចម្លង​ដែល​មាន​រយៈពេល​៣០ឆ្នាំ​មក​ហើយ។

យេម៉ែន៖ ពលរដ្ឋ​យេម៉ែន​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​ប្រជុំ​មហាជន​កាល​ពី​ថ្ងៃ​សុក្រ​ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបតី​ Ali Abdullah Saleh បាន​ចេញ​បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ អារ៉ាប៊ី​សាអូឌីត​ដើម្បី​ទទួល​ការ​ព្យាបាល​មុខ​របួស។