ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ០៨ ធ្នូ ព្រឹក

លោក​ហេង​​ សំរិន​​ ប្រធាន​រដ្ឋ​សភា​កម្ពុជា​ (រូបឆ្វេង) ចាប់​រលាក់​ដៃ​ជាមួយ​​លោក​​ វូ​ បាងហ្កូ​ (​Wu Bangguo) (រូបស្តាំ)​ ​ប្រធាន​​សភា​​ប្រជាជន​​ចិន។

កម្ពុជា៖ ​ដែល​មាន​ការ​តម្រូវ​ការ​ថាមពល​ច្រើន​បាន​បើក​សម្ពោធ​ទំនប់​វារី​អគ្គីសនី​ដ៏​ធំ​បំផុត​របស់​ខ្លួន​គិត​មក​ដល់​បច្ចុប្បន្ន។​ គម្រោងដែល​ចិន​បាន​ជួយ​ផ្តល់​ថវិកា​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​នេះ​បាន​ទទួល​ការ​សរសើរ​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ តែ​បាន​ការ​រិះ​គន់​ពី​ក្រុម​ការ​ពារ​បរិស្ថាន​ផង​ដែរ។

ស៊ីរី​៖ ​ប្រធានាធិបតី​ស៊ីរី​ បាសា អាល់អាសាដ បាន​បដិសេធ​ថា​លោក​មិន​បាន​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជា​ច្រើន​ពាន់​នាក់​នោះ​ទេ​ ដោយ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អាមេរិកាំង​ម្នាក់​ថា​ លោក​មិន​មែន​ជា​អ្នក​ត្រួត​លើ​កង​កម្លាំង​ដែល​បាន​ប្រព្រឹត្ត​អំពើ​បង្ក្រាប​ដ៏​សាហាវ​នៅ​ក្នុង​ប្រទេស​នោះ​ទេ។

រុស្ស៊ី​៖ អតីត​មេ​ដឹកនាំ​សហភាព​សូវៀត​ លោក​មីកាអ៊ែល មាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រកាស​រំសាយ​លទ្ធផល​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋសភា​ រុស្ស៊ី​ ជា​មោឃៈ​និង​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ជា​ថ្មី​។

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន ​ហាមីត កាហ្សាយ​បាន​ថ្លែង​ថា​ លោក​មាន​ផែនការ​ប្រឈម​មុខ​នឹង​រដ្ឋាភិបាលប៉ាគីស្ថាន​ អំពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តយាត​មួយ​មិន​ដែល​មាន​ធ្វើ​ពី​មុន​មក​ដែលសំដៅ​ទៅ​រក​ជន​ជាតិ​មូស្លីម​និកាយស្ហ៊ីអ៊ីត កាល​ពី​ថ្ងៃ​អង្គារ​ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៥៥​នាក់។

ប៉ាគីស្ថាន៖ ប្រធានាធិបតី​ប៉ាគីស្ថាន អាស៊ីហ្វ អាលី ហ្សាដារី​ បាន​អញ្ជើញ​ទៅ​ទី​ក្រុង​ឌូបៃ​ ដើម្បី​ទទួល​ការ​ព្យាបាល​ជម្ងឺ​បេះដូង​ដែល​បង្ក​ឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​អាច​លា​ឈប់​ពី​តំណែង។​

អេហ្ស៊ីប​៖ ក្រុម​ប្រឹក្សា​យោធា​គ្រប់​គ្រង​អំណាច​របស់​អេហ្ស៊ីប​បាន​ប្រគល់​អំណាច​ប្រធានាធិបតី​ខ្លះ​ទៅ​ជូន​នាយក​រដ្ឋមន្រ្តី​ស្តីទី​ កាម៉ាល់ អេល ហ្កាន់ស៊ូរី​។