កូរ៉េខាងជើង៖ លោក គីម ជុង អ៊ុន (Kim Jong Un) ត្រូវបានប្រកាសថា ជាមេដឹកនាំកំពូលរបស់គណបក្សគ្រប់គ្រងអំណាច និងជាអគ្គមេបញ្ជាការកងទ័ពនៅប្រទេសកូរ៉េខាងជើង អំឡុងពេលពិធីបុណ្យសពឪពុករបស់លោកគឺ លោកគីម ជុង អ៊ីល (Kim Jong Il) នៅទីក្រុងព្យុងយ៉ាង។
ស៊ីរី៖ ក្រុមអ្នកអង្កេតការណ៍របស់សម្ព័ន្ធអារ៉ាប់ (Arab League) នឹងទៅធ្វើទស្សនកិច្ចក្នុងតំបន់សំខាន់ៗចំនួន៣ នៅប្រទេសស៊ីរី ដែលជាទីកន្លែងដែលកម្លាំងសន្តិសុខស៊ីរីបានប្រើអំពើហិង្សាដ៏ឃោរឃៅលើហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល ស្របពេលដែលមានចម្ងល់មួយថាតើក្រុមអ្នកសង្កេតការណ៍នេះអាចទុកចិត្តបានឬុយ៉ាងណា។
តួកគី៖ កងទ័ពតួកគីបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមបះបោរជនជាតិឃឺត (Kurdistan) នៅក្បែរព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនបានបញ្ជាក់របាយការណ៍ពីមន្ត្រីមូលដ្ឋានដែលថា មានជនស៊ីវិលយ៉ាងតិច២៣នាក់បានស្លាប់ក្នុងការវាយប្រហារនោះទេ។
កៀហ្ស៊ីស៊ីស្ថាន៖ លោក អាលម៉ាហ្សបេក អាតាមបាយេវ (Almazbek Atambayev) ប្រធានាធិបតីរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន បាននិយាយថា ការរក្សាទុកមូលដ្ឋានយោធាស.រ.អ នៅជិតអាកាសយានដ្ឋានស៊ីវិលរបស់ប្រទេសលោកគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់។
អូតង់/អាហ្វហ្គានីស្ថាន៖ អង្គការអូតង់បាននិយាយថា មានបុរសម្នាក់បានស្លៀកពាក់ឯកសណ្ឋានកងទ័ពឯកភាពជាតិរបស់អាហ្វហ្គានីស្ថាន បានសម្លាប់បុគ្គលិក២នាក់របស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត។
ភូមា៖ ការផ្ទុះដ៏ខ្លាំងខ្លានៅឃ្លាំងមួយក្នុងទីក្រុងរង់ហ្គូន នៃប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងតិច១៧នាក់ និងធ្វើ់ឲ្យរបួស៨០នាក់ផ្សេងទៀត។ សាក្សីបាននិយាយថា គេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅកន្លែងមួយដែលទំនងជាឃ្លាំងថ្នាំនៅក្នុងតំបន់ឧស្សាហកម្មមួយនាភាគខាងកើតនៃក្រុងរង់ហ្គូន។