កូរ៉េ៖ គណៈប្រតិភូឯកជនកូរ៉េខាងត្បូងពីររូបបានឆ្លងកាត់ព្រំដែនដែលមានកិច្ចការពារយ៉ាងមាំទាំ ចូលទៅក្នុងប្រទេសកូរ៉េខាងជើងដើម្បីសម្តែងការគោរពដល់សពអតីតមេដឹកនាំរបស់ប្រទេសនេះ គឺលោក គីម ជុង អ៊ីល (Kim Jong Il) ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី១៧ខែធ្នូកន្លងទៅនេះ។
ស៊ីរី៖ ពួកសកម្មជនបាននិយាយថា អំពើហិង្សាថ្មីៗបំផុតដែលបង្កឡើងដោយកងកម្លាំងសន្តិសុខស៊ីរីបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៣នាក់ស្លាប់ក្នុងទីក្រុង ហូម៉ាស (Homs)។ អង្គការ សង្កេតការណ៍ស៊ីរីដើម្បីសិទ្ធិមនុស្ស (Syrian Observatory for Human Rights) ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេសបាននិយាយថា ការស្លាប់នៃពួកមនុស្សទាំងនេះបានកើតមានទ្បើងនៅថ្ងៃច័ន្ទនេះនៅពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីបានបាញ់ផ្លោងទៅលើសង្កាត់ បាបា អាម (Baba Amr)។ អំពើឃោរឃៅនេះបានកើតទ្បើងមួយថ្ងៃមុនពេលពួកអ្នកសង្កេតការណ៍របស់សម្ព័ន្ធអារ៉ាប់បានត្រូវកំណត់ទៅទស្សនកិច្ចទីក្រុងនេះ។
អ៊ីរ៉ាក់៖ ពួកមន្ត្រីអ៊ីរ៉ាក់បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានធ្វើការវាយប្រហារនៅថ្ងៃច័ន្ទនេះនៅជិតក្រសួងមហាផ្ទៃកណ្តាលរដ្ឋធានី បាកដាដ (Baghdad) បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៦នាក់ស្លាប់។ ពួកមន្ត្រីបាននិយាយថា មានមនុស្សរាប់សិបនាក់ផ្សេងទៀតបានត្រូវរបួស។
អាមេរិក៖ សេតវិមានបាននិយាយថា លោកអនុប្រធានាធិបតីស.រ.អ. ចូ បៃដិន (Joe Biden) បានមានប្រសាសន៍តាមទូរស័ព្ទជាមួយពួកមេដឹកនាំអ៊ីរ៉ាក់ដើម្បីជំរុញឱ្យពួកគេធ្វើការ«សន្ទនាគ្នា»ដើម្បីដោះស្រាយវិបត្តិនយោបាយមួយនៅក្នុងរដ្ឋាភិបាលបែងចែកអំណាចគ្នាដែលមិនមាំទាំរបស់ពួកគេ។
អង្គការសហប្រជាជាតិ/អ៊ីរ៉ាក់៖ អ.ស.ប. និងរដ្ឋាភិបាលអ៊ីរ៉ាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីរកកន្លែងរស់នៅថ្មីឱ្យពួកអ្នកប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ចំនួន៣.ពាន់៤រយនាក់ដែលកំពុងតែរស់នៅក្នុងជំរុំមួយក្នុងតំបន់ឦសាននៃប្រទេសអ៊ីរ៉ាក់ស្របពេលដែលឋានៈជាជនភៀសខ្លួនរបស់ពួកគេត្រូវកំណត់រួចហើយនោះ។
កូរ៉េខាងជើង៖ នៅថ្ងៃច័ន្ទនេះកាសែតរបស់រដ្ឋនាំមុខគេរបស់ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថាអ្នកបន្តតំណែងពីលោក គីម ជុង អ៊ីល (Kim Jong Il) បានកាន់តំណែងជាន់ខ្ពស់មួយទៀតហើយ។ កាសែត រ៉ូដុង ស៊ីនម៉ុន (Rodong Sinmun) របស់គណបក្សកុម្មុយនិស្តបាននិយាយសំដៅទៅលើលោក គីម ជុង អ៊ុន (Kim Jong Un) ថាជាមេដឹកនាំនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកម្មករ ដែលជាអ្នកដឹកនាំប្រទេស។ តំណែងមួយនេះបានផ្តល់ឱ្យលោក គីម ជុង អ៊ុន នូវអំណាចលើស្ថាប័នមួយក្នុងបណ្តាស្ថាប័នជាន់ខ្ពស់សម្រាប់ធ្វើសេចក្តីសម្រេចនានារបស់ប្រទេស។
ចិន៖ តុលាការមួយក្នុងប្រទេសចិនបានកាត់ទោសលោក ជិន ស៊ី (Chen Xi) អ្នកប្រឆាំងរដ្ឋាភិបាលដ៏លិចធ្លោម្នាក់ឱ្យជាប់ពន្ធនាគារ១០ឆ្នាំពីបទញុះញង់ឱ្យមានវិទ្ធង្សនា។ នៅក្រោយការកាត់ក្តីខ្លីមួយនៅថ្ងៃច័ន្ទនេះក្នុងក្រុង Guiyan ដែលជាទីរួមខែត្រ ខ្វាងចូវ លោក ជិន បាននិយាយថា លោកគ្មានកំហុសអ្វីទេ ក៏ប៉ុន្តែលោកបានថ្លែងថាលោកនឹងមិនតវ៉ាទ្បើងឧទ្ធរណ៍ឡើយ។ លោក ជិន គឺជាបាតុករជើងចាស់មួយរូបនៃចលនាតវ៉ាឱ្យមានលទ្ធិប្រជាធិបតេយ្យក្នុងទីលាន ធៀនណាមិន (Tiananmen) កាលពីឆ្នាំ១៩៨៩។