ចិន៖ និយាយថាខ្លួននឹងដាក់កំណត់ពន្ធថ្មីលើរថយន្តនាំចូលមួយចំនួនដែលផលិតនៅសហរដ្ឋអាមេរិក ក្នុងវិធានការចុងក្រោយបំផុតដើម្បីសាកល្បងទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងមានភាពតឹងតែងរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិក៖ ទស្សនៈជាអវិជ្ជមានចំពោះលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានឡើងដល់កម្រិតខ្ពស់បំផុត បើយោងតាមការស្ទង់មតិថ្មីបំផុតមួយ។ ការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន ABC និងវ៉ាស៊ីនតោនប៉ុស្តិ៍ បានបង្ហាញនូវអត្រា «មិនចូលចិត្ត» លោកប្រធានាធិបតី មានចំនួន ៤៩% និង ៤៨% ចូលចិត្តលោក។
អឺរ៉ុប៖ អធិការបតីអាល្លឺម៉ង់ អេនជេឡា ម៉ាកែល ថាមិនមានដំណោះស្រាយណាមួយដែលងាយស្រួលឬឆាប់រហ័សទេសម្រាប់វិបត្តិសេដ្ឋកិច្ចទ្វីបអឺរ៉ុប តែកិច្ចព្រមព្រៀងរបស់ប្រទេសដែលចាយប្រាក់យូរ៉ូកាលពីសប្តាហ៍មុន ដែលទាមទារឲ្យមានការគ្រប់គ្រងសារពើពន្ធតឹងរ៉ឹងជាងមុន ជាជំហានល្អមួយ។
អ៊ីរ៉ាក់៖ ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានសំដែងគារវកិច្ចចំពោះកងទ័ពដែលបានបំពេញបេសកកម្មនៅអ៊ីរ៉ាក់ ខណៈដែលវត្តមានយោធានៅទីនោះកំពុងថយចំនួនកាន់តែតិចទៅៗ។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សថា អំពើហិង្សានៅទូទាំងស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់ កាលពីថ្ងៃពុធដោយរាប់ទាំងកងទ័ពស៊ីរី៨នាក់ផង ដែលបានស្លាប់នៅក្នុងការវាយប្រហារសងសឹកវិញដោយជនដែលគេសង្ស័យថាជាទាហានចោលជួរ។
អាហ្វហ្គានីស្ថាន៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក ឡេអុងប៉ាណាតា ថាកងកម្លាំងចម្រុះដែលមានសរអាជាអ្នកដឹកនាំកំពុងមានជ័យជំនះនៅអាហ្វហ្គានីស្ថាន ខណៈដែលកងទ័ពបរទេសបន្តផ្ទេរភារកិច្ចការពារសន្តិសុខក្នុងប្រទេសនេះទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថានវិញ នៅមុនពេលកំណត់សម្រាប់ឆ្នាំ២០១៤។
អេហ្ស៊ីប៖ ពលរដ្ឋអេហ្ស៊ីបបាននាំគ្នាទៅធ្វើការបោះឆ្នោតយ៉ាងកកកុញនៅក្នុងខេត្តចំនួនមួយភាគបីនៃទូទាំងប្រទេស។ កាលពីថ្ងៃពុធ នៅក្នុងការបោះឆ្នោតជុំទីពីរនៃការជ្រើសរើសសមាជិករដ្ឋសភា គណបក្សអ៊ីស្លាមសង្ឃឹមថានឹងអាចពង្រីកចំនួនសន្លឹកឆ្នោតដែលខ្លួនបានទទួលថែមទៀត។
រុស្ស៊ី៖ សម្ព័ន្ធមិត្តដ៏សំខាន់ម្នាក់របស់លោកនាយករដ្ឋមន្រ្តីវ្ល៉ាដឺមៀរ ពូទីន បានលាឈប់ពីតំណែងជាមេដឹកនាំនៃរដ្ឋសភា។ បូរីស ហ្គ្រីសឡូវ បានប្រកាសសុំលាលែងពីតំណែងរបស់លោក នៅថ្ងៃពុធនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានចុះផ្សាយនៅក្នុងគេហទំព័ររបស់គណបក្សគ្រប់គ្រងអំណាចឈ្មោះថាគណបក្សបង្រួបបង្រួមរុស្ស៊ី។