កុងហ្គោ៖ ប្រធានាធិបតីកុងហ្គោ ជូសកាប៊ីឡា (Joseph Kabila) ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឃីនស្ហាសា នៅថ្ងៃច័ន្ទនេះថា លោកបានទទួលស្គាល់ថាមានកំហុសខ្លះនៅក្នុងការបោះឆ្នោតកាលពីខែមុន តែលោកច្រានចោលការសន្មត់របស់មជ្ឈមណ្ឌលខាតធឺដែលថាការបោះឆ្នោតនោះខ្វះជំនឿទុកចិត្ត។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ស្នើឲ្យអ៊ីរ៉ង់បញ្ជូនយន្តហោះឃ្លាំយកការណ៏សម្ងាត់ Drone របស់អាមេរិចមួយគ្រឿងដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ និយាយថាខ្លួនបានធ្វើឲ្យធ្លាក់ តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែត។
សហរដ្ឋអាមរិក៖ កាលពីថ្ងៃច័ន្ទ តុលាការកំពូលអាមេរិក បានយល់ព្រមពិនិត្យមើលច្បាប់ចម្រូងចម្រាស់មួយ ដែលដៅទៅលើជនអន្តោប្រវេសន៍ខុសច្បាប់នៅរដ្ឋ អារីហ្សូណា ដែលស្ថិតនៅភាគនីរតី។
អ៊ីរ៉ាក់៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ណូរី អាល ម៉ាលីគី (Nouri al-Maliki) បានរៀបចំរបៀបវារៈយ៉ាងទូលំទូលាយមួយ សម្រាប់សហប្រតិបត្តិការក្រោយសង្គ្រាម ដោយគ្មានកងទ័ពអាមេរិកតាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលធ្វើឲ្យអ៊ីរ៉ាក់ជាប្រទេសមួយដែលមានអធិបតេយ្យភាព និង លទ្ធិប្រជាធិបតេយ្យមួយនៅមជ្ឈឹមបូព៌ាប្រទេស។
អ៊ឺរ៉ុប៖ ទីភ្នាក់ងារឲ្យពិន្ទុឥណ្ឌទានអន្តរជាតិ២ និយាយថា ក្រុមមេដឹកនាំអ៊ឺរ៉ុបគួរបំពេញកិច្ចការបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកើតចេញមកពីបំណុលយ៉ាងធំរបស់រដ្ឋាភិបាល។
ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន យួស្សូវ រ៉ាហ្សា ខីឡានី (Yousuf Raza Gilani) បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ប៊ីប៊ីស៊ីថាប្រទេសរបស់លោកប្រហែលជាបន្តការឃាត់ឃាំងមិនឲ្យក្បួនយានយន្តរបស់អង្គការអូតង់ចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានប៉ុន្មានសប្តាហ៍ថែមទៀត៕