ខ្មែរ​នៅ​ជប៉ុន​ត្រៀម​បាតុកម្ម​ប្រឆាំង​នឹង​លោក​ហ៊ុន សែន

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីសម្ពោធគម្រោង​ការពារ​គ្រោះទឹកជំនន់មួយដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ បាន​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ឧសភា​ ដើម្បី​ចូល​រួម​ និង​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ប្រ​ចាំ​ឆ្នាំ​លើក​ទី​ ២៥ ​ស្តី​ពី​អនាគត​របស់​អាស៊ី។

សកម្មជន​សហគមន៍​និង​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ជប៉ុន​បាន​ប្តេជ្ញា​ថា ​នឹង​ធ្វើការ​ប្រមូល​ផ្តុំនៅថ្ងៃទី​ ៣០ ​ខែ​ឧសភា​ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ខ្លួន​មិន​ចាប់​អារម្មណ៍​នឹង​សកម្មភាព​ប្រឆាំង​នេះ​ក៏​ដោយ។

លោកហៃ វណ្ណា ​អ្នក​តំណាង​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​នៃ​ចលនា​សង្គ្រោះជាតិ​នៅ​ជប៉ុន​ដែល​មាន​និន្នាការ​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ពួក​អ្នក​ដឹកនាំ​មិន​ចាប់​អារម្មណ៍​ទេ​ ដោយសារតែ​ពួកគេ​មិនមែន​ជា​រដ្ឋាភិបាល​មួយ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​កម្ពុជា​ទាំងអស់។ ចំណែក​ពួក​យើង​ខ្ញុំ​វិញ​គឺ​យក​ចិត្ត​ទុកដាក់​នឹង​បញ្ហា​ប្រទេស​ជាតិ‍»។​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ បាន​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ឧសភា​ ដើម្បី​ចូល​រួម​ និង​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ប្រ​ចាំ​ឆ្នាំ​លើក​ទី​ ២៥ ​ស្តី​ពី​អនាគត​របស់​អាស៊ី ដែល​ក្នុង​នោះនឹង​លើក​យក​បញ្ហា​ជា​ច្រើន ​ដូច​ជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក ​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​យក​ឧត្តមភាព​ខាង​បច្ចេក​វិទ្យា​យោធា ​និង​ការ​កើន​ឡើង​នៃ​ការ​គាំពារ​និយម​ខាង​ពាណិជ្ជកម្ម។​

លោក​ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​បាន​បញ្ជាក់​ថា​ ជប៉ុន​ជា​ប្រជាជាតិ​មួយ​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​គ្រប់​សម័យ​កាល​ហើយកម្ពុជា​តែង​ទទួល​បាន​ការ​ផ្តល់កិត្តិ​យស​ហើយ​និង​មេត្រីភាព​ពី​ជប៉ុន។

​លោកផៃ ស៊ីផាន​ បាន​បន្ថែម​ថា​ លោក​មិនបារម្ភ​អ្វី​ឡើយ​ចំពោះ​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​នេះ ​ហើយ​លោក​ថា​ ​វា​ក៏​នឹង​មិន​ប៉ះពាល់​ដល់​ដំណើរ​របស់​លោក​ហ៊ុន​ សែន​ ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ​ដែរ។

យ៉ាងណា​ក៏ដោយ​ អ្នករៀបចំ​ថា​ គេ​មិន​រំពឹង​ថា​មាន​អ្នក​ចូលរួម​ច្រើន​ទេ​ ដោយសារតែ​មិន​មែន​ជា​ថ្ងៃ​សម្រាក​សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅទី​នោះ៕