កសិករ​ខ្មែរ​សង្ឃឹម​ថា​បាន​យុត្តិ​ធម៌​ពី​តុលា​ការ​ថៃ​ក្នុង​​វិវាទ​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​ស«​មិត្រ​ផុល»

រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ពល​រដ្ឋ​ដែល​រង​គ្រោះ​ពី​ការ​រំលោភសិទ្ធិដី​ធ្លី​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​សង្ឃឹម​ថា​តុលា​ការ​ប្រទេស​ថៃ​នឹង​ផ្តល់យុត្តិ​ធម៌​ឱ្យ​ពួកគាត់​ ​ក្រោយ​មាន​វិវាទ​ជាមួយ​ក្រុម​ហ៊ុន​ផលិត​ស្ករ​ស​ថៃ មិត្រ​ ផុល​(Mitr Phol)​ជាង​១០​ឆ្នាំ​មក​ហើយ​។

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ តំណាង​ពល​រដ្ឋ​ចំនួន​៣នាក់បាន​ចូលរួម​សវនាកានៅ​តុលាការ​ថៃ​នា​ទីក្រុង​បាង​កក ដែលចាប់​ផ្តើម​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធនឹង​ភស្តុតាង​ មុន​បន្ត​នីតិវិធី​ជំនុំជម្រះ​លើ​ពាក្យ​បណ្តឹង​របស់ពលដ្ឋ​ខ្មែរ​ដែលបានប្តឹង​ក្រុមហ៊ុន​ មិត្រ​ផុល​តាំង​ពី​ឆ្នាំ​២០១៨។

តំណាង​ពលរដ្ឋ​រង​គ្រោះក្នុង​សហគមន៍​ឃុំ​កូនក្រៀល​ ក្រុង​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យលោក​ម៉ា​ អ៊ុក​ជឿន​ ប្រាប់​វីអូអេ​ថា លោក​និង​ពល​រដ្ឋ​ទាំង​ ៧១១​ គ្រួសារ​សង្ឃឹម​ថា​តុលា​ការ​ថៃ​នឹង​រកភាព​ត្រឹម​ត្រូវ​ក្នុង​វិវាទ​នេះ​ ព្រោះ​អ្វី​ដែល​ពល​រដ្ឋ​រង​គ្រោះ​ត្រូវ​ការ​គឺ​ភាព​យុត្តិ​ធម៌​សម្រាប់​ពួក​គេ។

បុរស​វ័យ​ ៥៩​ឆ្នាំ​ រូប​នេះ​ថ្លែង​ថា​៖​ «ក្នុង​នាម​ជា​តំណាង​សហ​គមន៍​មួយ​រូប​ដែរ​ ខ្ញុំ​គិត​ថា​អ្វី​មួយ​ដែល​សហ​គមន៍​យើង​ខ្ញុំ​ទាម​ទារ​នូវ​ភាព​យុត្តិ​ធម៌​នេះ​ តុលា​ការ​ថៃ​គាត់​នឹង​វិនិច្ឆ័យ​ និង​ពិនិត្យ​មើល​អ្វី​មួយ​ដែល​ប្រ​ជា​ពល​រដ្ឋ​ពួក​ខ្ញុំ​ទាម​ទារ​ ហើយ​អ្វី​មួយ​ដែល​[ស្រប​តាម]​ច្បាប់​អន្តរ​ជាតិ។​ នេះ​ខ្ញុំ​យល់​ឃើញ​ចឹង​»។

លោក​យល់​ឃើញ​ថា​ប្រទេស​ថៃ​ប្រកាន់​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដូច្នេះលោក​ជឿ​ថា​តុលា​ការ​ថៃ​នឹង​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋខ្មែរដែល​មានវិវាទ​ជាមួយ​ក្រុម​ហ៊ុ​នបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន មិត្រ​ ផុល។​

ក្រុមហ៊ុន​មិត្រ ផុល​ ​ដែល​ជាក្រុមហ៊ុន​ផលិត​ស្ករស​ និងចំណីអាហារ​ផ្សេង​ទៀត​ដ៏​ធំមួយ​នៅ​ប្រទេស​ថៃ​មានផល​ប្រយោជន៍​ជំនួញនៅ​ក្នុង​ក្រុម​ហ៊ុន​អង្គរស៊ូហ្គឺ​ ដែលធ្លាប់​មានគម្រោង​ដាំ​ដុះ​ដំណាំ​អំពៅ​នៅខេត្ត​ឧត្តរមានជ័យ និង​បាន​ផ្តល់​ផ្ទៃ​ដីដំណាំ​នេះ​ទៅ​កាន់​រដ្ឋា​ភិ​បាល​ខ្មែរ​វិញ​ កាល​ពី​ឆ្នាំ​ ២០១៥​។

ក្រុម​ហ៊ុន​អង្គរ​ស៊ូហ្គឺ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា​ បាន​បង្ក​ការ​រំលោភបំពាន​សិទ្ធិដីធ្លី​ នៅ​ពេល​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ដែល​ត្រូវបាន​បញ្ឈប់​វិញ​កាលពី​ឆ្នាំ​២០១៥​។ ប៉ុន្តែ​ទំនាស់​របស់​ក្រុម​ហ៊ុន​នេះ ​និង​ពលរដ្ឋ​មិន​ត្រូវបាន​ដោះស្រាយ​ទេ​។ ការតវ៉ា​របស់​ពល​រដ្ឋ​ក៏បាន​កើតឡើង​ជាបន្តបន្ទាប់​ រហូត​ត្រូវដាក់​ពាក្យ​ជាសមូហភាព​នៅ​តុលាការ​ថៃ ដោយ​សារ​តុលាការ​កម្ពុជាមិន​ទទួល​ចាត់​ការ​បណ្តឹង​សមូហភាព​នេះ​ទេ។ នេះបើតាម​អ្នក​ឃ្លាំមើល​វិវាទ​រវាងពលរដ្ឋ​នៅ​ឧត្តរមានជ័យ​ និង​ក្រុមហ៊ុន​មិត្រផុល។

លោក​ហួយ​ ឈួយ ពល​រដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​នៅ​ក្នុង​វិវាទ​ជាមួយ​ក្រុម​ហ៊ុនមិត្រ​ ផុល​ ប្រាប់​វីអូអេ​ថា​ អ្វី​ដែល​លោក​ និង​ពល​រដ្ឋ​ឯទៀតត្រូវ​ការ​ខ្លាំង​បំផុត​គឺ​ភាព​យុត្តិ​ធម៌​ និង​សំណង​ជំងឺចិត្តពី​ក្រុម​ហ៊ុន។

លោក​បន្ថែម​ថា​ តុលា​ការ​ថៃ​បាន​ទុក​ពេល​ឱ្យ​ភាគី​ពល​រដ្ឋ​សម្រាប់​ស្វែង​រក​ឯក​សារ​បន្ថែម​ដើម្បី​គាំទ្រ​ពាក្យ​បណ្តឹង​ជំទាស់​នឹង​ក្រុម​ហ៊ុន​។ លោកមាន​សុទិដ្ឋិនិយមថា​ប្រព័ន្ធ​យុត្តិធម៌ថៃ​នឹង​ស្វែង​រក​យុត្តិ​ធម៌​ដោយ​មិន​លម្អៀង​នៅ​ពេល​ជម្រះរឿង​ក្តី​នេះ។

លោក​ថ្លែង​ថា៖​ «​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​គឺ​បាន​សហការ និយាយ​ពិភាក្សា​គ្នា​ច្រើន​ដែរ​ថា​ មាន​ការ​សង្ឃឹម​ជា​ច្រើន​ទៅ​លើ​តុលា​ការ​ថៃ​ ពីព្រោះ​តុលា​ការ​ថៃ​គឺ​ជា​តុលាការ​មួយ​ដែល​យុត្តិ​ធម៌​របស់​គេ​តាម​ការ​សង្កេត​មើល​យូរ​អង្វែង​ណាស់​មក​ហើយ​»។

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​ស្រី​ ហួយ​ ម៉ៃ​ តំណាង​ពល​រដ្ឋ​ម្នាក់​ទៀត​ដែល​បាន​ចូល​រួម​សវនាការ​កាល​ពី​សប្តាហ៍​មុន​ប្រាប់​វីអូអេ​ថា​ អ្នក​ស្រី​មានការ​រំពឹង​ខ្ពស់ទៅ​លើ​តុលា​ការ​ថៃ​ថា​អាច​រក​យុត្តិ​ធម៌​ និង​សំណង​ពី​ក្រុម​ហ៊ុន​ផលិត​ស្ករ​ស​ មិត្រ​ ផុល​ (Mitr Phol)​ ជូន​ពលរដ្ឋ​ដែល​បាន​តវ៉ា​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​។

អ្នក​ស្រី​ថ្លែង​ថា​៖ ​«ខ្ញុំ​រំពឹង​ច្រើន​ដែរ​ ព្រោះ​តុលា​ការ​ថៃ​គាត់​គោរព​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ បើ​សិន​ថា​គាត់​ខុស​អាច​រក​ការ​ខុស​ត្រូវ​ឱ្យ​យើង​បាន​ ខ្ញុំ​សង្ឃឹម​ច្រើន​ដែរ​ ការ​រំពឹង​ទុក​របស់​ខ្ញុំ​»។

អ្នក​ស្រី​ស រតនា​ម៉ា​នី​ផុន​ក្លា​ (Sor Rattanamanee Polkla)មេ​ធាវី​ថៃ​នៃ​មជ្ឍមណ្ឌល​ធន​ធាន​សហគមន៍​ (CRC) បាន​ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា​សវនា​កា​នឹង​ចាប់​ផ្តើម​ជា​ថ្មី​នៅ​ថ្ងៃ​ទី ៥​ ខែ​ឧស​ភា​ ខាង​មុខ។​

បើតាម​មេធាវី​រូបនេះ​ តុលាការ​ត្រូវ​ការ​ឯក​សារ​ភស្តុតាង​បន្ថែម​ពី​ភាគី​មាន​វិវាទ​ទាំង​សងខាង​ដើម្បី​បន្ត​នីតិវីធី​ជនុំ​ជម្រះ​ក្តី។

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថា​ធិប្បាយ​ពី​តំណាង​ក្រុម​ហ៊ុន​ មិត្រផុល​ តាម​សារ​អ៊ីមែល តែក្រុមហ៊ុន​មិន​ឆ្លើយ​តបគិត​ត្រឹម​ពេល​បញ្ចប់​សេចក្តី​រាយការណ៍​នៅថ្ងៃ​ពុធ​នេះ​។​

ជម្លោះ​ដីធ្លី​ និង​ពលរដ្ឋ​ចំនួន ​៧១១ គ្រួសារ ​នៅ​ខេត្ត​ឧត្ដរ​មានជ័យ​ដែល​ផ្តើម​ចេញ​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អង្គរស៊ូហ្គឺ​ មាន​រយៈ​ពេល​ ១៤​ឆ្នាំ​ មក​ហើយ។​ ពល​រដ្ឋ​ទាំង​នេះ​ធ្លាប់​បាន​ទៅ​ដាក់​ញត្តិទៅ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ ដើម្បី​ស្នើ​សុំ​បណ្ណកម្ម​សិទ្ធិ​លើ​ដី​ដែល​ក្រុម​ហ៊ុន​បាន​កាន់​កាប់​តែ​គ្មាន​ដំណោះ​ស្រាយ ទើប​ពួកគេ​ងាក​ទៅ​ប្តឹង​នៅ​តុលាការថៃ​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​៕