កាលពីព្រឹកថ្ងៃពុធនេះ តុលាការទទួលបន្ទុកដោះស្រាយបណ្តឹងរដ្ឋប្បវេណីមួយនាទីក្រុងបាងកកបានចាប់ផ្តើមសវនាការលើបណ្តឹងរបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានវិវាទជាមួយក្រុមហ៊ុនផលិតស្ករស មិត្រ ផុល (Mitr Phol) ដ៏ធំនៅប្រទេសថៃ ដែលមានផលប្រយោជន៍ជំនួញនៅប្រទេសកម្ពុជា។
អ្នកភូមិខ្មែរចំនួន ៧១១ គ្រួសារនៅខេត្តឧត្ដរមានជ័យ បានប្តឹងក្រុមហ៊ុនស្ករសថៃ Mitr Phol នេះ កាលពី ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ហិង្សាមួយ ដែលអូសបន្លាយពេលអស់ជាង ១០ ឆ្នាំ ក្នុងប្រទេសកម្ពុជា។ សាលាឧទ្ធរណ៍នៃព្រះរាជាណាចក្រថៃ បានសម្រេចទទួលស្គាល់ពាក្យបណ្តឹងពលរដ្ឋកម្ពុជា កាលពីខែកក្កដា ឆ្នាំ ២០២០ ពោលគឺ ២ឆ្នាំក្រោយនៃការដាក់ពាក្យបណ្តឹង។
អ្នកស្រី ហួយ មៃ ដែលចូលរួមក្នុងសវនាការនៅព្រឹកថ្ងៃពុធនេះ បានឱ្យដឹងថា តុលាការបានតម្រូវឱ្យភាគីវិវាទដាក់ឯកសារបន្ថែមទៀតសម្រាប់គាំទ្រដល់ការជំនុំជម្រះក្តីនាពេលខាងមុខ។
អ្នកស្រីប្រាប់វីអូអេថា៖ «ឯកសារយើងអត់ទាន់គ្រប់ទាំងខាងភាគីក្រុមហ៊ុនទាំងខាងពួកខ្ញុំជនរងគ្រោះ[...]គេថាចាំឱ្យយើងរកឯកសារគ្រប់ទាំងខាងនេះខាងនោះសិនបានគេមើលឯកសារយើង»។
អ្នកស្រីបន្ថែមថា តុលាការប្រទេសថៃទុករយៈពេលឱ្យភាគីទាំងពីរត្រឡប់ទៅរកឯកសារបន្ថែម ត្រឹមថ្ងៃទី ៩ ខែឧសភា សម្រាប់សវនាការលើកក្រោយ។
ដំណើរកាត់សេចក្តីរបស់តុលាការប្រទេសថៃលើពាក្យបណ្តឹងរបស់ពលរដ្ឋកម្ពុជា កើតឡើងក្រោយអង្គការការពារសិទ្ធិមួយចំនួនបានអំពាវនាវជាបន្តបន្ទាប់ឱ្យក្រុមហ៊ុន មិត្រផុល (Mitr Phol) ចូលខ្លួនដោះស្រាយជម្លោះជាមួយតំណាងសហគមន៍ខ្មែរដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដំណាំអំពៅមួយក្នុងខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជា។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗពីតំណាងក្រុមហ៊ុន មិត្រផុល តាមសារអ៊ីមែលបានទេកាលថ្ងៃពុធនេះ។
អ្នកស្រីស រតនាម៉ានីផុនក្លា (Sor Rattanamanee Polkla) មេធាវីថៃនៃមជ្ឍមណ្ឌលធនធានសហគមន៍ (CRC) ប្រាប់វីអូអេថា ភាគីទាំងពីរបានបង្ហាញឯកសាររបស់ខ្លួនទៅកាន់តុលាការ ហើយឯកសារមួយចំនួនត្រូវបានយកទៅរក្សាទុក និងរក្សាច្បាប់ចម្លងឯកសារឱ្យភាគីទាំងសងខាងដែលស្ថិតក្នុងសំណុំរឿង។
អ្នកស្រីថ្លែងជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះយើងមិនអាចសម្រេចរឿងនេះបានទេ ព្រោះយើងត្រូវរៀបចំឯកសារទាំងអស់ដែលយើងទទួលបានពីភាគីទាំងពីរ ដើម្បីមើលថាតើមួយណាយើងអាចទទួលយកបានឬអត់»។
អ្នកស្រីបន្ថែមថា តុលាការនឹងបើកសវនាការម្តងទៀតនៅថ្ងៃទី ៩ ខែឧសភាខាងមុខ ហើយតុលាការនឹងសម្រេចបញ្ចប់ការពិនិត្យឯកសារពាក់ព័ន្ធនឹងភស្តុតាង ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា ពលរដ្ឋចំនួន ៧១១ គ្រួសារ នៅខេត្តឧត្ដរមានជ័យអះអាងថា ដីធ្លីរបស់ពួកគេរងផលប៉ះពាល់ពីការអភិវឌ្ឍរបស់ក្រុមហ៊ុនអង្គរស៊ូហ្គឺ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន មិត្រ ផុល(Mitr Phol) ហើយកាលពីពេលថ្មីៗនេះ ពួកគេក៏បានដាក់ញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិលើដីដែលពួកគេបានកាន់កាប់យូរឆ្នាំមកហើយ៕
វេទិកាបញ្ចេញមតិ