តុលាការសិទ្ធិមនុស្សអឺរ៉ុប (European Court of Human rights) បានសម្រេចថា ប្រទេសអង់គ្លេសអាចធ្វើបត្យាប័នអ្នកផ្សព្វផ្សាយសាសនាអ៊ីស្លាមនិយមមូលវិវត្ដ ដែលកំពុងជាប់ ឃុំឃាំងក្នុងពន្ធនាគារឈ្មោះ អាប៊ូ ហាមហ្សា (Abu Hamza) និងពួកភេរវករចំនួនបួននាក់ផ្សេងទៀតតាមការចោទប្រកាន់ ទៅកាន់សហរដ្ឋអាមេរិក។ ជនសង្ស័យអាចប្តឹងឧទ្ធរណ៍ទៅលើសេចក្តីសម្រេចនេះ ហើយពួកគេមិនអាចត្រូវបានធ្វើបត្យាប័នទេ រហូតដល់សាលក្រមត្រូវបានសម្រេចចុងក្រោយជាមុនសិន។
អាប៊ូ ហាមហ្សា ដែលជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ដែលកំពុងជាប់ពន្ធនាគាររយៈពេល៧ឆ្នាំនៅអង់គ្លេស កំពុងត្រូវបានតាមរកចាប់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងបទចោទប្រកាន់ចំនួន១១ករណី ដែលរួមមានការញុះញង់ឱ្យមានការស្អប់ខ្ពើមពូជសាសន៍ និងកាផ្សំគំនិតដើម្បីបង្កើតជំរំហ្វឹកហាត់ ជីហាដ (Jihad) នៅសហរដ្ឋអាមេរិក។
លោក ក្លៃ អូវៃ (Claire Ovey) មន្រ្តីតុលាការអឺរ៉ុប បានថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅទីក្រុង ស្រ្តាសប៊ើក (Strasbourg)។
«នេះមិនមែនជាសាលក្រមស្ថាពរនោះទេ។ ដូច្នេះ យើងត្រូវរង់ចាំមើលរយៈពេលបីខែទៀត ថាតើរឿងក្តីនេះនឹងត្រូវបញ្ជូនទៅកាន់តុលាការកំពូលដែរឬទេ។ ប្រសិនបើសាលក្រមនេះត្រូវបានសម្រេចចុងក្រោយ ពេលនោះនឹងគ្មានការរារាំងចំពោះការធ្វើបត្យាប័ន អាប៊ូ ហាមហ្សា ទៅកាន់សហរដ្ឋអាមេរិកនោះទេ»។
តុលាការអឺរ៉ុប កំពុងពិចារណាសំណុំរឿងក្តីរបស់មនុស្ស៦នាក់ ដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម នៅសហរដ្ឋអាមេរិក។
តុលាការបានពន្យាពេលចេញសម្រេចសេចក្តីលើជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ ដោយសារជនសង្ស័យម្នាក់នោះមានបញ្ហាសុខភាពផ្លូវចិត្ត។ ប៉ុន្តែ តុលាការ បានឲ្យដឹងថា ជនសង្ស័យ៥នាក់ផ្សេងទៀត អាចត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។
ចុងចោទបានផ្តល់ទឡ្ហីករណ៍ថា ស្ថានភាព ដែលពួកគេអាចប្រឈមមុខនៅឯពន្ធនាគារប្រកបដោយសន្តិសុខខ្ពស់បំផុតនៅសហរដ្ឋអាមេរិក អាចធ្វើឲ្យពួកគេទទួលរងនូវ«អំពើទារុណកម្ម ឬការប្រព្រឹត្តឬដាក់ទណ្ឌកម្មបែបអមនុស្សធម៌និងបន្ទាបបន្ថោក» ដែលរំលោភទៅលើច្បាប់សិទ្ធិមនុស្សរបស់អឺរ៉ុប។ ប៉ុន្តែ តុលាការបានសម្រេចកាលពីថ្ងៃអង្គារថា ចុងចោទនឹងមិនប្រឈមទៅនឹងការកាត់ទោសប្រកបដោយភាពអយុត្តិធម៌នោះទេនៅសហរដ្ឋអាមេរិក។
សមាជិកគណៈរដ្ឋមន្រ្តីរបស់អង់គ្លេស បានស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តនេះ។ លោកនាយករដ្ឋមន្រ្តី ដេវីឌ កាមេរ៉ូន (David Cameron) បាននិយាយថា លោក«រីករាយជាមួយនឹងព័ត៌មាននេះ»។
លោកស្រី ធេរេសា មេ (Teresa May) រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងទៅកាន់សារព័ត៌មាន ប៊ីប៊ីស៊ី (BBC)។
«ខ្ញុំស្វាគមន៍សេចក្តីសម្រេចចិត្តពីតុលាការអឺរ៉ុប។ ការសម្រេចចិត្តនេះពិតជាអនុញ្ញាតឱ្យធ្វើបត្យាប័ន អាប៊ូ ហាមហ្សា និងជនសង្ស័យក្នុងអំពើភេរវកម្មផ្សេងទៀតទៅកាន់សហរដ្ឋអាមេរិក។ វាជាការច្បាស់ណាស់ថា សេចក្តីសម្រេចចិត្តនេះមានសារសំខាន់ណាស់ ដោយសារវាបាននិយាយថា ការធ្វើបត្យាប័នជនសង្ស័យក្នុងអំពើភេរវកម្មទាំងនេះមិនបានរារាំងដល់សិទ្ធិមនុស្សរបស់ពួកគេឡើយ»។
លោកស្រី បានថ្លែងថា ប្រទេសអង់គ្លេសនឹងសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ដើម្បីប្រគល់ជនសង្ស័យឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន។
ទោះជាយ៉ាងណាក៏ដោយ សាលក្រមមិនទទួលបានការកោតសរសើរជាសកលនោះទេ។ លោក អាសហ្វាក អាហ្សម៉ាត់ (Ashfaq Ahmad) គឺជាឪពុករបស់ជនជាប់ចោទម្នាក់ឈ្មោះ បាបារ៍ អាហ្សម៉ាត់ (Babar Ahmad) ដែលត្រូវបានឃុំខ្លួនដោយគ្មានការកាត់ទោសអស់រយៈពេល៨ឆ្នាំមកហើយ នៅអង់គ្លេស។
«លោក បាបារ៍ គឺជាពលរដ្ឋអង់គ្លេស ដែលត្រូវបានចោទប្រកាន់ពីអំពើឧក្រិដ្ឋកម្មមួយ ដែលត្រូវបាននិយាយថាបានប្រព្រឹត្តឡើងនៅប្រទេសអង់គ្លេស ហើយរាល់ភស្តុតាងទាំងអស់ប្រឆាំងនឹងរូបលោក ត្រូវបានប្រមូលនៅក្នុងប្រទេសនេះតែម្តង។ ទោះបីជាយ៉ាងក៏ដោយ យុត្តិធម៌របស់អង់គ្លេស ហាក់ដូចជាផ្តល់កិច្ចការបន្តទៅឱ្យសហរដ្ឋអាមេរិក»។
លោក មានប្រសាសន៍ថា កូនប្រុសរបស់លោក គួរទទួលបានកាត់ទោសនៅក្នុងប្រទេសអង់គ្លេស៕
ប្រែសម្រួលដោយ ឌី ខាំបូលី