ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តដំណើរឆ្ពោះទៅរកការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សរៀងៗខ្លួនកាលពីថ្ងៃអង្គារ នៅពេលដែលការបោះឆ្នោតបឋមមួយចំនួនតូចទៀតបានធ្វើឡើង។
លោក Biden និងលោក Trump ងាយស្រួលនឹងឈ្នះការបោះឆ្នោតបឋមក្នុងគណបក្សរៀងៗខ្លួននៅក្នុងរដ្ឋ Kentucky និងរដ្ឋ Oregon ក្នុងពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនពេលលោកទាំងពីរជជែកដេញដោលគ្នាជាលើកដំបូង។
ការប្រកួតប្រជែងរវាងលោក Biden និងលោក Trump នេះគឺជាការប្រកួតប្រជែងម្ដងទៀត ដោយលោកទាំងពីរធ្លាប់បានប្រកួតប្រជែងគ្នាម្ដងរួចមកហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ដែលនៅពេលនោះលោក Trump បានអះអាងដោយមិនត្រឹមត្រូវថាការបោះឆ្នោតនោះមានការលួចបន្លំដើម្បីកុំឱ្យលោកអាចផ្ដួលលោក Biden បាន៕