លោក Kerry ៖ ​​ស.រ.អា.​និង​ក្រុម​សម្ព័ន្ធ​មិត្ត​​នឹង​កំទេច​ក្រុម​រដ្ឋ​ឥស្លាម​

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry មាន​ប្រសាសន៍​នៅ​ក្នុង​ការប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​ Rome នៃ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​មក​ពី​ប្រទេស​២៣ ដើម្បី​ប្រឆាំ​ង​​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​អង្គារ​ស.រ.អា.​និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​បាន​និយាយ​ថា​ពួកគេ​នឹង​«បង្កើន​យុទ្ធនាការ​របស់​ពួក​គេ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​ Rome នៃ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​មក​ពី​ប្រទេស​២៣​ដែល​បា​ន​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ Jihad រដ្ឋ​ឥស្លាម​ថា​ «ពិភពលោក​រំពឹង​ថា​មាន​សន្តិសុខ​ពី​យើង​ហើយ​យើង​នឹង​បំផ្លាញ​ក្រុម​ ISIS» ។

លោក​ Kerry បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រោយ​ការប្រជុំ​នេះ​ថា​ «យើង​នឹង​រក្សា​ការ​ដាក់​សម្ពាធ, គាប​សង្កត់​ពួក​ Daesh ពី​គ្រប់​ជ្រុង​ទាំង​អស់​ កម្ចាត់​ការ​ប៉ុនប៉ង​របស់​ពួក​វា​ដើម្បី​បង្កើត​បណ្តាញ​នៅ​កន្លែង​ឯទៀតៗ​, កាត់​ផ្តាច់​ការផ្តល់​ប្រាក់​របស់​ពួក​វា​និង​លាត​ត្រដាង​ការ​និយាយ​កុហក​របស់​ពួកវា​ផងដែរ»។​

ក្រុម​ចម្រុះ​បាន​កត់​សម្គាល់​អំពី​ជំហាន​វែងៗ​ដែល​ពួក​គេ​បាន​ធ្វើ​ប្រឆាំង​នឹង​ក្រុម​ជនសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ដោយ​និយាយ​ថា​ ពួកនេះ​បាន​បាត់បង់​៤០​ភាគ​រយ​នៃ​ដែនដី​ដែល​ពួកវា​វាយ​យក​បាន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​២០ភាគ​រយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក Kerry បាន​មានប្រសាសន៍​ថា​ «យើង​ប្តេជ្ញា​ប្រើប្រាស់​ប្រភព​ទាំង​អស់​ដែល​យើង​មាន​ដើម្បី​ធ្វើការ​វាយ​លុក​លើ​គ្រប់ផ្នែក​ទាំងអស់»៕​