លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry នឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនៅថ្ងៃអាទិត្យនេះដើម្បីពិភាក្សាពីស្ថានភាពប្រទេសស៊ីរី។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ម្ស៉ិលម៉ិញថា លោករដ្ឋមន្រ្តីការបរទេស Kerry នឹងពិភាក្សាកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីបញ្ជាក់ម្តងទៀតនូវការបញ្ឈប់អរិភាពនៅទូទាំងប្រទេសស៊ីរី។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានទូរស័ព្ទមកបេសកជនអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី និង អ្នកសម្របសម្រួលការចរចាស៊ីរីរៀបចំការធ្វើដំណើរនេះ។
លោក Kirby អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និយាយថា «លោករដ្ឋមន្រ្តី បានសំដែងនូវក្តីព្រួយកង្វល់យ៉ាងខ្លាំងអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងទីក្រុង Aleppo ដែលនៅទីនោះរបបរបស់ប្រធានាធិបតីបាសា អាល់ អាសាធបានបន្តពង្រីកជម្លោះដោយធ្វើការវាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់ហើយនឹងគណបក្សនានាដែលគោរពដល់ការបញ្ឈប់អារិភាព មិនមែនវាយប្រហារលើក្រុម Nusra ដូចដែលរបបនោះ បានអះអាងទេ»។
«ការវាយប្រហារបែបនេះ ជាការរំលោភដោយផ្ទាល់ទៅលើការបញ្ឈប់អារិភាពហើយត្រូវបញ្ឈប់ជាបន្ទាន់»។
ការវាយប្រហារតាមអាកាសប្រហែល៣០ដងដោយយន្តហោះចំបាំងនិងឧទ្ធម្ភាគចក្ររដ្ឋាភិបាលស៊ីរី បានត្រូវចំតំបន់នានាដែលកាន់កាប់ដោយពួកឧទ្ទាមនៅទីក្រុង Aleppo ភាគខាងជើងកាលពីថ្ងៃសៅរដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៥នាក់ដែរ។
យោងតាមអង្គការសិទ្ធិមនុស្ស Syrian Observatory ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេស បានប្រាប់ឲ្យដឹងថា ជនស៊ីវិលជិត២៥០នាក់ បានស្លាប់នៅក្នុងការបាញ់ផ្តក់បាញ់គ្រាប់រ៉ុកកែតហើយនឹងការបាញ់ពីលើអាកាសនៅក្នុងទីក្រុងដណ្តើមគ្នាកាន់កាប់នេះចាប់តាំងពីថ្ងៃទី២២ ខែមេសាមក។ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ទាំងនោះ មានមនុស្សយ៉ាងហោចណាស់ក៏៥០នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលបានទទួលរងការវាយប្រហារនេះ៕