ទីក្រុងណៃរ៉ូប៊ី៖ សំណុំរឿងក្តីប្រឆាំងនឹងរដ្ឋមន្ត្រីមួយរូប ទាក់ទងនឹងបទលួចគៃបន្លំប្រាក់ត្រូវបានពន្យារពេល ខណៈពេលដែលចំណាត់ថ្នាក់ជាសាកលនៃអំពើពុករលួយនៅប្រទេសកេនយ៉ាកាន់តែអាក្រក់ឡើងៗ។
សំណុំរឿងក្តីលួចបន្លំប្រាក់ចំនួន ១,២ លានដុល្លារ ដែលលោករដ្ឋមន្ត្រី វីលៀម រូតូ (William Ruto) នៃប្រទេសកេនយ៉ាកំពុងប្រឈមមុខ បានជាប់គាំងដោយសារតែបញ្ហាបចេ្ចកទេសរបស់តុលាការ។ បរាជ័យនេះ បានកើតឡើងខណៈពេលដែលចំណាត់ថ្នាក់ប្រទេសកេនយ៉ា បានធ្លាក់ចុះជិត ១០ថ្នាក់នៅក្នុងតារាងអំពើពុករលួយក្នុងពិភពលោក។
ការរំពឹងទុកពីការចាប់ផ្តើមសំណុំរឿងក្តីលួចគៃបន្លំប្រាក់ ដែលធ្វើឡើងប្រឆាំងលោក វីលៀម រូតូ អតីតរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា ត្រូវបានពន្យារពេល បន្ទាប់ពីមានបញ្ហាក្រដាសស្នាម បានធ្វើឲ្យជាប់គាំងដល់ដំណើរការជំនុំជម្រះក្តី។
អតីតរដ្ឋមន្រ្តីរូបនេះ ត្រូវបានចោទប្រកាន់ពីបទបានទទួលប្រាក់ជាង១លានដុល្លារ តាមរយៈការលក់ដីសាធារណៈទៅឲ្យក្រុមហ៊ុនសាជីវកម្មបំពង់បង្ហូរប្រេងកេនយ៉ា (Kenyan Pipeline Corporation)។ លោករូតូ ត្រូវបានចោទប្រកាន់ថា បានកាន់កាប់ដីមួយដុំនោះដែលជាដីនៃតំបន់ព្រៃការពារឈ្មោះងុង (Ngong) ដែលស្ថិតនៅខាងក្រៅរដ្ឋធានីណៃរ៉ូប៊ីរបស់ប្រទេសកេនយ៉ា។
ក្នុងសប្តាហ៍កន្លងមក តុលាការកំពូលរបស់កេនយ៉ា បានបដិសេធបណ្តឹងទាមទាររបស់លោករូតូ ដែលសុំឲ្យបញ្ឈប់សំណុំរឿងក្តីនេះ។ ប៉ុន្តែ លោក ហ្គៀលប៊ឺត មុតេមប៊ី (Gilbert Mutembi) ប្រធានក្រុមប្រឹក្សាអង្គចៅក្រមមានប្រសាសន៍ថា ការជំនុំជម្រះក្តី មិនអាចបន្តទៅមុខបានទេ ប្រសិនបើគ្មានដីការបង្គាប់ពីតុលាការកំពូល ដែលបញ្ជាក់ថា បណ្តឹងទាមទាររបស់លោករូតូ ត្រូវបានបដិសេធចោល។
ស្របពេលជាមួយគ្នានេះដែរ យោងតាមសន្ទស្សន៍ចំណាត់ថ្នាក់អំពើពុករលួយ (Corruption Perception Index) ប្រចាំឆ្នាំរបស់អង្គការតម្លាភាពអន្តរជាតិ បានលាតត្រដាងឲ្យដឹងថា ប្រទេសកេនយ៉ាបានធ្លាក់ចុះចំនួន៨ថ្នាក់ នៅក្នុងការចាត់ថ្នាក់ជាសាកល ចុះមកលំដាប់ថ្នាក់ទី១៥៤ ក្នុងចំណោមប្រទេសចំនួន១៧៨ ដែលត្រូវបានស្ទង់មតិ។ ខណៈពេលដែលប្រទេសកេនយ៉ាទទួលបានពិន្ទុចំនួន២,១ គឺមានសភាពអាក្រក់ជាងពិន្ទុ២,២ នាឆ្នាំ២០០៩ តែបន្តិច ប៉ុន្តែឥឡូវនេះ កេនយ៉ាមានចំណាត់ថ្នាក់នៅជាប់គ្នាជាមួយប្រទេសរុស្សី និងស្ថិតនៅខាងក្រោមប្រទេសហ្សីមបាវ៉េ នៅក្នុងលំដាប់នៃអំពើពុករលួយជាសកល។
បើយោងតាមលោក សាម៉ូអេល គីមើ (Samuel Kimeu) នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិប្រចាំនៅកេនយ៉ា បានឲ្យដឹងថា រដ្ឋធម្មនុញ្ញថ្មីរបស់កេនយ៉ា អាចជួយឲ្យប្រទេសនេះងើបឡើងវិញ នៅក្នុងរបាយការណ៍នាពេលអនាគត។
«អ្វីដែលប្រទេសនេះត្រូវធ្វើ គឺត្រូវទាញយកគុណប្រយោជន៍ពីរដ្ឋធម្មនុញ្ញថ្មី ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងលក្ខណៈប្រកបដោយភាពមោះមុតជាងមុន។ នៅក្នុងជំពូកទី៦ទាំងមូល ដែលសរសេរអំពីការដឹកនាំ និងភាពសុចរិត មានសក្តានុពលក្នុងការផ្លាស់ប្តូរជាដុំកំភួន នូវរបៀបធ្វើការនៅក្នុងប្រទេសនេះ»។
លោកគីមើ បានប្រាប់វីអូអេថា ការពន្យារពេលក្នុងរឿងក្តីរបស់លោករូតូ គឺជាបញ្ហានីតិវិធីប៉ុណ្ណោះ ហើយទំនងជាមិនបង្កបញ្ហាធ្ងន់ធ្ងរ ដល់ដំណើរការជំនុំជម្រះរបស់តុលាការទេ។ លោកបានថ្លែងថា ការកាត់ទោសទៅលើអតីតសមាជិកគណៈរដ្ឋមន្ត្រីរូបនេះ ជាសញ្ញាដ៏ល្អមួយ ប៉ុន្តែមិនទាន់ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅឡើយទេ។
«យើងក៏ធ្លាប់មានសំណុំរឿងក្តី ដែលអ្នកទាំងនោះត្រូវបានស្នើសុំឲ្យចុះចេញពីតំណែង ឬត្រូវតុលាការចោទប្រកាន់ ហើយយើងក៏ធ្លាប់មានករណីខ្លះ ដែលស្ងាត់ៗពួកគេចូលធ្វើការវិញ ដោយគ្មានការស៊ើបអង្កេតអី្វទាំងអស់។ យើងគ្រាន់តែអាចរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងតែប៉ុណ្ណោះ។ ខ្ញុំគិតថា ពលរដ្ឋកេនយ៉ាកំពុងទន្ទឹងចាំមើលថ្ងៃដែលក្រុមមនុស្សជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងលួចលុយជាតិ ត្រូវគេយកមកកាត់ទោសដោយជោគជ័យ និងរឹបអូសយកមកវិញនូវអ្វីៗ ដែលពួកគេបានលួចយកទៅ”។
លោករូតូ មិនមែនជាអ្នកនយោបាយធំដុំតែម្នាក់គត់ ដែលប្រឈមទៅនឹងការចោទប្រកាន់ក្នុងរឿងក្តីលួចបន្លំ នៅប្រទេសកេនយ៉ាទេ។ រដ្ឋសភាគ្រោងនឹងបើកសវនាការ ដើម្បីសម្រេចថាតើ លោករដ្ឋមន្ត្រីការបរទេស ម៉ូសេ វ៉េនតាំងហ្កូឡា (Moses Wetang'ula) មានជាប់ពាក់ព័ន្ធក្នុងរឿងទិញដីនៅក្នុងប្រទេសជប៉ុន សម្រាប់សង់ស្ថានទូតកេនយ៉ាឬទេ ដែលកិច្ចសន្យានោះបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់អស់ចំនួនជាង១៣ លានដុល្លារ។
កាលពីថ្ងៃទី ២៥ ខែតុលា ចៅហ្វាយក្រុងណៃរ៉ូប៊ី ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធក្នុងរឿងអាស្រូវមួយ ទាក់ទឹននឹងការទិញដី សម្រាប់ធ្វើជាទីតាំងបញ្ចុះសពរបស់ក្រុង។ លោកបានបដិសេធការចោទប្រកាន់នោះ៕
ប្រែសម្រួលដោយ លោក លី សុខឃាង