សាលារៀននៅកេនយ៉ាធ្លាក់ចុះខាងជំនាញភាសាអង់គ្លេស និងគីស្វាហ៊ីលី

  • Cathy Majtenyi

សិស្សនៅ​សាលាបឋមសិក្សា​អូឡាំពិកអង្គុយ​ក្នុង​ថ្នាក់​ដែល​គ្មាន​គ្រូបង្រៀន​នៅ​ថ្ងៃទីបី​នៃកូដកម្ម​របស់​គ្រូបង្រៀន​ដែល​បាន​រៀបចំដោយ​សហព័ន្ធជាតិ​កេនយ៉ានៃ​គ្រូបង្រៀន នៅ​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពីថ្ងៃទី៧ កញ្ញា ២០១១។

លទ្ធផល​នៃ​ការ​ប្រឡង​វិញ្ញាបនបត្រកម្រិតបឋមសិក្សា​នៅប្រទេស​កេនយ៉ា(Kenya Certificate of Primary Education) ​បាន​ក្លាយ​ជាព័ត៌មានទំព័រមុខ (កាល​ពី​ថ្ងៃ​ព្រហស្បតិ៍) នៅទីក្រុង ណៃរ៉ូប៊ី​(Nairobi) ​ដែល​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ដ៏ល្អ​ប្រសើរ។ ប៉ុន្តែ​ ចំពេលមានការ​សប្បាយ​រីករាយនេះ​ មានការ​ព្រួយបារម្ភមួយ​ចំនួន អំពីការ​ធ្លាក់ចុះ​សមត្ថភាព​សិស្សជាតិកេនយ៉ា ខាងភាសា​អង់គ្លេសនិង​ភាសា​គីស្វាហ៊ីលី (Ki’Swahili) បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅ​ទ្វីប​អាហ្រ្វិក។ វាជាការគួរឲ្យកត់សម្គាល់ត្រង់ថា​ សិស្ស​ពូកែ​លំដាប់​ទី​បួន នៅ​ក្នុង​ប្រទេសនេះ ​ជា​ជនភៀសខ្លួនមក​ពី​ប្រទេស​ស៊ូដង់​ខាងត្បូង(South Sudan)។

លោក សាម អង់ហ្គឺរី (Sam Ongeri) រដ្ឋមន្រ្តីក្រសួង​អប់រំ ត្រូវ​បានដកស្រង់សម្តី​ដោយ​ថ្លែង​ថា លោក គិតថា ភាព​ទន់ខ្សោយ​នៅ​ក្នុងប្រព័ន្ធ​អប់រំ​កម្រិត​សាលាបឋមសិក្សា ខាង​ផ្នែកភាសា​ផ្លូវការចំនួនពីរ​របស់​កេនយ៉ា ដែលរួមមាន ភាសា​អង់គ្លេស និង​គីស្វាហ៊ីលី បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ភាសា«ស៊េង ឬSheng»ច្រើន​ពេក​នៅ​ក្នុង​ចំណោមពលរដ្ឋកេនយ៉ា ដែល​ជា​ភាសា​តាមតំបន់ ហើយ​ជា​ពិសេស​មាន​ប្រជាប្រិយភាពខ្លាំង​សម្រាប់ក្រុម​យុវជន​រស់​នៅ​ទីក្រុង។

លោកស្រី សារ៉ា រ៉ូតូ(Sara Ruto) ​ជា​អ្នក​គ្រប់គ្រងក្នុងតំបន់​នៃតំបន់ Uwezo នៅ​អាហ្វ្រិក​ខាងកើត​ ដែល​ជាកម្មវិធីមួយ​សម្រាប់ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្នែកអក្ខរកម្ម និង​លេខនពន្វ នៅ​ក្នុង​ចំណោមកុមារ​នៅ​ប្រទេស​កេនយ៉ា តង់ហ្សានី(Tanzania)និង​ អ៊ុយហ្គង់ដា(Uganda)។ លោកស្រី ​បាន​គិត​ថា ​ភាពទន់ខ្សោយ​ខាងអក្ខរកម្ម​របស់​សិស្ស​ មិនមែន​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ភាសា​ស៊េង​ច្រើន​ពេកនោះ​ទេ ប៉ុន្តែ​ ដោយ​សារ គ្រូបង្រៀន​ទាំងអស់ ​ប្រើប្រាស់​ភាសា​គីស្វាហ៊ីលី ​អង់គ្លេស និង​ភាសា​កំណើត ស្រប​ពេល​ជាមួយ​គ្នា។

«គ្មាន​នរណាម្នាក់ ​យក​ចិត្ត​ទុក​ដាក់ខ្លាំង​លើ​ការ​បង្រៀនថាតើ​គ្រូបង្រៀនមាន​ជំនាញអ្វីខ្លះ មានដូចជា គ្រូបង្រៀន​ប្រើ​ប្រាស់​ភាសានិយាយ ឬ​សរសេរ។ ដូច្នេះ​ អ្នកមើលឃើញ​ថា មនុស្សគ្រប់​គ្នា​ ​នឹង​ចាប់​ផ្ដើម​និយាយ​ប្រយោគ​មួយជា​ភាសា​អង់គ្លេស ឬគីស្វាហ៊ីលី ដោយ​ប្រហែលចាប់យកពាក្យ​ពីរ​បី​ម៉ាត់តែ​ប៉ុណ្ណោះ​ ហើយ​បញ្ចប់​ប្រយោគនោះ​ដោយ​ប្រើ​ភាសា​ផ្សេង​មួយ​ទៀត។​ នេះ​មាន​ន័យ​ថា យើងត្រូវតែ​វិនិយោគ​កាន់​តែ​ច្រើន​ថែម​ទៀត​ ក្នុង​ការ​បង្រៀន​ឲ្យដឹង និងយល់​ច្បាស់លាស់លើ ការ​ប្រើ​ភាសា​មួយ​ទាំងស្រុង​តែ​ម្តង។»

​កាល​ពី​ឆ្នាំមុន សហគមន៏អាហ្រ្វិក​ខាង​ត្បូង​និងខាងកើត​សម្រាប់ត្រូត​ពិនិត្យ​គុណភាពអប់រំ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេសថា SACMEQ បានចេញផ្សាយ ការ​សិក្សា​មួយ ដោយ​ប្រទេស​កេនយ៉ា ទទួល​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥ទៀត​នៅ​អាហ្រ្វិក ទៅ​លើសមត្ថភាពអានអក្សររបស់​សិស្ស។ ប្រទេសក្នុងលំដាប់​ពិន្ទុ​ខ្ពស់ ​រួម​មាន​ប្រទេស​តង់សានី ​សីឆេឡេស (Seychelles) និងម៉ូរីសទូស​(Mauritius) ខណៈ​ដែលប្រទេសមាន​លទ្ធផល​ទាប​ជាងគេ គឺប្រទេស​ហ្សាំប៊ី(Zambia)និង​ម៉ាឡាវី(Malawi)។

លោកស្រី ​រ៉ូតូ​ នៃតំបន់Uwezo បាន​ពន្យល់​ថា​តើ​ហេតុអ្វី​បាន​ជា​ លោកស្រី គិត​ថា ​ប្រទេស​តង់ហ្សានី ស្ថិត​ក្នុងលំដាប់​ខ្ពស់ បើប្រៀបធៀបទៅ​ប្រទេសកេនយ៉ា។

«ប្រពន្ធ័​អប់រំ​របស់​ប្រទស​នេះ ​បានផ្តោតទៅ​លើ​ភាសា​គីស្វាហ៊ីលី​តែ​មួយ​គត់។​ ខ្ញុំ​គិត​ថា ​ប្រសិន​បើ​អ្នក​ចាប់​យកជំនាញ​លើ​ភាសាមួយ វា​នឹង​ផ្តល់ភាព​ងាយស្រួលសម្រាប់​អ្នកក្នុង​ការ​ចាប់​យក​ជំនាញ​ក្នុង​ភាសា​មួយទៀត។ នៅ​តង់ហ្សានី ​មាន​កាសែត​សហគមន៏​ជា​ច្រើន។ ភាសា​គីស្វាហ៊ីលី ត្រូវ​បានប្រើ​ស្ទើរ​គ្រប់​ទី​កន្លែង ទាំងនៅតាមផ្ទះ និងសាលារៀន។ ហេតុនេះ​ហើយ ​អ្នក​នឹង​មើល​ឃើញ​ថា ​មាន​ការ​ប្រើប្រាស់​ភាសានេះ​បន្ត​ទៀត។ ហើយដូច្នេះ ​ទាក់ទងនឹងជំនាញ​នៃ​ការអាន អ្នក អាចឃើញ​ជំនាញ​នេះ​ ​នៅ​តាម​ច្រើនកន្លែង​ជាច្រើន។»

ប៉ុន្តែ​ សិស្ស​មួយ​ចំនួន​នៅ​កេនយ៉ា នៅតែ​រៀន​ពូកែ។ លទ្ធផលប្រលង​វិញ្ញាបនបត្រ​កម្រិតបឋមសិក្សានៅកេនយ៉ា ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់​កាសែត​នៅទូទាំង​ប្រទេស កាល​ពីថ្ងៃព្រហស្បត៏ ដោយ​មាន​បង្ហាញ​រូបថត​សិស្ស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់ខ្ពស់​ទៀត​ផង។

រូបភាព​មួយ ​បាន​លេចធ្លោជាងគេ។​ នោះ​ ​ជាសិស្ស​ម្នាក់ឈ្មោះ គួល ទីតូ យ៉ាក់​(Kuol Tito Yak) ដែល​ជា​ជនភៀសខ្លួន​ជាតិ​ស៊ូដង់​ភាគខាងត្បូង​។ សិស្ស​រូបនេះ ​បាន​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​កាគូម៉ា (Kakuma) ក្រោយមក ផ្លាស់​ចូល​រៀននៅ​សាលា​បឋមសិក្សា​យូធីរូ ជីនីស៊ីស(Uthiru Genesis) នៅកម្រិតទី៣ (Standard Three)។ សិស្ស​រូប​នេះ ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤ ហើយ​ក៏​ជាសិស្ស​តែម្នាក់គត់ មក​ពី​តំបន់ខែមប៊ូ (Kiambu Country)។

លោក​ ឡល ដៅ(LualDau) ជា​ប្រធាន​សមាគមសិស្សជាតិ​ស៊ូដង់ភាគខាងត្បូងនៅ​ ​កេនយ៉ា។ លោក ​មាន​ប្រសាសន៍​ថា បើទោះជាលោក​ ​មិន​ស្គាល់យុវសិស្ស​ គួល ដោយផ្ទាល់ក៏​ដោយ ​ជនជាតិ​ស៊ូដង់​ភាគខាងត្បូង យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​វិស័យ​អប់រំ។

«​យើង​នឹង​ធ្វើ​កំណែ​ទម្រង់​ប្រទេស​ស៊ូដង់​ភាគខាងត្បូង​ដ៏​ថ្មី​ស្រឡាង​មួយ។ កំណែ​ទម្រង់នេះ ត្រូវ​ធ្វើឡើងតាម​រយៈ​វិស័យអប់រំ ​ដែល​យើង​បាន​រៀន។ នេះ​ជា​អ្វី​ដែល​យើងអាច​ពាំនាំ​ទៅ​កាន់​ប្រទេស​កំណើត​វិញ ដោយសារ​តែ​ស៊ូដង់​ខាងត្បូង​គ្មាន​អ្វី​ទាល់​តែសោះ។»

លទ្ធផលនេះ បានគូសបញ្ជាក់ពី​ចរន្ត​នៃ​ការ​អប់រំ​ផ្សេង​ទៀតដែរ។ សិស្ស​ឆ្នើម​ពីរ​នាក់ទៀត មក​ពី​រដ្ឋធានី​ណៃរ៉ូប៊ី។ សាលារៀននៅ​តំបន់​ឆ្នេរសមុទ្រ មិន​សូវ​អនុវត្ត​បាន​ល្អ​ទេ។ ចំណាត់​ថ្នាក់​ខ្ពស់​ចំនួន១០​ ត្រូវ​បាន​ទៅ​លើ​សិស្ស​ ដែល​រៀន​នៅ​សាលា​ឯកជន ហើយមាន​ចំនួនសិស្ស​ស្រី​ស្ទើរ​តែ​ស្មើ​គ្នា​ជាមួយ​ចំនួន​សិស្ស​ប្រុស នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​សាលា​បឋម​សិក្សា៕

ប្រែសម្រួលដោយ ចាប ចិត្រា