ប្រធានតុលាការរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា សវនាការជំនុំជម្រះក្នុងសំណុំរឿងរបស់លោក កឹម សុខា មិនមានជាអាទិភាពនោះទេ ដោយសារមេដឹកនាំបក្សប្រឆាំងរូបនោះ កំពុងស្ថិតនៅក្រៅឃុំរហូតមកដល់ពេលនេះ។
នេះជាការឆ្លើយតបទៅនឹងការស្នើសុំពន្លឿនរបស់ក្រុមមេធាវីលោក កឹម សុខា ដែលបានទាមទារឲ្យតុលាការពន្លឿនបន្តសវនាការរបស់លោក កឹម សុខា ដែលបានពន្យារពេលជិតមួយឆ្នាំមកហើយ តាំងពីការផ្ទុះជំងឺកូវីដ១៩។
លោក តាំង ស៊ុនឡាយ មានប្រសាសន៍នៅថ្ងៃអង្គារនេះថា តុលាការផ្តល់អាទិភាពដល់សវនាការលើអ្នកដែលកំពុងជាប់ឃុំជាងអ្នកដែលនៅក្រៅឃុំ។
លោកមានប្រសាសន៍ថា៖ «មនុស្សនៅក្រៅឃុំ បានន័យថាអាទិភាពរបស់គាត់ រៀងក្រោយបន្តិច ដោយសារគេធ្វើរឿងក្នុងឃុំសិន»។
ប្រធានសាលាដំបូងរាជធានីភ្នំពេញរូបនោះ ឲ្យដឹងទៀតថា តុលាការមានការប្រុងប្រយ័ត្ននឹងជំងឺកូវីដ១៩ ប៉ុន្តែត្រូវតែបន្តសវនាការ។
លោកបន្ថែមថា៖ «កូវីដមួយ សវនាការមួយ។ ហើយគម្លាតក្រសួងសុខាភិបាលក៏ដាក់មកដែរ។ សួរថាបើយើងអត់សវនាការ គេក្នុងឃុំហ្នឹង គិតធ្វើម៉េចឥឡូវនេះ។ ឲ្យគេជាប់ឃុំ អត់ជម្រះអត់អី? យ៉ាងម៉េច?»។
នៅពេលសួរថា តើពេលណាអាចបន្តសវនាការជំនុំជម្រះលើលោក កឹម សុខា ដែលកំពុងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ លោក តាំង ស៊ុនឡាយ មានប្រសាសន៍ថា លោកមិនដឹងនោះទេ ហើយរុញឲ្យសួរប្រធានក្រុមប្រឹក្សាជំនុំជម្រះ គឺលោក កូយ សៅ វិញ។
VOA មិនអាចសុំការឆ្លើយតបពីលោក កូយ សៅ បានទេនៅថ្ងៃអង្គារនេះ។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាសំណុំរឿងលោក កឹម សុខា អាចពន្យារពេលដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣។
មេធាវីរបស់លោក កឹម សុខា គឺ លោក ផេង ហេង មានប្រសាសន៍ថា កូនក្តីរបស់លោកបានស្នើឲ្យតុលាការពន្លឿនការកាត់ទោស ដើម្បីលោកអាចធ្វើសកម្មភាពនយោបាយឡើងវិញ។
លោកបន្តថា រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលការឆ្លើយតបជាផ្លូវការពីតុលាការ ក៏ដូចជាក្រសួងយុត្តិធម៌ចំពោះសំណើឲ្យពន្លឿនសវនាការកាត់ទោសលើលោក កឹម សុខា នៅឡើយទេ។
លោកប្រាប់ VOA ថា៖ «យើងចង់ឃើញការកាត់ក្តីហ្នឹងឲ្យបានលឿន។ ហើយបើសិនជាអ្នកនយោបាយខ្មែរហ្នឹង គាត់ចង់ផ្សះផ្សាជាតិបង្រួបបង្រួមជាតិ បានឃើញជារូបរាង អាហ្នឹងលទ្ធផលដែលតុលាការគាត់សម្រេចក្តី វានឹងជួយទៅដល់ការផ្សះផ្សាជាតិហ្នឹង»។
លោកមេធាវីបន្តថា ករណីរបស់លោក កឹម សុខា បានអូសបន្លាយជាង ៣ ឆ្នាំមកហើយ ដោយចាត់ទុកករណីនេះជារឿងនយោបាយ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ក្រសួងនឹងឆ្លើយតបនឹងសំណើរបស់ក្រុមមេធាវីរបស់លោក កឹម សុខា។ ប៉ុន្តែលោកថា នេះជាកិច្ចការរបស់តុលាការ ដែលលោកថាក្រសួងមិនអាចជំរុញពន្លឿនបានទេ។
លោកមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែជាគោលការណ៍ច្បាប់ ក្រសួងមិនមានអំណាចណាទៅចាប់បង្ខំឲ្យតុលាការត្រូវយករឿងក្តីនេះ រឿងក្តីនោះមកដោះអីនោះទេ។ អាហ្នឹងគឺជាអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម»។
កាលពីខែមិថុនាឆ្នាំមុន មេធាវីការពារក្តីលោក កឹម សុខា បានដាក់ពាក្យស្នើសុំបន្តសវនាការលើសំណុំរឿងនេះ ដោយសារមើលឃើញថាស្ថានភាពជំងឺកូវីដ១៩ ហាក់បានធូរស្រាលឡើងវិញ។ ប៉ុន្តែចៅក្រម លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកឡើងថា គប្បីបន្តផ្អាកតទៅទៀតដោយសារស្ថានភាពកូវីដ១៩។
លោក ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ហើយមិនត្រូវកំណត់ថាករណីរបស់បុគ្គលនេះអាទិភាព ឬមិនអាទិភាពនោះទេ។
លោកបន្តថាករណីលោក កឹម សុខា ត្រូវបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្លាំង ដោយសារមានការចោទប្រកាន់រឿងសមគំនិតជាមួយសហរដ្ឋអាមេរិក។
លោកមានប្រសាសន៍ថា៖ «កិច្ចការនេះមិនមែនរឿងតូចទេ មិនមែនរឿងមិនមានអាទិភាពទេ។ វាជារឿងសំខាន់សម្រាប់ជាតិទៀត។ វាពាក់ព័ន្ធទៅនឹងទំនាក់ទំនងកម្ពុជានិងអាមេរិក។ ប្រសិនបើយើងខូចកិច្ចការទំនាក់ទំនងកម្ពុជា ហើយនិងសហរដ្ឋអាមេរិក យើងអាចខូចខាតនូវប្រយោជន៍នយោបាយការទូត ហើយនិងខូចខាតទំនាក់ទំនងពាណិជ្ជកម្មទៀត»។
អ្នកវិភាគរូបនេះយល់ថាប្រសិនបើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប «រុញខ្លាំង» នោះកម្ពុជានឹងជំរុញសំណុំរឿងរបស់លោក កឹម សុខា កាន់តែលឿន។
លោកបន្ថែមថា៖ «ប្រសិនបើប៉ូលនយោបាយពីរ ដូចខ្ញុំលើកឡើងមិញថាមានសហរដ្ឋអាមេរិក ហើយនិងសហគមន៍អឺរ៉ុប មិនជំរុញ មិនយកចិត្តទុកដាក់ មិនទាមទារខ្លាំងឲ្យរដ្ឋាភិបាលកម្ពុជាងាកមកបើកលម្ហសេរីភាពដូចមុនព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ទេ ខ្ញុំគិតថា សំណុំរឿងលោក កឹម សុខា ហ្នឹង កាន់តែអូសបន្លាយកាន់តែយូរ ក្រោយបោះឆ្នោតទៅទៀត»។
អ្នកវិភាគរូបនោះលើកឡើងទៀតថា យន្តការរបស់គណបក្សកាន់អំណាច« ត្រូវការពេលវេលាច្រើន» ដោយមិនចង់ឲ្យមានបក្សប្រឆាំង ឬអ្នកនយោបាយដែលមានឥទ្ធិពលនៅក្នុងស្រទាប់មហាជន។
កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានបង្ហោះសារនៅលើប្រព័ន្ធ Twitter របស់កញ្ញានៅថ្ងៃអង្គារនេះថា អ្វីដែលច្បាស់នោះ គឺលោក កឹម សុខា នឹងមិនទៅទីណានោះទេ ហើយលោកបំណងយ៉ាងពេញទំហឹង ដើម្បីដឹកនាំបក្សប្រឆាំងប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣។
លោក កឹម សុខា ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ពេលតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួន នាពេលយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧។
សវនាការលើសំណុំរឿងលោក កឹម សុខា បានចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលចាប់តាំងពីចុងខែមីនា ដោយក្រុមមន្ត្រីលើកឡើងថាជាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យនៅក្រៅមន្ទីរឃុំឃាំងនិងលើកលែងការឃុំនៅផ្ទះបានចេញដំណើរទៅទស្សនកិច្ចនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា ទោះបីលោកត្រូវតុលាការដាស់តឿនក្រើនរំឭកពីលក្ខខណ្ឌតម្រូវនៃនីតិវិធីឃ្លាំមើលរបស់តុលាការយ៉ាងណាក្តី៕