មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការសម្រេចដកបំរាមពីការឃុំឃាំងក្នុងផ្ទះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា នេះ ហើយត្រូវបានបញ្ជាក់ប្រាប់ VOA ដោយអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន។
សេចក្តីប្រកាសបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចចំនួនបី គឺមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
កាលពីខែកញ្ញាឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំក្នុងពន្ធនាគារ ក៏ប៉ុន្តែត្រូវដាក់ឲ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះជំនួសវិញ ដោយមិនអនុញ្ញាតឲ្យមានការប្រាស្រ័យទាក់ទងអ្នកគាំទ្រ ឬចូលរួមសកម្មភាពនយោបាយអ្វីនោះទេ។ កាលនោះ លោកត្រូវបានកំណត់មិនឲ្យចេញឆ្ងាយពីផ្ទះ ដោយតុលាការបានកំណត់ទីតាំងស្ថិតលើផ្លូវលេខ៣១៣ មិនត្រូវចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨ ក្បែរផ្ទះរបស់លោក។
លោក កឹម សុខា ត្រូវបានឃុំខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយតុលាការបានចោទប្រកាន់ថា លោកបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល៕
បទសម្ភាសន៍ VOA ជាមួយមេធាវីលោកកឹម សុខាអំពីអត្ថន័យនៃដីកាតុលាការនៅថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ភ្លាមៗក្រោយការចេញដីកានេះ៖
សូមរង់ចាំព័ត៌មានលម្អិតជាបន្តបន្ទាប់ពីការផ្សាយរបស់ VOA គេហទំព័រ live blog ហ្វេសប៊ុក និងវិទ្យុ។