នៅព្រឹកថ្ងៃពុធនេះ សហចៅក្រមនៃអង្គជំនុំជម្រះសវនាការសំណុំរឿងរបស់មេដឹកនាំបក្សប្រឆាំងពីបទ «ក្បត់ជាតិ» បានសួរទៅកាន់លោក កឹម សុខា ថាមានបានចាត់តាំង «រចនាសម្ព័ន្ធសម្ងាត់» ដែលជាក្រុមអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សាខាតាមបណ្តាខេត្ត ឬទេ ប៉ុន្តែលោក កឹម សុខា បានច្រានចោល។
សវនាការសំណុំរឿងរបស់លោក កឹម សុខា នៅថ្ងៃពុធនេះបានបន្ត ដោយចៅក្រមមួយរូបក្នុងចំណោមបីរូប បានសួរលោក កឹម សុខា ពីការងាររបស់លោកនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។ លោកចៅក្រម សេង លាង បានសួរទៅលោក កឹម សុខា អំពីអតីតបុគ្គលិកនៅទីនោះ សួរពាក់ព័ន្ធនឹងលក្ខន្តិកៈផ្ទៃក្នុង និងលក្ខន្តិកៈនៃការជ្រើសរើសបុគ្គលិក ថវិកាដែលទទួលបាន និងបានសួរអំពីសាខាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅតាមបណ្តាខេត្ត និងបុគ្គលិកនៅតាមបណ្តាខេត្ត។
លោកចៅក្រម សេង លាង បានលើកឡើងអំពីចម្លើយសារភាពរបស់លោក ឈឹម ផលវរុណ ដែលជាអតីតបុគ្គលិករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ បច្ចុប្បន្នលោកជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងថាលោក កឹម សុខា និងលោក ប៉ា ងួនទៀង ដែលជាអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែរនោះ បានចាត់តាំង «រចនាសម្ព័ន្ធសម្ងាត់» ដែលជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សាខាតាមបណ្តាខេត្ត។
លោកចៅក្រម សេង លាង បាននិយាយដោយលើកពីចម្លើយរបស់លោក ឈឹម ផលវរុណ ថា៖ «លោក កឹម សុខា បានចាត់តាំងភ្នាក់ងារលាក់លៀម»។ ចៅក្រមសួរលោក កឹម សុខា ថា តើនរណាជាអ្នករៀបចំរចនាសម្ព័ន្ធនេះ ហើយរៀបចំឡើងក្នុងគោលបំណងអ្វី?
ភ្លាមៗ លោក កឹម សុខា ឆ្លើយថា៖ «ខ្ញុំមិនឆ្លើយនឹងសំណួរនេះទេ»។
កាលពីក្នុងសវនាការសប្តាហ៍មុនៗ លោក កឹម សុខា បានប្រាប់ទៅអង្គសវនាការថា លោកមិនឆ្លើយនូវសំណួរណាដែលពាក់ព័ន្ធនឹងចម្លើយរបស់លោក ឈឹម ផលវរុណ នោះទេ។ ដោយលោកបញ្ជាក់ថាលោក ឈឹម ផលវរុណ ជាមន្រ្តីរដ្ឋាភិបាល និងថាចម្លើយរបស់លោក ឈឹម ផលវរុណ គឺជា «ទំនាស់ផលប្រយោជន៍»។
លោកចៅក្រមម្នាក់ និងតំណាងអយ្យការម្នាក់ បានសួរលោក កឹម សុខា ពីបុគ្គលិកដែលធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាំងពីឆ្នាំ២០០២ ដល់២០០៧ ដោយមានលើកឈ្មោះបុគ្គលិកចំនួន១៥នាក់ ប៉ុន្តែភាគច្រើន លោក កឹម សុខា ឆ្លើយថាមិនចាំ។
ទោះយ៉ាងណាចៅក្រម និងអយ្យការមិនបានបញ្ជាក់ពីការជាប់ទាក់ទងនៃការសួរនេះនឹងការចោទប្រកាន់លើលោក កឹម សុខា ពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេសយ៉ាងណានោះទេ។
នៅចំណុចមួយតំណាងអយ្យការ ប្លង់ សុផល លើកឡើងថា ការចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ បានផ្តោតលើបុគ្គលជាជនជាតិខ្មែរ ដែលជាប់ពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស តែមិនផ្តោតលើបរទេសដែលពាក់ព័ន្ធនោះទេ។
លោកតំណាងអយ្យការ ប្លង់ សុផល បានបន្តសាកសួរអំពីខ្លឹមសារ និងចេតនានៅពីក្រោយវេទិកាសាធារណៈរបស់លោក កឹម សុខា តាមបណ្តាខេត្តនានា។ លោក កឹម សុខា បដិសេធមិនឆ្លើយសំណួរដោយថាជាសំណួរដដែលៗ ប៉ុន្តែលោកបញ្ជាក់ថា លោកគ្រាន់តែថ្លែងពីការតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតែប៉ុណ្ណោះ។
ជាថ្មីម្តងទៀត នៅពេលសួរអំពីថវិកាដែលសហរដ្ឋអាមេរិកជំនួយដល់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងការថ្លែងរបស់លោក កឹម សុខា ដែលនិយាយក្នុងវីដេអូនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ ២០១៣ ពីពាក្យថា «គេ» ដែលតំណាងអយ្យការ និងមេធាវីតំណាងរដ្ឋាភិបាលថាជាការសំដៅលើ «រដ្ឋាភិបាលអាមេរិក» លោក កឹម សុខា បានស្នើទៅតុលាការឲ្យហៅមន្រ្តីសហរដ្ឋអាមេរិកមកឆ្លើយសំណួរទាំងនេះ។
លោក កឹម សុខា និយាយក្នុងសវនាការនោះថា៖ «សូមចៅក្រមកោះហៅសហរដ្ឋអាមេរិក ហើយសួរពួកគេឱ្យឆ្លើយសំណួរទាំងនេះទៅ»។
ពាក្យថា «គេ» នៅក្នុងវីដេអូជាងមួយម៉ោងដែលលោក កឹម សុខា ថ្លែងក្នុងឆ្នាំ២០១៣ និងត្រូវប្រើជាភស្តុតាងក្នុងការចោទប្រកាន់ដោយតំណាងអយ្យការពីបទក្បត់ជាតិ ត្រូវបានតំណាងអយ្យការនៅថ្ងៃពុធនេះសង្កត់ធ្ងន់ថា លោក កឹម សុខា ព្យាយាមនិយាយពង្វាងអត្ថន័យនៃពាក្យ «គេ» នោះជាច្រើនដង។
លោក កឹម សុខា ប្រើពាក្យ «គេ» ក្នុងវីដេអូជាងមួយម៉ោងនោះជាច្រើនដង ពិសេសនៅពេលនិយាយអំពីការស្នើសុំឲ្យចាកចេញពីនយោបាយដើម្បីចាប់ផ្តើមអង្គការមិនមែនរដ្ឋាភិបាល ឬនៅពេលលោកនិយាយអំពីការផ្តល់យោបល់ឲ្យលោកទទួលយក «គំរូយូហ្គោស្លាវី» ដើម្បីផ្លាស់ប្តូរមេដឹកនាំនៅប្រទេសកម្ពុជា។
លោក កឹម សុខា បានលើកឡើងថា ពេលខ្លះលោកសំដៅលើរដ្ឋាភិបាលអាមេរិក និងពេលខ្លះលោកសំដៅលើជនជាតិខ្មែរអាមេរិកាំងដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ សម្រាប់ចំណុចថាមានអ្នកស្នើឲ្យលោកយកគំរូតាមយូហ្គោស្លាវី លោក កឹម សុខា ថ្លែងថា «គេ» នោះ គឺសំដៅលើជនជាតិខ្មែរអាមេរិកាំងប៉ុណ្ណោះ។
តំណាងអយ្យការ លោក ប្លង់ សុផល បានស្នើឱ្យចៅក្រមកោះហៅអ្នកជំនាញអក្សរសាស្រ្ត ភាសាខ្មែរមកបញ្ជាក់ ឬវិនិច្ឆ័យពាក្យថា «គេ» នេះ។ ប៉ុន្តែទាំងលោក កឹម សុខា និងមេធាវីការពារក្តីឲ្យលោកបានបដិសេធសំណើសុំមានអ្នកជំនាញនេះ និងថា លោក កឹម សុខា ជាមនុស្សតែម្នាក់គត់ដែលអាចកំណត់ថា ពាក្យថា «គេ» នេះ។
លោក កឹម សុខា និយាយថា៖ «ពាក្យនេះជាពាក្យរបស់ខ្ញុំ ជាចេតនារបស់ខ្ញុំ ជាឆន្ទៈរបស់ខ្ញុំ ដូច្នេះ សូមកុំបំភ្លៃ»។
បន្ទាប់ពីការថយទៅពិភាក្សាខ្លីមួយ លោកចៅក្រម កូយ សៅ ប្រធានអង្គជំនុំជម្រះបានសម្រេចថា តុលាការមិនត្រូវការអ្នកជំនាញដើម្បីបញ្ជាក់ពីអត្ថន័យនៃពាក្យនេះទេ។
ចៅក្រម កូយ សៅ ប្រកាសថា៖ «ក្រុមប្រឹក្សាមានលទ្ធភាព មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចលើពាក្យសម្តី ដើម្បីទទួលយកជាភស្តុតាង។ អ្វីដែលអយ្យការស្នើ ក្រុមប្រឹក្សាបដិសេធចោល មិនស្វែងរកអ្នកឯកទេសភាសាខ្មែរទេ»។
ក្នុងសវនាការថ្ងៃពុធដែលជាថ្ងៃទីប្រាំ នៃសប្តាហ៍ទីបីនោះ គេឃើញ លោក កឹម សុខា ដែលកំពុងឈរក្នុងរង្វង់ក្រចកសេះបានពាក់ម៉ាស ព្រមជាមួយមនុស្សមួយចំនួនទៀតក្នុងសវនាការក៏ពាក់ម៉ាសផងដែរ។
ក្រោយបញ្ចប់សវនាការនៅព្រឹកថ្ងៃពុធ តុលាការបានបន្តសវនាការលើ លោក កឹម សុខា នាពេលរសៀល ដោយសួរដេញដោលចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ២០១២ ក្នុងអំឡុងពេលដែលលោក កឹម សុខា បានចាកចេញពីមជ្ឈមណ្ឌលសិទ្ធិមនុស្សនិងបង្កើតគណបក្សសិទ្ធិមនុស្ស។
ក្នុងសវនាការនាពេលរសៀលរយៈពេលពីរម៉ោង តំណាងអយ្យការបានសួរលោក កឹម សុខា ពីមូលហេតុនៃការចាកចេញពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមូលហេតុដែលលោក កឹម សុខា បង្កើតគណបក្សសិទ្ធិមនុស្ស។ លោក កឹម សុខា ឆ្លើយថា ដោយសារលោកមានបំណងប្រកួតប្រជែងការបោះឆ្នោតតាមគោលការណ៍ «សេរី ពហុបក្ស»៕